អានតួអត្ថបទ
អាមេរិក

ប្រាក់បំណុល៖ ការ​ចរចា​រវាង​អូបាម៉ា និង​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ចាប់​បើក​ឡើងវិញ

ក្រោយ​ពី​បាន​ដើរចេញ​ពី​តុចរចា កាល​ពី​សប្តាហ៍​មុន មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​​ក្នុង​ព្រឹទ្ធសភា​អាមេរិក បាន​សុខចិត្ត​វិលត្រឡប់​មក​ចរចា​ជាមួយ​លោក​អូបាម៉ា​វិញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជុំវិញ​បញ្ហា​ប្រាក់​បំណុល។ នៅពេល​ដែល​ថ្ងៃ​កំណត់​កាន់តែ​ខិតជិត​ចូល​មកដល់ លោក​អូបាម៉ា​ និង​គណបក្ស​សាធារណរដ្ឋ​​ហាក់ដូចជា​បង្ហាញ​អំពី​ជំហរ​ចង់​សម្រុះសម្រួល​គ្នា ដើម្បី​បញ្ចៀស​ប្រទេស​ពី​ការ​ក្ស័យធន។

មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋសភា (ឆ្វេង) និង​មក​ពី​ព្រឹទ្ធសភា
មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋសភា (ឆ្វេង) និង​មក​ពី​ព្រឹទ្ធសភា REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅ​សល់តែ​ពីរថ្ងៃ​ទៀត​ប៉ុណ្ណោះ​ត្រូវ​ដល់​ថ្ងៃ​កំណត់ ដែល​អាមេរិក​ត្រូវ​ខ្ចី​បំណុល​គេ​បន្ថែម ដើម្បី​បង្រ្គប់​មុខចំណាយ​ និង​បញ្ចៀស​ការ​ក្ស័យធន។ ដោយសារតែ​បរិមាណ​បំណុល​អាមេរិក​បាន​ឈាន​ដល់​កម្រិត​អតិបរមា​ហើយ​នោះ ការខ្ចី​បំណុល​បន្ថែម​ចាំបាច់​ត្រូវ​តែ​ទទួល​ការ​អនុញ្ញាត​ពី​សភា។

កាលពី​ថ្ងៃសុក្រ ច្បាប់​ស្នើឡើង​ដោយ​គណបក្ស​សាធារណរដ្ឋ ត្រូវបាន​រដ្ឋសភា​អនុម័ត ក៏ប៉ុន្តែ ​ត្រូវ​ជាប់គាំង​នៅ​ព្រឹទ្ធសភា​ ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ។ លោក​អូបាម៉ា និង​គណបក្ស​ប្រជាធិបតេយ្យ​​ប្រឆាំង​នឹង​ច្បាប់នេះ ពីព្រោះ​ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​លោក​អូបាម៉ា​ខ្ចី​បំណុល​បន្ថែម សម្រាប់​ទប់ទល់​ការចំណាយ​បាន​ត្រឹម​​ឆ្នាំ​២០១២​​ប៉ុណ្ណោះ។ នេះ​មានន័យថា គេ​នឹង​​ត្រូវ​ត្រឡប់​មក​​ចរចា​ជុំវិញ​បញ្ហា​ប្រាក់​បំណុល​នេះ​ម្តងទៀត នៅ​​ឆ្នាំ​២០១២​ខាងមុខ ដែល​ជា​ឆ្នាំ​ត្រូវ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី និង​បោះឆ្នោត​សភា។

នៅថ្ងៃ​សៅរ៍ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជូន​ផែនការ​ផ្ទាល់​របស់​ពួកគេ​ ដើម្បី​ដាក់​ជូន​ព្រឹទ្ធសភា​បោះឆ្នោត​អនុម័ត ក៏ប៉ុន្តែ ព្រឹទ្ធសភា​មិនទាន់​ទាំង​បាន​អនុម័ត​ផង ផែនការ​នេះ​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​បដិសេធ​រួចជា​ស្រេច​ទៅហើយ។ ទីបំផុត គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​សម្រេច​​​ផ្អាក​​ការបោះឆ្នោត​លើ​ផែនការ​នេះ​សិន​ ​ ក្រោយ​ពី​​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​បាន​សុខចិត្ត​​ត្រឡប់​ទៅ​ចរចា​ជាមួយ​លោក​អូបាម៉ា​វិញ ដើម្បី​ព្យាយាម​​រក​ការសម្រុះសម្រួល​គ្នា។

យោងតាម​ផែនការ ដែល​លោក​អូបាម៉ា និង​គណបក្ស​សាធារណរដ្ឋ​កំពុង​ចរចា​គ្នា​នេះ រដ្ឋាភិបាល​អាមេរិក​​នឹង​អាច​​ខ្ចី​បំណុល​ សម្រាប់​បង្រ្គប់​ការចំណាយ​រហូតដល់​ឆ្នាំ​២០១៣ ពោល​គឺ ​រហូតដល់​ក្រោយ​ការ​បោះឆ្នោត​​ ឆ្នាំ២០១២។

កាលពីល្ងាច​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ក្រោយ​ពី​បាន​​ជជែក​​ជាមួយ​​លោក​អនុ​ប្រធានាធិបតី​​ចូស៊ែហ្វ បាយដិន (Joseph Biden) លោក​មីតឆ៍ ម៉ាក់​កូនែល (Mitch McConnell) ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​​បង្ហាញ​នូវ​សុទិដ្ឋិនិយម​​ថា គេ​នឹង​អាច​រក​ការសម្រុះសម្រួល​គ្នា​​មួយ​បាន​ទាន់ពេលវេលា ដើម្បី​បញ្ចៀស​អាមេរិក​ពី​ការ​ក្ស័យធន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ