អានតួអត្ថបទ
សហរដ្ឋអាមេរិក

ការ​ប្រល​ងគំនូរ​ត្លុក​ព្យាការី​មូហាម៉ាត់ នៅ​តិចសាស់ រង​ការ​វាយប្រហារ

ប៉ូលិស​អាមេរិក​បាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើង​ពីរ​នាក់ នៅ​យប់​មិញ ​ដែល​បាន​បើក​ការ​បាញ់​រះ​សំដៅ​លើ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​និង​ប្រកួត​ប្រជែង​រូប​គំនូរ​ត្លុក​ព្យាការី​ មូហាម៉ាត់។ ពុំ​ទាន់​មាន​ការ​បក​ស្រាយ​ ឬ​បទ​អត្ថាធិប្បាយ​អ្វី​ទេ ទាក់ទង​នឹងការ​វាយប្រហារ​នេះ​​ទេ ប៉ុន្តែ​​ព្រឹត្តិការណ៍​នេះបាន​ធ្វើ​ឱ្យ​នឹងឃើញ​ដល់​មហាភេរវកម្ម​​នៅទីក្រុងប៉ារីស ស្លាប់​មនុស្សអស់​​១៤​នាក់ ​ កាលពី​ដើម​ខែ​មករា​ឆ្នាំ​២០១៥ ប្រឆាំង​នឹង​កាសែត​Charlie Hebdo ដែល​ចូល​ចិត្ត​គូររូប​ត្លុក​កំប្លែង​ផ្សេងៗ​ ជាពិសេស​រូបត្លុក​ព្យាការី​ មូហាម៉ាត់។ តើ​ការ​វាយប្រហារ​នេះ​អាច​មាន​ពាក់ព័ន្ធ​នឹង​ពួក​ភេរវនិយម​អាល់កៃដា ឬ អង្គការ​រដ្ឋ​អ៊ីស្លាម​ដែរ​ឬយ៉ាង​ណា?

ប៉ូលិស​អាមេរិក​បាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើឹង​ពីរនាក់​ដែល​បាញ់​រះ​លើ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​គំនូរ​ត្លុក​ព្យាការី​មូហាម៉ាត់
ប៉ូលិស​អាមេរិក​បាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើឹង​ពីរនាក់​ដែល​បាញ់​រះ​លើ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​គំនូរ​ត្លុក​ព្យាការី​មូហាម៉ាត់ REUTERS/Mike Stone
ផ្សាយពាណិជ្ជកម្ម

មាន​ព័ត៌មាន​លម្អិតតិច​តួច​បំផុត​​ទាក់ទង​នឹង​ទង្វើ​ ឬ​បុព្វហេតុ​​របស់​ខ្មាន់​កាំភ្លើងទាំង​ពីរ។ ហើយ​ក៏​គ្មាន​ក្រុម​ណា​ចេញ​មុខ​ជា​ផ្លូវការ​ប្រកាស​ទទួល​សកម្មភាព​វាយប្រហារ​បាញ់រះ​លើ​មជ្ឈមណ្ឌល​ដែល​កំពុង​តាំង​ពិព័រណ៍​ប្រកួត​ប្រជែង​រូប​គំនូរ​ត្លុក​​ព្យាការី​​មូហាម៉ាត់​ដែរ។ ប៉ុន្តែ​បើ​តាម​វិបសៃត៍​ SITE ដែល​មានឯកទេស​ផ្នែក​តាមដានគេហទំព័រ​​ជីហាត​ផ្សេងៗ ​មាន​បុរស​ម្នាក់​តាំង​​ខ្លួន​ជា​​មនុស្ស​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​បង្ហោះ​សារ​ ​Twitter ប្រកាស​ថា​ការ​បាញ់រះ​នៅ​រដ្ឋ​តិចសាស់​ជា​ស្នាដៃ​របស់​សកម្មជន​រដ្ឋ​អ៊ីស្លាម។ មានឈ្មោះ Abu Hussain Al Britani ជនជីហាត​អង់គ្លេស​ បាន​អះអាង​ ក្នុង​សារទ្វីទ័រ កាលពី​ថ្ងៃទី​៣​ឧសភា ថា​បង​ប្អូន​រួម​អាវុធ​បាន​បើក​ការ​បាញ់​ប្រហារ​ លើ​ក្រុម​អ្នក​គូរ​រូប​ត្លុក​ព្យាការី ដែល​គិត​ថា​ទាហាន​រដ្ឋ​អ៊ីស្លាម​ធ្វើ​អ្វី​មិន​កើត​នៅ​តិចសាស់។

 

សូម​បញ្ជាក់​​ថា​ហេតុការណ៍​បាញ់​រះ តែ​ប៉ុន្មាន​វិនាទី​សោះ​នោះ បាន​កើ​ត​ឡើង​នៅ​ល្ងាច​មិញ ម៉ោង​នៅ​រដ្ឋ​​តិចសាស់ សហរដ្ឋ​អាមេរិក​ ដោយ​ខ្មាន់​កាំភ្លើង​ពីរ​នាក់ បើក​រថយន្ត​​មក​ដល់​មុខ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​ ក៏​តាំង​​​ផ្តើម​ការ​បាញ់​រះ​ទៅ​លើ​ឆ្មាំ​ការពារ​រក្សា​សន្តិសុខ។ ប៉ូលិស​ក៏​បាញ់​តប​វិញ សម្លាប់​ជន​ទាំង​ពីរ​នោះ​ទៅ។ ​​ប៉ូលិស​សង្ស័យ​ថា​​ក្នុង​រថយន្ត​របស់​ខ្មាន់​កំាំភ្លើង​ទាំង​ពីរ​ទំនង​ជា​​អាច​មានបង្កប់​​ជាតិ​ផ្ទុះ ទើប​ត្រូវ​ជម្លៀស​ប្រជាជន​ ​និង​អ្នក​ចូលរួម​​តាំង​ពិព័រណ៍​ប្រមាណ​៣០០​នាក់​​ចេញ​ទាំង​អស់ ដើម្បី​ទុក​ភារកិច្ច​ឱ្យ​ក្រុម​អ្នក​ដោះមីន​ធ្វើការ។

សង្គ្រាម​ប្រឆាំង​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ

ការ​ប្រលង​​គំនូរ​នៅ​ជាយ​ក្រុងដាឡាស​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​សមាគម​American Freedom Defense Initiative (AFDI) ដែល​ជា​ក្រុម​អ្នក​ស្តាំនិយម​ជ្រុល​ ដ៏​ចម្រូង​ចម្រាស​នៅ​អាមេរិក។ សមាគម​ផ្តួចផ្តើម​ដើម្បី​ការពារ​សេរីភាព ធ្លាប់​បាន​បរិហារ​តាំង​ពី​យូរយារ​មក​ហើយ អំពី​ និន្នាការរុក​រាញ​ទន្ទ្រានទី​នៃ​​អ៊ីស្លាម​ជ្រុលនិយម​ នៅលើ​ទឹក​ដី​អាមេរិក។ អ្នកស្រី Pamela Gellar ជា​ប្រធាន​សមាគម ល្បី​ខាង​ស្អប់​អ៊ីស្លាម បាន​តាំង​ខ្លួន​ជា​អ្នក​ការ​ពារ​សេរីភាព​នៃការ​បញ្ចេញ​មតិ និង​ធ្លាប់​ដឹកនាំ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សាង​សង់​​មជ្ឈមណ្ឌល​វប្បធម៌​អ៊ីស្លាម នៅ​ក្បែរ​ទីលាន World Trade Center នាទីក្រុង​ញូវយ៉ក​ផង។
ក្នុង​អត្ថន័យ​ការពារ​សេរីភាព​នៃការ​បញ្ចេញ​មតិ សមាគម​នេះ​បាន​រៀប​ចំ​សន្និសីទ​ តាំង​ពិព័រណ៍​រូប​គំនូរ​​ និង​រូប​ត្លុក​ព្យាការី​មូហាម៉ាត់​ ចំនួន​២០០​ផ្ទាំង ដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​ពាន​រង្វាន់ ដោយ​អញ្ជើញ​ប្រមុខ​បក្ស​ស្តាំ​និយម​ជ្រុល​​ហូឡង់​លោក​ Geert Wilders ជា​ភ្ញៀវ​កិត្តិយស។​ គំនូរ​ដែល​ជាប់​លេខ​មួយ​នឹង​ទទួល​បាន​រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក។

អ្នក​ស្រី​ប្រធាន​សមាគម​ បាន​ពន្យល់​បន្ថែម​ថា អ្នកស្រី​បាន​ជ្រើសរើស​សាល​តាំង​ពិព័រណ៍គំនូរ​នៅ​ក្រុង​ដាឡាស ព្រោះ​ជា​សាល​ធ្លាប់​ទទួល​សន្និសីទ​​ស្តី​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ការ​ស្អប់​ខ្ពើម​អ៊ីស្លាម ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​អ៊ីស្លាម​អាមេរិក​​។ សន្និសីទ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ការពារ​សន្តិសុខ​យ៉ាង​ខ្លាំង​បំផុត។

ក្រោយ​ភេរវកម្ម ប្រឆាំង​នឹង​កាសែត​charlie Hebdo ​ នៅ​ទីក្រុង​ប៉ារីស ស្លាប់​មនុស្ស​អស់​១៤​នាក់ មាន​មនុស្ស​ស្លាប់​ពីរ​នាក់ និង​របួស​៦​នាក់​ នៅ​ក្នុង​វាយ​ប្រហារ​ពីរ​ផ្ទួនៗ​គ្នា​ នៅទីក្រុង​កូផែនហាក ប្រទេស​ដាណឺម៉ាក ប្រឆាំង​​នឹងវិហារ​ជ្វីហ្វ និង​​មជ្ឈមណ្ឌល​​វប្បធម៌​ដែល​វិចិត្រករគូរ​រូប​ព្យាការី​​ជនជាតិ​ស៊ុយអែត​ lars Vilks កំពុង​នៅ​ធ្វើការ។ វិចិត្រករ​ស៊ុយអែត​រូប​នេះ មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ ស្វែង​រក​សម្លាប់​របស់​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​ដូច​ជា​អ្នក​កាសែត​របស់​ទស្សនាវដ្តី​Charlie Hebdo ដែរ។ ទស្សនាវដ្តី​ត្លុកកំប្លែង​បារំាង Charlie Hebdo ​ដែល​នឹង​ត្រូវ​ទទួល​ពាន​រង្វាន់ សិទ្ធិសេរីភាព​សារព័ត៌មាន ​ នៅ​ក្នុង​ទីក្រុង​ញូយ៉ក ពីសំណាក់​អង្គការ​អ្នកនិពន្ធ និង​អ្នកកាសែត​អាមេរិកំាង​ឈ្មោះ Pen Center នៅ​ថ្ងៃ​ស្អែក​ទី ៥​ ឧសភា​នេះ​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ