អានតួអត្ថបទ
ស.រ.អា-នយោបាយ

សមាជ​នៃបក្ស​សាធារណរដ្ឋ​ត្រូវ​ផ្អាក​ក្រោយពី​បើក​ប្រជុំ​តែមួយ​​រយៈ​​​​ដ៏ខ្លី​​

គណបក្ស​សាធារណរដ្ឋ​ត្រូវ​បើក​សមាជ​ប្រជុំ​ជា​ផ្លូវការ​របស់​ខ្លួន​នៅថ្ងៃ​ទី២៧​សីហា​ឆ្នាំ២០១២​ដើម្បី​តែងតាំង​លោក​Mitt Romney ជា​បេក្ខជន​ប្រធានាធិបតី​ ​ ប៉ុន្តែ​សមាជ​នេះ​បាន​ត្រូវ​ផ្អាក​២៤ម៉ោង​ ​ ដោយ​ហេតុតែ​ខ្យល់ព្យុះ​Isaac ​គំរាម​បោកបក់​មកលើ​ឆ្នេរសមុទ្រ​អាមេរិកាំង។

កន្លែង​សមាជប្រជុំ​នៅ​ទីក្រុង​ Tampa ដែល​បក្ស​​សាធារណរដ្ឋ​​ត្រូវ​​ប្រកាស​តែងតាំង​​​ផ្លូវការ​​លោក ​​Mitt Romney​ ជា​បេក្ខជន​ប្រធានាធិបតី​​
កន្លែង​សមាជប្រជុំ​នៅ​ទីក្រុង​ Tampa ដែល​បក្ស​​សាធារណរដ្ឋ​​ត្រូវ​​ប្រកាស​តែងតាំង​​​ផ្លូវការ​​លោក ​​Mitt Romney​ ជា​បេក្ខជន​ប្រធានាធិបតី​​ RFI/Achim Lippold
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ​ នៅ​ចំពោះមុខ​សាលប្រជុំ​ដែលមាន​ពុំទាន់​មាន​មនុស្ស​មក​ច្រើន​កុះករ​នៅឡើយ​ ​ ប្រធាន​នៃ​បក្ស​សាធារណរដ្ឋ​លោក​ Reince Priebus ​បាន​ប្រកាស​បើក​សមាជ​ប្រជុំ​ជាផ្លូវការ​ ​ ប៉ុន្តែ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ស្រាប់តែ​លោក​ប្រធាន​នៃ​បក្ស​សាធារណរដ្ឋ​បាន​ប្រកាស​ផ្អាក​កិច្ចប្រជុំ​សម្រាប់​រយៈពេល​២៤ម៉ោង​ ​ ដោយ​ហេតុតែ​ខ្យល់ព្យុះ​Isaac ​គំរាម​បោកបក់​មកលើ​ឆ្នេរសមុទ្រ​អាមេរិកាំង។​ ថ្វីដ្បិតតែ​ខ្យល់ព្យុះ​Isaac ​មិន​គំរាម​បោកបក់​មកលើ​រដ្ឋ​ Floride ​ ​ ​ ក៏ប៉ុន្តែ​វា​អាច​ធ្វើ​ដំណើរ​ឡើងមក​ខាងជើង​នៃ​ឈូងសមុទ្រ​ម៉ិចស៊ិក​ ​ ហើយ​វាអាច​ប្រែក្លាយ​ទៅជា​ខ្យល់ព្យុះ​សង្ឃរា​ ​ មុន​នឹង​ធ្វើការ​គំរាម​បោកបក់​មកលើ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ​ Louisane ​និងរដ្ឋ​ Mississippi។

 
កិច្ចប្រជុំ​មាន​រយៈពេល​ខ្លី​មែនពិត​ ​ ប៉ុន្តែ​វាបាន​បង្ហើប​បង្ហាញ​ឲ្យឃើញ​ពី​សារៈ​សំខាន់​នៃ​កិច្ចប្រជុំ​ពិភាក្សា​នៅ​បីថ្ងៃ​ខាងមុខ​នៅ​ទីក្រុង​ Tampa។​ ​ ប្រធាន​នៃ​បក្ស​សាធារណរដ្ឋ​បាន​ចាប់​បើក​ឲ្យ​មាន​​សកម្មភាព​នូវ​កុងទ័រ​ពីរ​ជា​និមិត្តរូប​ ​ ដែលគេ​បាន​យកមក​ដាក់​នៅក្នុង​សាលប្រជុំ។​ កុងទ័រ​ទីមួយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​បរិមាណ​នៃ​ប្រាក់បំណុល​សាធារណៈ​របស់​ស.រ.អា.​ដែលមាន​១៥ ៩០០​ពាន់លាន​ដុល្លារ។​ កុងទ័រ​ទីពីរ​បង្ហាញ​ឲ្យឃើញ​ពី​បរិមាណ​សរុប​នៃ​ ប្រាក់បំណុល​សាធារណៈ​របស់​ស.រ.អា.​ក្រោយ​រយៈកាល​នៃ​សមាជ​ប្រជុំ។​ ដូច្នេះ​ គោលបំណង​របស់​បក្ស​សាធារណរដ្ឋ​គឺ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​នៃ​ “នយោបាយ​សេដ្ឋកិច្ច​”​របស់​លោក​បារ៉ាក់​អូបាម៉ា។

គណបក្ស​សាធារណរដ្ឋ​នៅមាន​បេសកកម្ម​មួយទៀត​ក្នុង​រយៈពេល​សមាជ​ប្រជុំ​បីថ្ងៃ​របស់​ខ្លួន​គឺ​ ​ ត្រូវ​ធ្វើការ​កែប្រែ​រូបភាព​បេក្ខជន​ប្រធានាធិបតី​របស់ខ្លួន។​ ដោយ​ហេតុថា​​ ​ សម្រាប់​ប្រជាជន​អាមេរិកាំង​ជាច្រើន​ ​ បេក្ខជន​ប្រធានាធិបតី​ Mitt Romney ​ហាក់មាន​សមត្ថភាព​ច្រើនជាង​លោក​អូបាម៉ា​ក្នុងវិស័យ​សេដ្ឋកិច្ច​ ​ ដើម្បី​ជួយ​លើកស្ដារ​ប្រទេស​ ​ ក៏​ប៉ុន្តែ​ប្រជាជន​អាមេរិកាំង​ជាច្រើន​យល់ថា​ ​​ បេក្ខជន​ប្រធានាធិបតី​ Mitt Romney ​ហាក់បី​ដូចជា​ឃ្លាតចាក​ឆ្ងាយ​ពី​ក្តី​កង្វល់​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ