អានតួអត្ថបទ
កូឡុំប៊ី

បេក្ខភាព​ប្រធានាធិបតី​ពីរ​រូប​ទទួល​សំឡេង​ប្រកិតៗ​គ្នា ក្នុង​​ការបោះឆ្នោត​ជុំ​ទីមួយ

ថ្ងៃ​នេះ​នៅ​ប្រទេស​កូឡុំប៊ី ប្រជាជន​ជិត ៣០​លាន​នាក់ ត្រូវ​​ធ្វើ​​​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​ជុំ​ទីមួយ។ ក្នុង​ចំណោម​បេក្ខជន​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​៩​រូប មាន​បេក្ខជន​ប្រធានាធិបតី​ពីរ​រូប​ ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ ហើយ​ដែល​នឹង​អាច​ទៅ​ប្រកួត​ប្រជែង​គ្នា​នៅ​ជុំ​ទី​ពីរ​នៅ​ថ្ងៃ​ទី​២០ មិថុនា​ខាង​មុខ​ទៀត។

លោក Manuel Santosអតីត​រដ្ឋមន្ត្រី​ការពារជាតិ (ឆ្វេង) និង​លោក  Antanas Mockusអតីត​អភិបាល​ក្រុង​ Bogota
លោក Manuel Santosអតីត​រដ្ឋមន្ត្រី​ការពារជាតិ (ឆ្វេង) និង​លោក Antanas Mockusអតីត​អភិបាល​ក្រុង​ Bogota Reuters
ផ្សាយពាណិជ្ជកម្ម

02:05

សេចក្តីរាយការណ៍​របស់ អៀង សុខម៉ិញ

តាមការ​ស្ទង់​មតិ បេក្ខជន​ប្រធានាធិបតី​ពីរ​រូប​ គឺ​លោក​ Manuel Santos នៃ​គណបក្ស​អភិរក្ស​និយម​កូឡុំប៊ី របស់​លោក​ប្រធានាធិបតី​ ផុត​អណត្តិ និងលោក​Antanas Mockus នៃ​គណបក្ស​បរិស្ថាន និង​ជា​អតីត​អភិបាល​ក្រុង​ បូហ្គោតា នឹង​​អាច​ទៅ​ប្រកួត​ប្រជែង​គ្នា​ម្តង​ទៀត​នៅ​ជុំ​ទីពីរ ពី​ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ទទួល​សំឡេង​គ្រប់​គ្រាន់​ដើម្បី​ឈ្នះ​នៅ​ជុំ​ទៅ​មួយ​តែ​ម្តង​បាន​ទេ។

នៅ​ក្នុង​វិស័យ​ការ​ពារ​ជាតិ បេក្ខជន​ទាំងពីរ នឹង​បន្ត​​គោល​នយោបាយ​ដាច់​ខាត ប្រឆាំង​នឹង​ពួក​ឧទ្ទាម​កូឡុំប៊ី FARC ​របស់​ប្រធានធិបតី​ផុត​អណត្តិ​ Uribe ទាំងអស់​គ្នា។ បេក្ខជន​  ​Antanas Mockus មាន​នយោបាយ​ច្បាស់​លាស់​ មិន​ព្រម​ធ្វើ​ការ​ចរចា​ជាមួយ​ពួក FARC ដាច់ខាត ឯចំណែក​លោក Santos វិញ លោក​​​ជា​​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ និង​ជា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​ផុត​អណត្តិ​ស្រាប់​ទៅ​ហើយ ដូច្នេះ​វាគ្មាន​អ្វី​ជា​ការ​ភ្ញាក់​ផ្អើល​ទេ​ ដែល​ត្រូវ​បន្ត​នយោបាយ​ដ៏​តឹងរ៉ឹង តែ​មាន​លទ្ធផល​នោះ។

ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​វិញ បេក្ខជន​ទាំង​ពីរ​សុទ្ធ​តែ​ជា​អ្នក​ដែល​មាន​និន្នាការ​សេដ្ឋកិច្ច​សេរី​និយម​បែប​ថ្មី។ នៅ​កូឡុំប៊ី គណបក្ស​បរិស្ថាន​ មិន​ត្រូវ​បាន​គេ​ចាត់ទុក​ជា​គណបក្ស​ឆ្វេង​និយម​ដូច​នៅ​ប្រទេស​ដទែទេ។ គោល​នយោបាយ​របស់​ជា​នយោបាយ​ស្តាំ​កណ្តាល​និយម​។

ដូច្នេះ​សួរ​ថា​តើ​​អ្វី​ជា​ភាព​ខុស​គ្នា​រវាង​បេក្ខជន​ទាំង​ពីរ ?! បើ​យោង​តាម​អ្នក​ឯកទេស​នយោបាយ​ ភាព​ខុស​គ្នា​ពិត​ជា​មាន​។ ​ទោះ​បី​ជា​នយោបាយ​របស់​លោក​ប្រធានធិបតី Uribe មាន​ជោគជ័យ រហូត​អាច​ឈ្នះ​ឆ្នោត​ជា​លើក​ទីបី​បាន​ ប្រសិន​បើ​លោក​ឈរ​ឈ្មោះ​ជា​ថ្មី តែ​គណបក្សរបស់​លោក​​ដែល​​ពេល​នេះ​​ មាន​លោក​ Santos ជា​បេក្ខជន​​ឈរ​ឈ្មោះ ក៏​មាន​រឿង​អាស្រូវ​ និង​​បាន​ប្រព្រឹត្ត​​​រំលោភ​សិទ្ធិមនុស្ស​ យ៉ាង​ច្រើន។

ទាំង​នេះ គឺ​ជា​​ច្រក​ទ្វារ​នយោបាយ​មួយ​សម្រាប់ លោក ម៉ុកគូស ក្នុង​ការ​វាយ​ប្រហារ​គូ​ប្រជែង តាម​រយៈ​សុន្ទរកថា​បដិវត្ត​ន៍ និង​ប្រកប​ដោយ​ការ​គោរព​សិទ្ធិ​មនុស្ស។ រាល់​គ្រប់​មិទ្ទិញ លោក​តែ​ង​ឲ្យ​តម្លែ​ទៅ​លើ​តម្លាភាព​នយោបាយ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដែល​ធ្វើ​ឲ្យ​បណ្តា​ជន​កូឡុំប៊ី​ភាគ​ច្រើន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ