អានតួអត្ថបទ
គុយបា​

អាជ្ញាធរសន្យាដោះលែង​អ្នកទោស​នយោបាយ​៥២នាក់​

រដ្ឋាភិបាល​គុយបា​របស់​លោក​Raul Castro សន្យា​នឹង​ដោះលែង​ពួក​អ្នក​រឹងរូស​នឹង​រដ្ឋអំណាច​ជាប់​ឃុំឃាំង​៥២នាក់​ដែល​ ក្នុង​ចំណោម​នេះ​៥នាក់​នឹង​ត្រូវ​​ចេញ​ពី​ពន្ធនាគារ​ក្នុង​អំឡុង​ពេល​ ប៉ុន្មាន​ម៉ោង​ខាងមុខ​នេះ​ អ្នក​ដទៃ​ទៀត​ក្នុង​អំឡុង​ពេល​៤ខែ​ទៀត។​ រាល់​ពួក​អ្នក​ដែល​ត្រូវ​ដោះ​លែង​នឹង​ចេញ​ដំណើរ​ទៅ​ជាមួយ​គ្រួសារ​ខ្លួន​ទៅ​ កាន់​ប្រទេស​អេស្ប៉ាញ។​គឺ​វិហារ​សាសនា​កាតូលិក​ដែល​បាន​ប្រកាស​ពត៌មាន​នេះ​ នៅ​ថ្ងៃ​ពុធ​៧កក្កដា​ម្សិលមិញ។​ មន្ត្រី​សង្ឃ​កាតូលិក​ក្នុង​ប៉ុន្មាន​​ខែ​ចុង​ក្រោយ​នេះ​បាន​ដើរ​តួ​នាទី​ជា ​អន្តរការី​ក្នុង​សំណុំរឿង​នេះ។ 

អ្នក​ទោសនយោបាយ​​ Orlando Zapata បាន​ស្លាប់​​ក្នុង​ពន្ធនាគារ​​នៅ​ខែកុម្ភៈ​មុន​
អ្នក​ទោសនយោបាយ​​ Orlando Zapata បាន​ស្លាប់​​ក្នុង​ពន្ធនាគារ​​នៅ​ខែកុម្ភៈ​មុន​ ©REUTERS/Enrique De La Osa
ផ្សាយពាណិជ្ជកម្ម

02:04

សេចក្តីរាយការណ៍​របស់​ វីនស្តុន រតនា

គឺ​ជា​ការចរចា​ពុំ​ធ្លាប់​ដែល​មាន​សោះ​រវាង​អាជ្ញាធរ​និង​វិហារ​សាសនា​កាតូលិក​គុយបា​ស្ដីពី​អ្នក​ប្រឆាំង​មួយ​​ក្រុមចាប់​ខ្លួន​បាន​នៅ​ឆ្នាំ២០០៣​ដោយ​ហេតុ​សកម្មភាព​នយោបាយ​របស់​គេ​កាលនៅ​និទាឃរដូវ​ខ្មៅ​នៅ​ទីក្រុង​ឡាហាវ៉ាន។

 
រដ្ឋាភិបាល​គុយបា​ចាត់ទុក​ពួក​អ្នក​រឹង​រូស​នឹង​រដ្ឋ​អំណាច​ទាំងនេះ​ថា​ជា​ឧក្រិដ្ឋជន​សាមញ្ញ​ធម្មតា​ជា​ពួក​អ្នក​ស៊ី​ឈ្នួល​បម្រើ​ពួក​អាមេរិកាំង។​ រឿង​នេះ​បាន​បំពុល​ជា​យូរ​មក​ហើយ​ទំនាក់​ទំនង​រវាង​គុយបា​និង​សហភាព​អឺរ៉ុប។​ រឿង​នេះ​ត្រូវ​បាន​ពិនិត្យ​ឡើងវិញ​កាលពី​ប៉ុន្មាន​ខែ​មុន​នៅ​ពេល​ដែល​ពួក​អ្នក​ប្រឆាំង​នឹង​រដ្ឋអំណាច​បាន​ចាប់​ផ្តើម​ធ្វើ​កូដកម្ម​អត់​អាហារ​ដើម្បី​ប្រកាស​អាសន្ន​ឲ្យ​មតិ​សាធារណជន​អន្តរជាតិ​ដឹង​ឮ​ជួយ​ឈឺ​ឆ្អាលផង។

អ្នក​ទោស​នយោបាយ​Orlando Zapataបាន​ស្លាប់​ក្នុង​ពន្ធនាគារ​នៅ​ខែកុម្ភៈ​មុន​ រីឯ​អ្នក​​កាសែត​ប្រឆាំង​Guillermo Farinas ដែល​ពុំ​ព្រម​ទទួល​ទាន​អាហារ​សោះ​ចាប់​ពី​៤ខែ​មក​ហើយ​សព្វថ្ងៃ​មាន​សភាព​ដុនដាប​ខ្លាំងណាស់។​ ឃើញ​ថា​គុយបា​ឋិត​ក្រោម​សម្ពាធ​ហើយ​ការ​​ប្រកាស​ពី​ការ​ដោះ​លែង​ធ្វើ​នៅ​ពេល​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អេស្ប៉ាញ​Miguel Angel Moratinosឋិត​នៅ​ទី​ក្រុង​ឡាហាវ៉ាន។

នេះ​ហើយ​ជា​សញ្ញា​ដែល​លោក​ប្រមុខ​ការទូត​អេស្ប៉ាញ​បាន​ទន្ទឹង​រង់ចាំ​ដើម្បី​បញ្ចុះ​បញ្ចូល​អឺរ៉ូប​ឲ្យ​សម្រួល​ជា​ប្រក្រតី​ឡើងវិញ​ទំនាក់​ទំនង​រវាង​អឺរ៉ូប​និង​កោះ​កុម្មុយនិស្ត​គុយបា។​ នៅ​ឯ​បរទេស​វិញ​ ពួក​អ្នក​ប្រឆាំង​និយាយ​អំពី​កាយវិការ​​មួយ​ជា​វិជ្ជមាន​ ប៉ុន្តែ​គេ​បរិហារ​​ការ​និរទេស​ទាំង​បង្ខំ​ទៅកាន់​ប្រទេស​អេស្ប៉ាញ។​ ការ​ដោះ​លែង​ពួក​អ្នក​រឹង​រូស​នឹង​រដ្ឋ​អំណាច​គុយបា​ដ៏​ច្រើន​សន្ធឹក​ចុងក្រោយ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ​១៩៩៨​នៅ​ជំនាន់នោះ​អ្នកទោស​នយោបាយ​១០១នាក់​ត្រូវបាន​ដោះលែង​បន្ទាប់​ពី​ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​Jean Paul ទី២។

បន្ទាប់​ពី​ការ​ដោះលែង​ទាំងនេះ​មក​ នៅ​មាន​អ្នក​ទោស​នយោបាយ​១០០នាក់​ទៀត​នៅ​ក្នុង​គុក​​គុយបា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ