អានតួអត្ថបទ
កាណាដា

សភា​បាន​បោះឆ្នោត​ដក​ទំនុកទុកចិត្ត​ពី​រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្រ្តី Stephen Harper

នៅ​ប្រទេស​កាណាដា រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី Stephen Harper ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​កាល​ពី​ថ្ងៃសុក្រ ទី២៥ មីនា ២០១១។ ក្រុម​គណបក្ស​ប្រឆំាង​បាន​ពួត​ដៃ​គ្នា​បោះឆ្នោត​គំាទ្រ​ញត្តិ​របស់​គណបក្ស​ សេរីនិយម ដោយ​សំឡេង​គំាទ្រ ១៥៦ ទល់​នឹង​សំឡេង​ប្រឆំាង ១៤៥។ ការ​បោះឆ្នោត​ដក​ទំនុកទុកចិត្ត​ពី​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី Stephen Harper ដែល​នំា​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់​នៅ​ដើម​ខែ​ឧសភា​ខាង​ មុខ។

លោក​ Stephen Harper (រូបឈរ) នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កាណាដា
លោក​ Stephen Harper (រូបឈរ) នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​កាណាដា REUTERS/Chris Wattie
ផ្សាយពាណិជ្ជកម្ម

01:45

សេចក្តីរាយការណ៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ជា​មួយ​នឹង​សំឡេង​ឆ្នោត​គំាទ្រ​របស់​គណបក្ស​ប្រឆំាង​ទំាង ៣​នៅ​ក្នុង​រដ្ឋសភា រដ្ឋាភិបាល​អភិរក្សនិយម​របស់​លោក​នាយករដ្ឋមន្រ្តី Stephen Harper ទើប​ត្រូវ​បាន​សភា​បោះឆ្នោត​ដក​ទំនុកទុកចិត្ត និង​នំា​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ។ គឺ​ជា​ការ​បោះឆ្នោត​លើកទី ៤​ហើយ បើ​គេ​គិត​ក្នុង​រយៈពេល ៧ឆ្នំា​ចុងក្រោយ​នេះ។

លោក Michael Ignatieff ប្រធាន​គណបក្ស​ប្រឆំាង​សេរីនិយម​បាន​ចាត់​ទុក​ថ្ងៃ​បោះឆ្នោត​ទម្លាក់​រដ្ឋាភិបាល​របស់​លោក Stephen Harper ថា​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កាណាដា។ ថ្ងៃ​ប្រវត្តិសាស្រ្ត​ពីព្រោះ​ថា សភា​បាន​ផ្តន្ទាទោស​លោក​នាយករដ្ឋមន្រ្តី​ពី​បទ​បាន​រំលោភបំពាន​លទ្ធិប្រជាធិបតេយ្យ​កាណាដា។

តាម​ពិត​ទៅ ក្រុម​គណបក្សប្រឆំាង​បាន​ចោទ​លោក Stephen Harper ថា​បាន​បដិសេធ​ការ​ចំណាយ​លើ​គម្រោង​កំណែទម្រង់​ច្បាប់​មួយ​ចំនួន ពិសេស ទាក់ទង​នឹង​វិស័យ​តុលាការ និង​ការ​ទិញ​យន្តហោះចម្បំាង។ នៅ​ថ្ងៃ​សៅរិ៍ ទី២៦ មីនា​នេះ លោក​នាយករដ្ឋមន្រ្តី Stephen Harper ត្រូវ​លាលែង​ចេញ​ពី​មុខតំណែង និង​ប្រកាស​រំលាយ​រដ្ឋសភា​ជា​ផ្លូវការ។

លោក Stephen Harper បាន​ចោទ​ក្រុម​គណបក្សប្រឆំាង ថា​មាន​បំណង​ចង់​កោះ​ឲ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់។ លោក Stephen Harper បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លំាង និង​ថា​មាន​ប្រជាជន​កាណាដា​ភាគច្រើន​ក៏​បាន​ខកចិត្ត​ដែរ ពិសេស ពួក​គេ​ពិត​ជា​មិន​ចង់​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់​ទេ។

យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​រដ្ឋាភិបាល​អភិរក្សនិយម​របស់​លោក Stephen Harper បាន​ធ្លាក់​ក៏​ដោយ ក៏​គណបក្ស​អភិរក្សនិយម​អាច​នឹង​ទទួល​បាន​ការ​គំាទ្រ​ជា​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ។ យោង​តាម​ការ​ស្ទង់មតិ ការ​ប្រេះឆា​នៅ​ក្នុង​ក្រុម​បក្ស​ប្រឆំាង​នឹង​អនុញ្ញាត​ឲ្យ​ក្រុមអ្នកអភិរក្ស​និយម​ទទួល​បាន​សំឡេង​​ភាគច្រើន​នៅ​រដ្ឋសភា។ ដូច្នេះ នេះ​អាច​ជា​ព្រឹត្តិការណ៍​មួយ​ដែល​កាណាដា​មិន​ធ្លាប់​ជួប​ប្រទះ​ទេ តំាង​ពី​ការ​បោះឆ្នោត​ក្នុង​ឆ្នំា ២០០៦ មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ