អានតួអត្ថបទ
អង្គការសហប្រជាជាតិ

ONU៖ វិសមភាព​រវាង​បុរស និង​ស្រ្តី​នៅ​ក្នុង​ពិភពលោក​កំពុង​បន្ត​មាន

នៅ​ក្នុង​ឱកាស​ទិវាស្ថិតិ​ពិភពលោក​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី២០ តុលា​នេះ អង្គការ​សហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​មាន​ចំណងជើង​ថា « ស្រ្តី​នៅ​ក្នុង​ពិភពលោក​ឆ្នំា ២០១០ »។ របាយការណ៍​បាន​លើក​ឡើង​អំពី​វិសមភាព​រវាង​បុរស និង​ស្រ្តី​នៅ​ក្នុង​ពិភពលោក។ យោង​តាម​របាយការណ៍ អត្រា​ចូល​រួម​របស់​ស្រ្តី​នៅ​ក្នុង​សង្គម នៅ​តែ​មាន​ចំនួន​តិច​ដដែល​បើ​ប្រៀប​នឹង​បុរស ពិសេស តំណែង​ជា​អ្នក​ដឹក​នំា​ប្រទេស។

ONU៖ វិសមភាព​រវាង​បុរស និង​ស្រ្តី​នៅ​ក្នុង​ពិភពលោក​កំពុង​បន្ត​មាន
ONU៖ វិសមភាព​រវាង​បុរស និង​ស្រ្តី​នៅ​ក្នុង​ពិភពលោក​កំពុង​បន្ត​មាន ©RFI
ផ្សាយពាណិជ្ជកម្ម

 

02:58

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

គឺ​ជា​របាយការណ៍​មួយ​ដែល​បាន​លើក​ឡើង​អំពី​ស្ថានភាព​បុរស និង​ស្រ្តី​នៅ​ក្នុង​សង្គម​នា​ឆ្នំា ២០០៩​កន្លង​ទៅ។ របាយការណ៍​បាន​ផ្តោត​ជា​សំខាន់​លើ​វិស័យ​ធំៗ ចំនួន ៤​ដែល​បង្ហាញ​ពី​វិសមភាព​រវាង​បុរស និង​ស្រ្តី​នៅ​ក្នុង​ពិភពលោក។

វិសមភាព​ទីមួយ គឺ​ការ​ទទួល​មុខ​តំណែង​ជា​អ្នក​ដឹក​នំា​ប្រទេស។ របាយការណ៍​បាន​បង្ហាញ​ថា​ក្នុង​ឆ្នំា ២០០៩​កន្លង​ទៅ មាន​ស្រ្តី​តែ ៩នាក់​ប៉ុណ្ណោះ​ដែល​មាន​តំណែង​ជា​ប្រមុខរដ្ឋ ទល់​នឹង ១៤៣នាក់ ជា​បុរស។ ចំណែក​តំណែង​ប្រមុខ​រដ្ឋាភិបាល​ទំាង ១៩២​នៅ​ទូទំាង​ពិភពលោក​វិញ មាន​ស្រ្តី​តែ ១១នាក់​ប៉ុណ្ណោះ។ នៅ​ក្នុង​រដ្ឋសភា​វិញ របាយការណ៍​បាន​បង្ហាញ​ថា មាន​តែ ២៣​ប្រទេស​ប៉ុណ្ណោះ​ដែល​​ចំនួន​តំណាងរាស្រ្ត​ស្រ្តី​មាន​រហូត​ដល់​ទៅ ៣០%។

វិសមភាព​ទីពីរ គឺ​អត្រា​ចូលរៀន​របស់​សិស្ស​នារី ប្រៀប​នឹង​សិស្ស​បុរស។ របាយការណ៍​បាន​បង្ហាញ​ថា ក្នុង​ចន្លោះ​ឆ្នំា ១៩៩៩-២០០៧ អត្រា​ចូល​រៀន​សាលាបឋមសិក្សា​របស់​សិស្ស​នារី​បាន​កើន​ពី ៧៩% ទៅ ៨៦%។ យោង​តាម​របាយការណ៍ ទ្វីប​អាហ្រ្វិក​កណ្តាល និង​អាហ្វ្រិក​ខាង​លិច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តំបន់​ដែល​មាន​អត្រា​ក្មេង​ស្រី​គ្រប់​អាយុ​ចូល​រៀន​សាលាបឋមសិក្ស​ជិត ៦០% មិន​បាន​ចូល​សាលា​ទេ។ ចំណែក​នៅ​ទ្វីប​អាស៊ី​ខាង​ត្បូង សមាមាត្រ​នៃ​ចំនួន​ពលរដ្ឋ​ដែល​មិន​បាន​ទៅ​សាលា គឺ​មាន​ស្រ្តី ៤៩% ទល់​នឹង ៣៦% ជា​បុរស។ ដោយ​ឡែក នៅ​អាស៊ី​កណ្តាល និង​អូសេអានី​វិញ សមាមាត្រ​នៃ​ពលរដ្ឋ​ដែល​មិន​បាន​ទៅ​សាលា​មាន​មិន​ដល់ ២% ផង។

វិសមភាព​ទីបី គឺ​ការ​ទទួល​បាន​ប្រាក់​បៀវត្ស។ របាយការណ៍​បាន​បង្ហាញ​ថា ទោះ​បី​ជា​ស្រ្តី និង​បុរស​មាន​កំរិត​វិជ្ជា​ដូច​គ្នា និង​ប្រកប​ការងារ​ស្រដៀង​គ្នា​ក៏​ដោយ ក៏​ស្រ្តី​នៅ​តែ​ទទួល​បាន​ប្រាក់​ខែ​តិច​ជាង​បុរស​ពី ១០% ទៅ ២០%។ គម្លាត​ប្រាក់​ខែ​ខ្លំាង​ជាង​គេ​រវាង​ស្រ្តី និង​បុរស គឺ​មាន​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​អាស៊ី។ ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​អាស៊ី​​ចំនួន ៤​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ស្រី្ត​ទទួល​បាន​ប្រាក់ខែ​ជា​មធ្យម​តិច​ជាង​បុរស​រហូត​ដល់​ទៅ​ជាង ៣០% នៅ​ក្នុង​ការងារ​ដូច​គ្នា។

ចុង​ក្រោយ​គឺ​អំពើហិង្សា​ដែល​ស្រ្តី​បាន​ទទួល​នៅ​ក្នុង​សង្គម និង​នៅ​ក្នុង​គ្រួសារ។ អំពើហិង្សា​លើ​រាងកាយ និង​ផ្លូវចិត្ត។ យោង​តាម​របាយការណ៍ អត្រា​ស្រ្តី​ដែល​បាន​ទទួល​រង​អំពើហិង្សា​យ៉ាង​តិច​ម្តង ក្នុង​មួយ​ជីវិត​របស់​គេ​ម្នាក់ៗ គឺ​មាន​ពី ១២% ទៅ​ជាង ៥៩% ដោយ​យោង​ទៅ​តាម​ប្រទេស ឬ​កន្លែង​ដែល​ស្រ្តី​រូប​នោះ​រស់​នៅ។ មាន ១២% នៅ​ហុងកុង និង​ចិន ១៥% នៅ​ក្នុង​ប្រទេស​ហ្វីលីព្វីន ២១% នៅ​ឥណ្ឌា និង​មាន ២៣% នៅ​ក្នុង​ប្រទេស​កម្ពុជា។

សរុប​មក​វិញ​នៅ​ក្នុង​ពិភពលោក​ទំាង​មូល មាន​ចំនួន​បុរស​​ច្រើន​ជាង​ស្ត្រី ៧៥លាន​នាក់។ តែ​មាន​តំបន់​ខ្លះ ចំនួន​ស្រ្តី​តិច​ជាង​បុរស តំបន់​ខ្លះ​ទៀត ចំនួន​បុរស​ច្រើន​ជាង​ស្ត្រី។ បើ​និយាយ​ពី​ប្រទេស​ឥណ្ឌា និង​ចិន​ដែល​មាន​ចំនួន​ពលរដ្ឋ​ច្រើន​ជាង​គេ​ក្នុង​លោក​វិញ គន្លាត​រវាង​ចំនួន​បុរស និង​ស្រ្តី​មិន​សូវ​ជា​ខ្លំាង​ទេ ពោល​មាន​ចំនួន​ស្រ្តី​​ច្រើន​ជាង​បុរស​ប្រមាណ​តែ ៧% ប៉ុណ្ណោះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ