អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

ប្រធានាធិបតី​ខឹង​នឹង​​អាមេរិក​ដែល​បិទដែនអាកាស​មិន​ឲ្យ​យន្តហោះ​របស់ខ្លួនហោះកាត់​

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បាន​សំដែង​ការខឹង​សម្បារ​បន្ទាប់​ពី​មាន​ដំណឹងថា យន្តហោះ​របស់​លោក សំដៅ​ទីក្រុង​ប៉េកាំង​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ហោះហើរ នៅលើ​ដែន​អាកាស​របស់​អាមេរិក។ តាម​ប្រធានាធិបតី​នីកូឡា មាឌូរ៉ូ មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ចូល​ទៅប្រជុំ​នៅ​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ក្រុងញូវយ៉ក ក៏ត្រូវ​អាជ្ញាធរ​អាមេរិក​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ដែរ។

ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក​នីកូឡា ម៉ាឌូរ៉ូ
ប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក​នីកូឡា ម៉ាឌូរ៉ូ ©REUTERS/Carlos Garcia Rawlins
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថា​ថ្លែង​ទៅកាន់​មហាជន នៅ ទីក្រុង​ការ៉ាកាស ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​បាន​ចោទប្រកាន់​អាមេរិក​ចំៗ​ថា បាន​បដិសេធ​មិន​ឲ្យ​យន្តហោះ​របស់​លោក​ហោះ​កាត់ទឹកដី​អាមេរិក។ សម្រាប់​លោក​ នីកូឡា មាឌូរ៉ូ នោះ​ជា​ការជេរប្រមាថ​យ៉ាង​ជាក់ស្តែង​របស់​អាមេរិក​មក​លើ​ជាតិ​វ៉េណេស៊ុយអេឡា។

 
រហូតមកដល់​ពេលនេះ អាជ្ញាធរ​អាមេរិក​នៅមិន​ទាន់​ចេញមុខ​បកស្រាយ​ថា យ៉ាងម៉េច​នៅឡើយ​ទេ។ លោក​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​វិញ​បាន​បញ្ជាក់​ឲ្យ​ថា ការហាម​មិន​ឲ្យ​ប្រើ​ដែន​អាកាស​អាមេរិក​នឹង​មិន​រារាំង​ដំណើរ​របស់​លោក​ទៅទីក្រុង​ប៉េកាំង នៅ​ចុងសប្តាហ៍​នេះ​ទេ។ តាមធម្មតា យន្តហោះ​របស់​ប្រទេស​អាមេរិក​ឡាទីន​ត្រូវការ​ប្រើ​ដែនអាកាស​របស់​អាមេរិក​ខាងជើង ដើម្បី​ចំណេញពេល ហោះ​សំដៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ក្នុង​ករណី​មាន​ការហាមឃាត់​ពី​អាមេរិក យន្តហោះ​របស់​លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​នឹង​ត្រូវ​ហោះ​ផ្លូវផ្សេង និង​ឆ្ងាយ​ជាងមុន។

ក្រៅតែ​ពី​បិទ​មិន​ឲ្យ​ប្រើ​ដែនអាកាស អាមេរិក ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ចោទ​អាមេរិក​ផងដែរ ថា​បាន​បដិសេធមិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​មន្រ្តី​របស់ខ្លួន ដែល​ត្រូវ​ទៅចូលរួម នៅក្នុង​មហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​ធ្វើ​នៅចុង​ខែ​កញ្ញានេះ។ ដោយ​ក្រេវក្រោធ លោក​ប្រធានាធិបតី​ម៉ាឌូរ៉ូ​បាន​ទាមទារ​ឲ្យ​គេ​រើ​ទីតាំង​ចេញ​ពីទីក្រុង​ញូវយ៉ក។

សូម​បញ្ជាក់ថា នេះ​មិនមែន​ជាលើកទីមួយ​ទេ ដែល​វ៉េណេស៊ុយអេឡា​ចោទ​ប្រកាន់​អាមេរិក។ ទំនាក់ទំនង​អាមេរិក និង​វ៉េណេស៊ុយអេឡា​ល្អក់កករ​ជាមួយ​គ្នា ជាង​១០​ឆ្នាំ​មកហើយ។ ប្រទេស​ទាំង​ពីរ​បាន​កាត់ផ្តាច់ មិនឲ្យមានឯកអគ្គរដ្ឋទូត ​ក្នុង​ប្រទេស​រៀងខ្លួនៗ តាំងពី​ឆ្នាំ ២០១០។ លោកប្រធានាធិបតី​បច្ចុប្បន្ន នីកូឡា ម៉ាឌូរ៉ូ បាន​ដើរ​តាម​នយោបាយ​របស់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​មុន គឺ​លោក​អ៊ុយហ្គូ ស្សែវេស ដោយ​បន្ត​នយោបាយ​អរិភាព​ជាមួយ​អាមេរិក។

គំនុំគុំគួន​ចុងក្រោយ រវាង​ប្រទេស​ទាំងពីរ កើតមាន ឡើង នៅពេល​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​បាន​ផ្គើន ដោយ​ប្រកាស​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​យុវជន​Edward Snowden អ្នកទម្លាយ​ឯកសារ​សម្ងាត់​អាមេរិក ដែល​អាជ្ញាធរ​អាមេរិក​កំពុង​តាមរកចាប់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ