អានតួអត្ថបទ
សហរដ្ឋអាមេរិក

ធនាគារ​កណ្តាល​អាមេរិក​នឹង​បញ្ចេញ​សាច់ប្រាក់​៦០០ពាន់លាន​ដុល្លារ​​ដើម្បី​ស្តារសេដ្ឋកិច្ច

កាល​ពីថ្ងៃ​ពុធ ទី៣ វិច្ឆិកា ២០១០​នេះ ធនាគារកណ្តាល​អាមេរិក​បាន​សម្រេច​បញ្ចូល​សាច់ប្រាក់​ទៅ​ក្នុង​ទីផ្សារ ចំនួន ៧៥​ពាន់​លាន​ដុល្លារ ក្នុងមួយខែ ចាប់ពីពេលនេះ រហូតដល់​ខែ​មិថុនា ២០១១ (គិត​ជាសរុប ៦០០​ពាន់​លាន​ដុល្លារ)។ គោលដៅ គឺ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ដែល​កំពុង​តែ​ងើបចេញ​ពី​វិបត្តិ​ទាំងត្រដាបត្រដួស។

លោក​ប៊ែន បឺនែនគី (Ben Bernanke) អគ្គទេសាភិបាល​ធនាគារ​ជាតិ​អាមេរិក
លោក​ប៊ែន បឺនែនគី (Ben Bernanke) អគ្គទេសាភិបាល​ធនាគារ​ជាតិ​អាមេរិក ©REUTERS/Molly Riley
ផ្សាយពាណិជ្ជកម្ម

05:53

បទវិភាគ​របស់ សេង ឌីណា

ការសម្រេច​បញ្ចូល​សាច់ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទៅក្នុង​ទីផ្សារ​បែបនេះ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ធនាគារ​កណ្តាល​អាមេរិក​មើលឃើញ​ថា អត្រាកំណើន​សេដ្ឋកិច្ច​អាមេរិក​នៅតែ​មាន​កម្រិត​ទាប (២% ក្នុង​មួយ​ឆ្នាំ) ចំណែក​ឯអត្រាអ្នក​ឥតការងារ​ធ្វើ​វិញ មាន​​រហូតដល់​ទៅ ១០%​ឯណោះ។

ចាប់តាំងពី​កើតមាន​វិបត្តិមក រដ្ឋាភិបាល​អាមេរិក​បាន​ប្រើប្រាស់​ស្ទើរតែគ្រប់មធ្យោបាយ ដែល​ខ្លួន​មាន ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច។ ការចំណាយ​សាធារណៈ​ត្រូវបាន​បង្កើន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ធ្វើ​ឲ្យ​ឧនភាព​ថវិកា​ជាតិ​មាន​ទំហំ​កាន់តែ​ធំធេង។ ធនាគារ​​កណ្តាល​ក៏​បាន​បញ្ចុះអត្រាការប្រាក់ ស្ទើរតែ​ដល់​សូន្យ​ទៅហើយ។

នៅពេលនេះ គណបក្ស​សាធារណរដ្ឋ​​បាន​ឈ្នះឆ្នោត ដណ្តើម​​សំឡេង​ភាគច្រើន​ នៅ​ក្នុង​រដ្ឋសភា។ ដូច្នេះ លោក​អូបាម៉ា​ទំនង​ជា​លែងមាន​សង្ឃឹម​ថា​នឹង​អាច​បង្កើន​ចំណាយ​សាធារណៈ​បាន​ ដូច​ពីមុន​ទៀត​ហើយ។ អ្នកវិភាគ​ជាច្រើន​យល់ថា វិធានការ​ ដែល​ធនាគារ​កណ្តាល​​សម្រេច​កាល​ពី​ថ្ងៃ​ពុធនេះ ទំនង​ជា​ឱកាស​ចុងក្រោយ ក្នុង​ការ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក​ឲ្យ​ចេញ​ពី​វិបត្តិ។

អ្វី​ដែល​ធនាគារ​កណ្តាល​អាមេរិក​នឹង​ធ្វើ ក្នុងរយៈពេល ៨ខែ​ទៅមុខទៀត​នេះ (ពី​ពេលនេះ រហូតដល់​ខែ​មិថុនា ២០១១) គឺ​ការ​បោះពុម្ពលុយ​ដុល្លារ​​បន្ថែម ចំនួន ៧៥ពាន់​លាន​ដុល្លារ ក្នុងមួយខែ។ លុយ​នេះ​នឹង​ត្រូវ​យក​ទៅ​ចាក់​បញ្ចូល​ក្នុង​ទីផ្សារ​ តាមរយៈការ​ទិញ​សញ្ញាប័ណ្ណ​របស់​រដ្ឋ ឬ​សញ្ញាប័ណ្ណ​​​ក្រុមហ៊ុន​ឯកជន​ផ្សេងទៀត (និយាយ​ដោយ​ងាយស្តាប់ គឺ​​យក​លុយ​ទៅ​ឲ្យ​គេ​ខ្ចី)។ ការធ្វើបែបនេះ​អាច​នឹង​ជួយ​ឲ្យ​អត្រាការប្រាក់ នៅលើ​ទីផ្សារ​មាន​ការ​ថយចុះ ហើយ​អត្រា​អតិផរណា​​មាន​ការ​កើន​ឡើង។

ការកាត់បន្ថយ​អត្រាការប្រាក់ គឺ​ជា​វិធានការ​ដ៏ចម្បង​មួយ ក្នុង​ការ​ជំរុញ​ឲ្យ​​ប្រជាជន និង​សហគ្រាស​នានា​បង្កើន​ការចំណាយ និង​ការ​បោះទុនវិនិយោគ​ ដើម្បី​បង្កើន​សកម្មភាព​សេដ្ឋកិច្ច និង​បង្កើត​ការងារ​​ដល់​ពលរដ្ឋ​អាមេរិក រាប់លាន​នាក់ ដែល​កំពុង​ស្វះស្វែង​រក​ការងារ​ធ្វើ។

ការបង្កើន​អត្រា​អតិផរណា​ក៏​ជា​ផ្នែក​មួយ​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ដែរ។ ក៏ប៉ុន្តែ អ្នក​ខ្លះ​បារម្ភ​ថា វិធានការ​របស់​ធនាគារ​កណ្តាល​នៅពេលនេះ អាច​នឹង​ធ្វើ​ឲ្យ​អត្រាអតិផរណា​កើន​​ឡើងខ្ពស់​ហួសហេតុ ហើយ​​​ក្នុង​រយៈពេល​វែង ដែល​អាច​បង្ក​ការលំបាក​ដល់​ជីវភាព​ប្រជាជន​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ