អានតួអត្ថបទ
កូឡុំប៊ី

ប្រធានាធិបតី​ថ្មី​ចង់​បាន​ទំនាក់ទំនង​ប្រក្រតី​ឡើងវិញ​ជាមួយ​ប្រទេស​វ៉េណេហ្សុយអេឡា

នៅ​ប្រទេស​កូឡុំប៊ី ចប់​ហើយ​តំណែង​ប្រធានាធិបតី​របស់​លោក Alvaro Uribé។ ប្រធានាធិបតី​ថ្មី​ដែល​បាន​ចូល​ជំនួស​កន្លែង​លោក Uribé មាន​ឈ្មោះ​ថា Juan Manuel Santos។ លោក Santos ដែល​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃសៅរ៍ ទី៧ សីហា​ក្នុង​ទីក្រុង​បូហ្គោតា។ ការ​ចូល​កាន់​តំណែង​របស់​លោក Santos ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កូឡុំប៊ី​កំពុង​មាន​វិបត្តិ​ជា​មួយ​ប្រទេស​វ៉េណេហ្សុយអេឡា។ ខុស​ពី​លោក Alvaro Uribé លោក Santos បាន​អំពាវនាវ​ប្រទេស​វ៉េណេហ្សុយអេឡា​ឲ្យ​បើក​កិច្ច​សន្ទនា​ដោយ​ផ្ទាល់ និង​ត្រង់ទៅ ត្រង់​មក។

លោក Juan Manuel Santos ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​កូឡុំប៊ី
លោក Juan Manuel Santos ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​កូឡុំប៊ី ©REUTERS/Jose Miguel Gomez
ផ្សាយពាណិជ្ជកម្ម
07:27

បទ​អន្តរាគមន៍​របស់​គួច គន្ធារ៉ា

គួច គន្ធារ៉ា

នៅ​ក្នុង​ពីធី​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃសៅរ៍ ទី៧ កក្កដា​ម្សិលមិញ លោក Juan Manuel Santosបាន​អំពាវនាវ​ប្រទេស​វ៉េណេហ្សុយអេឡា​ឲ្យ​បើក​កិច្ច​សន្ទនា​ដោយ​ផ្ទាល់ និង​ត្រង់ទៅ ត្រង់​មក។ នេះ​ជា​ចំណុច​សំខាន់​ដែល​ទំាង​អស់​គ្នា​បាន​រង់ចំា​នៅ​ក្នុង​សុន្ទរកថា​របស់​លោក Juan Manuel Santos។ ការ​ចូល​កាន់​តំណែង​របស់​លោក Santos ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ទំនាក់ទំនង​រវាង​កូឡុំប៊ី និង​វ៉េណេហ្សុយអេឡា​កំពុង​តានតឹង។

ទំនាក់ទំនង​តានតឹង​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខែ​កក្កដា​កន្លង​ទៅ បន្ទាប់​ពី​លោក Alvaro Uribé បាន​ចោទ និង​ចង្អុល​ចំ​មុខ​លោក​ប្រធានាធីបតី​វ៉េណេហ្សុយអេឡា Hugo Chavez ថា បាន​អនុញ្ញាត​ឲ្យ​យុទ្ធជន​នៃ​ក្រុម​ឧទ្ទាម Farc យ៉ាង​តិច ១៥០០​នាក់​ជ្រកកោន​លើ​ទឹកដី​វ៉េណេហ្សុយអេឡា។ ទីក្រុង​បូហ្គោតា​ថែម​ទំាង​បាន​លើក​យក​ភស្តុតាង​មក​បង្ហាញ មាន​ទំាង​រូបថត ខ្សែ​អាត់​វីដេអូ និង​ទីកន្លែង​របស់​ក្រុម​ឧទ្ទាម Farc ដែល​ស្ថិត​ក្នុង​ទឹក​ដី​ប្រទេស​វ៉េណេហ្សុយអេឡា។ ប្រតិកម្ម​ភ្លាមៗ និង​ជា​បន្ទាន់​ពី​ទីក្រុង​ការ៉ាកាស​ពេល​នោះ លោក​ប្រមុខរដ្ឋ​វ៉េណេហ្សុយអេឡា Hugo Chavez បាន​ច្រានចោល​នូវ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​លោក​ប្រមុខរដ្ឋ​កូឡុំប៊ី Alvaro Uribé និង​ថែម​ទំាង​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​នៅ​ថ្ងៃទី ២២ កក្កដា។ មួយ​សប្តាហ៍​ក្រោយ​មក ពោល​នៅ​ថ្ងៃទី ៣០ កក្កដា លោក Hugo Chavez បាន​បញ្ជូន​ទ័ព​ជើងអាកាស និង​ជើងគោក​ចំនួន ២ម៉ឺន​នាក់​ទៅ​កាន់​ព្រំដែន។ ជា​ការ​សម្រេចចិត្ត​មួយ​ដោយ​លោក Chavez យល់​ឃើញ​ថា សង្រ្គាម​អាច​នឹង​ផ្ទុះ​ឡើង​ពិតប្រាកដ ជាង​ពេល​ណាៗ​ទំាង​អស់។

លោក Juan Manuel Santos ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​កូឡុំប៊ី
លោក Juan Manuel Santos ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​កូឡុំប៊ី ©Reuters/John Vizcaino

លោក Santos៖ « មិន​អាច​មាន​សង្រ្គាម​ជាមួយ​ប្រទេស​វ៉េណេហ្សុយអេឡាទេ »

លោក​ប្រធានាធិបតី​ថ្មី​កូឡុំប៊ី Juan Manuel Santos បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា សង្រ្គាម​ជា​មួយ​ប្រទេស​វ៉េណេហ្សុយអេឡា​នឹង​អាច​ផ្ទុះ​ឡើង​ដោយ​ចៀស​មិន​រួច។ ការ​អះអាង​របៀប​នេះ​ដោយ​លោក Santos បាន​លើក​យក​ហេតុផល​ថា តំាង​វិបត្តិ​បាន​ផ្ទុះ​ឡើង​រវាង​ទីក្រុង​បូហ្គោតា និង​ការ៉ាកាស​មក ប្រទេស​ប្រេស៊ីល និង​អាហ្សង់ទីន​បាន​ជួយ​អន្តរាគមន៍​យ៉ាង​ខ្នះខ្នែង​នៅ​ក្នុង​សំណុំរឿង​នេះ។

ថ្លែង​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ លោក Santos បាន​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​មួយ​ចំនួន​ដែល​បាន​ជួយ​ជ្រោមជ្រែង​នៅ​ក្នុង​វិបត្តិ​រវាង​កូឡុំប៊ី និង​វ៉េណេហ្សុយអេឡា។ លោក Santos បាន​បញ្ជាក់​អំពី​គោលជំហរ​របស់​លោក ក្នុង​ការ​ស្ថាបនា​ឡើង​វិញ​នូវ​ទំនាក់ទំនង​ការទូត​ជា​មួយ​ប្រទេស​ជិត​ខាង គឺ​វ៉េណេហ្សុយអេឡា និង​អេក្វាទ័រ។ ជា​មួយ​ប្រទេស​វ៉េណេហ្សុយអេឡា លោក Santos បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​ដោយ​ផ្ទាល់ និង​ត្រង់ទៅ ត្រង់មក​នា​​ពេល​ឆាប់ៗ​ខាង​មុខ ដែល​អាច​ធ្វើ​ទៅ​បាន។

ជា​ចម្លើយ​តប​វិញ លោក​ប្រធានាធិបតី​វ៉េណេហ្សុយអេឡា Hugo Chavez ដែល​មិន​បាន​ទៅ​ចូល​រួម​នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​របស់​លោក Santos នោះ មិន​បដិសេធ​នឹង​ការ​ហុច​ដៃ​របស់​លោក​ប្រធានាធិបតី​ថ្មី​កូឡុំប៊ី​ទេ និង​ថែម​ទំាង​ប្រកាស​ថា លោក​ត្រៀម​ខ្លួន​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូឡុំប៊ី​នៅ​ពេល​ខាង​មុខ។

លោក Alvaro Uribe ប្រធានាធិបតី​កូឡុំប៊ី​អស់​អាណត្តិ
លោក Alvaro Uribe ប្រធានាធិបតី​កូឡុំប៊ី​អស់​អាណត្តិ ©Jose Miguel Gomez/Reuters

កលល្បិច​របស់​លោក​ប្រធានាធិបតី​កូឡុំប៊ី​ផុត​អាណត្តិ Alvaro Uribé

ការ​ដែល​លោក Alvaro Uribé បាន​បង្ក​រឿង​ជា​មួយ​ប្រទេស​វ៉េណេហ្សុយអេឡា គឺ​បាន​ធ្វើ​ឡើង​តែ ២​សប្តាហ៍​ប៉ុណ្ណោះ មុន​នឹង​អាណត្តិ​របស់​លោក​ត្រូវ​ចប់។ មតិ​ខ្លះ​បាន​យល់​ឃើញ​ថា អ្វី​ដែល​លោក Uribé បាន​បង្ក​រឿង​ជា​មួយ​ប្រទេស​វ៉េណេហ្សុយអេឡា​នា​ពេល​នេះ គឺ​ជា​ចេតនា​ពិតប្រាកដ​របស់​លោក Uribé ដើម្បី​កម្រិត​លទ្ធភាព​អ្នក​បន្ត​តំណែង​ពី​លោក គឺ​លោក Santos។ លោក Santos ដែល​ចង់​បាន​ទំនាក់ទំនង​ប្រក្រតី​ឡើង​វិញ​រវាង​ទីក្រុង​បូហ្គោតា និង​ទីក្រុង​ការ៉ាកាស។ ចំណែក​ឯ​មតិ​មួយ​ចំនួន​ទៀត​យល់​ឃើញ​ថា មក​ពី​លោក Uribé ចង់​ទុក​ផ្លូវ​ឲ្យ​លោក​ប្រធានាធិបតី​ថ្មី​ជ្រើស​រើស​យុទ្ធសាស្រ្ត​ការទូត​ថ្មី​ស្រឡាង​មួយ​ដែល​មិន​ដើរ​តាម​គន្លង​ចាស់​របស់​គាត់។ យ៉ាង​ណា​ក៏​ដោយ គេ​ពិបាក​យល់​ឲ្យ​បាន​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​លោក Santos ព្រោះ​ថា មុន​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​កូឡុំប៊ី​ថ្ងៃ​នេះ លោក Juan Manuel Santos ក៏​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​របស់​លោក​ប្រធានាធិបតី​អស់​អាណត្តិ Uribé ដែរ។

លោក Juan Manuel Santos (រូបខាងឆ្វេង ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​កូឡុំប៊ី និង​លោក Alvaro Uribé ប្រធានាធិបតី​កូឡុំប៊ី ផុតអាណត្តិ
លោក Juan Manuel Santos (រូបខាងឆ្វេង ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​កូឡុំប៊ី និង​លោក Alvaro Uribé ប្រធានាធិបតី​កូឡុំប៊ី ផុតអាណត្តិ ©Reuters/Fredy Builes

ប្រយុទ្ធប្រឆំាង​នឹង​ពួក​ឧទ្ទាម Farc នៅ​ជា​អាទិភាព​ទីមួយ

ជា​មួយ​លោក Alvaro Uribé សន្តិសុខ គឺ​ជា​អាទិភាព​ទីមួយ​របស់​រដ្ឋាភិបាល។ សម្រាប់​លោក Santos វិញ ក្រៅ​ពី​បញ្ហា​សន្តិសុខ លោក​ចង់​ផ្តោត​លើ​នយោបាយ​សង្គម​ជា​ទូទៅ ពិសេស​វិស័យ​អប់រំ។ អ្វី​ដែល​លោក Santos បាន​ប្រកាស​ដើរ​តាម​គន្លង​ចាស់​របស់​លោក Uribé ដោយ​ចៀស​មិន​រួច​នោះ គឺ​ការ​ប្រយុទ្ធប្រឆំាង​នឹង​ក្រុម​ឧទ្ទាម Farc។ តែ​លោក Santos អាច​នឹង​ប្រើ​យុទ្ធសាស្រ្ត​ផ្សេង​ពី​លោក Uribé។ ត្រង់​ចំណុច​នេះ លោក Santos បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា បើ​ក្រុម​ឧទ្ទាម Farc មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បញ្ចប់​ជម្លោះ​មែន​នោះ ទ្វារ​នៃ​ការ​ចរចា​នៅ​តែ​បើក​ចំហ​ជានិច្ច។

កន្លង​ទៅ​ថ្មីៗ​នេះ ពួក​ឧទ្ទាម Farc បាន​ស្នើ​ឲ្យ​មាន​កិច្ច​សន្ទនា​ដោយ​ផ្ទាល់​ជា​មួយ​លោក​ប្រធានាធិបតី​ថ្មី។ គោលដៅ​របស់​ពួក Farc គឺ​បិទ​បញ្ចប់​ជម្លោះ​យោធា​ដែល​បាន​ញំាញី​ប្រទេស​កូឡុំប៊ី​អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ។ នៅ​ក្រោម​ការ​ដឹក​នំា​របស់​លោក Uribé រយៈពេល ៨​ឆ្នំា​កន្លង​មក លោក Uribé បាន​ធ្វើ​សង្រ្គាម​ស៊ីសាច់​ហុតឈាម​គ្នា​ជាមួយ​ពួក​ឧទ្ទាម Farc ដោយ​មិន​រារែក តែ​ទីបំផុត​ទៅ ក៏​មិន​បាន​ទទួល​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ដែរ។

ឥឡូវនេះ កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី ប្រធានាធិបតី​ថ្មី​មាន​នយោបាយ​ថ្មី។ តែ​គ្មាន​អ្វី​ធានា​ថា លោក Juan Manuel Santos នឹង​យល់​ព្រម​អង្គុយ​ចរចា​ជា​មួយ​ក្រុម​ឧទ្ទាម Farc ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន​នៅ​ពេល​នេះ​គឺ​ថា សម័យកាល​លោក Alvaro Uribé បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ។ ចប់​ដោយ​បន្សល់​ទុក​នូវ​បញ្ហា​ជា​ច្រើន​ដែល​លោក Santos ត្រូវ​បន្ត​រែក​ពុន ពិសេស ព្យាយាម​ផ្សះផ្សា​ឡើង​វិញ​ទំនាក់ទំនង​ប្រក្រតី​ជា​មួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់ ដូច​យ៉ាង​ប្រទេស​វ៉េណេហ្សុយអេឡា និង​អេក្វាទ័រ។

យ៉ាង​ណា​ក៏​ដោយ សង្រ្គាម​កាច់​កុង​គ្នា​នៅ​បន្ត​មិន​ទាន់​ចប់​ទេ រវាង​លោក Alvaro Uribé និង​លោក Hugo Chavez ព្រោះ​ថា​នៅ​ថ្ងៃ​ដែល​លោក Alvaro Uribé បាន​ប្រគល់​អំណាច​ឲ្យ​ទៅ​លោក Santos លោក Uribé បាន​ប្រកាស​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ប្រធានាធិបតី​វ៉េណេហ្សុយអេឡា Hugo Chavez ទៅ​តុលាការ​ព្រហ្មទ័ណ្ឌ​អន្តរជាតិ។ គឺ​ប្តឹង​ចោទ​លោក Hugo Chavez ពី​បទ​បាន​អនុញ្ញាត​ឲ្យ​ពួក​ឧទ្ទាម Farc ជ្រកកោន​ក្នុង​ទឹក​ដី​ប្រទេស​វ៉េណេហ្សុយអេឡា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ