អានតួអត្ថបទ

ប៉ូលិសអាមេរិក​សម្លាប់​មនុស្ស​ជាមធ្យម​ជាង​ពីរ​នាក់​ក្នុង​មួយ​ថ្ងៃ (កាសែត)

តួលេខ​ពិត​ ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​តួលេខ​ផ្លូវការ ! បើ​តាម​កាសែតWashington Post ចេញ​ផ្សាយ​នៅ​ថ្ងៃអាទិត្យ​នេះ បាន​បង្ហើប​ឱ្យ​ដឹង​ថា ប៉ូលិសអាមេរិក​សម្លាប់​មនុស្ស​ជា​មធ្យម​ ជាង​ពីរ​នាក់​ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ ២០១៥​នេះ។ ជា​ចំនួន​ដ៏​ច្រើន​បើ​ប្រៀប​ទៅ​នឹង​​ស្ថិតិ​របស់​រដ្ឋ​សហព័ន្ធ ដែល​រាប់​ឃើញ​ត្រឹម​សម្លាប់​ប្រមាណ​ ១​នាក់​ក្នុង​មួយ​ថ្ងៃ។ ហើយ​ជន​រងគ្រោះ​ភាគ​ច្រើន​មាន​ស្បែក​ខ្មៅ។

ប៉ូលិស​អាមេរិក​ភ្ជង់បាតុករ​នៅ​ក្រុង​Ferguson ក្រោយ​ហេតុការណ៍​ប៉ូលិស​បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ​បាន​បន្តិច
ប៉ូលិស​អាមេរិក​ភ្ជង់បាតុករ​នៅ​ក្រុង​Ferguson ក្រោយ​ហេតុការណ៍​ប៉ូលិស​បាញ់​សម្លាប់​យុវជន​ស្បែក​ខ្មៅ​បាន​បន្តិច ©Reuters
ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​ពី​ខែ​មករា ២០១៥មក ​ប៉ូលិស​អាមេរិក​បាន​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​ ៣៨៥​នាក់ នៅ​ពេញ​ផ្ទៃ​សហរដ្ឋ ឬ​ស្មើ​នឹង ២,៦​នាក់​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ។ ជា​ចំនួន​ដែល​ខុស​គ្នា​ឆ្ងាយ​អំពី​ស្ថិតិ​របស់​រដ្ឋ​សហព័ន្ធ។ អាជ្ញាធរ​ក៏​ទទួល​ស្គាល់​អំពី​របាយការណ៍​មិន​ពេញ​លេញ​របស់​ខ្លួន ព្រោះ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ​ ប៉ូលិស​មូលដ្ឋាន ​​របាយការណ៍​ជូន​ទៅ​ថ្នាក់​លើ ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រ​ចិត្ត។

 
បើ​តាម​សារព័ត៌មាន​Washington Post ដដែល ជន​រង​គ្រោះ ជា​ជនជាតិ​​អាមេរិក​ស្បែក​ខ្មៅ​​ មាន​ចំនួន​ច្រើន​ជាង​ដល់​បី​ដង។ ភាគ​ច្រើន​នៃ​ជនរង​គ្រោះ​​ស្លាប់​ក្រោម​ស្នាដៃ​ប៉ូលិស​ សុទ្ធ​តែ​មាន​អាវុធ​ខ្លី​នឹង​ដៃ ឬ​​យ៉ាងហោច​ណាស់​ក៏​មាន​កាន់​កាំបិត ឬ​វត្ថុ​ផ្សេង​ប្រើ​ជា​អាវុធ​​តប​ត​នឹង​ប៉ូលិស។ មាន​តែ​១៦%​ប៉ុណ្ណោះ​ ដែល​គ្មាន​អ្វី​នឹង​ដៃ ឬ​មាន​ដែរ​តែ​ជា​វត្ថុ​លេង។ នៅ​ក្នុង​ចំណោម​ករណី​ប៉ូលិស​សម្លាប់​មនុស្ស​ទាំង​៣៨៥ មាន​តែ​បី​ករណី​ ដែល​ប៉ូលិស​ត្រូវ​ជាប់​ក្តី​ក្តាំប្តឹង​ផ្តល់។

របាយការណ៍​នេះ​ធ្លាក់មក​ជួន​ចំពេល​ដែល​សង្គម​អាមេរិក​កំពុង​ប្រឈម​នឹង​ការ​តស៊ូ​មតិ​ថ្នាក់​ជាតិ​ យ៉ាង​ពុះ​កញ្ជ្រោល​ ស្តី​អំពី​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​របស់​ប៉ូលិស​អាមេរិក ជាពិសេស​ពី​សំណាក់​ប៉ូលិស​ស្បែក​ស ទៅ​លើ​ពលរដ្ឋ​ស្បែក​ខ្មៅ ពលរដ្ឋ​មាន​ដើម​កំណើត​និយាយ​ភាសា​អេស្ប៉ាញ។

ហេតុ​អ្វី​ ​ប៉ូលិស ប្រើ​អំពើ​ហិង្សា ច្រើន

គឺ​​​បណ្តាលមក​ពី​ការ​ប្រើ​អាវុធ ! កាលពី​មុន នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​រហូត​ដល់​ដើម​ឆ្នាំ​១៩៨០ មាន​ឃាតកម្ម​ច្រើន​ ប៉ូលិស​អាមេរិក​រងការ​ធ្វើ​ឃាត​សម្លាប់​អស់​​ច្រើននាក់​​ណាស់។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប៉ូលិស​បង្ខំ​ចិត្ត​ត្រូវការពារ​ខ្លួន​ដោយ​ ពាក់​អាវ​ក្រោះ​ មិន​ថា​ជា​ប៉ូលិស​-នគរបាល​នៅ​តាម​ភូមិ​ស្រុក​ដាច់​ស្រយ៉ាល​ ចុក​កាត់​ម៉ាត់​ញក​របស់​សហរដ្ឋ​អាមេរិក​ជ្រុង​ណា​ទេ។ ប៉ូលិស​អាមេរិក​ក៏​ចាប់​ផ្តើម​ប្រុង​ប្រយ័ត្ន​ការពារ​ខ្លួនខ្លាំង ដើម្បី​សុវត្ថិភាព​បុគ្គល​ផ្ទាល់។

នៅ​ទីបំផុត ប៉ូលិស​អាមេរិក​ ក៏​បាន​ជ្រើសរើស​ប្រើ​យុទ្ធវិធី​ ​មួយ​​ដែល​មាន​លក្ខណៈ​ស្ទើរ​ដូច​​ទាហាន ហើយប្រកាន់​យក​​នយោបាយ​ “គ្មាន​សោះ​ការ​អនុគ្រោះ” អនុវត្ត​ទៅ​តាម​កំរិត​នៃ​ស្ថានភាព​ជាក់​ស្តែង។ ជាមួយ​នឹង​នយោបាយ​នេះ ប៉ូលិស​អាមេរិក​​បាន​កំណត់​ជា​គោលការណ៍​ថា ទោះ​បី​ជា​មាន​ជម្លោះ​ ​ឬ​ការ​បង្ក​ហេតុ​តូច​តាច​ក៏​ដោយ ក៏​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​កាច​ខ្លាំង​ភ្លាម ដើម្បី​កុំ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​កើត​ឡើង​ទាន់។ អញ្ចឹង​ហើយ​បាន​ជា​ប៉ូលិស​មិន​ញញើត​នឹងចេញ​ធ្វើ​សកម្មភាព​បង្ក្រាប​ទេ យ៉ាង​ញឹក​ញយ​ទេ។ ប៉ុន្តែ​ទោះ​បី​ជា​ចំនួន​ឃាតកម្ម​ បើ​និយាយ​ជា​ទូទៅ បាន​ថយ​ចុះ​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក​ក៏​ដោយ ក៏​ប៉ូលិស​អាមេរិក​នៅ​តែ​រក្សា​ឥរិយាបថ​ និង​នៅ​បន្ត​អនុវត្ត​នយោបាយ​ដដែល។

បញ្ចប់​ការ​ប្រើ​អាវុធ​ធុន​ធ្ងន់

ក្រោយ​ហេតុការណ៍​នៅ ​Ferguson -New York -Baltimore ​អំពើ​ហិង្សា​របស់​ប៉ូលិស​អាមេរិក​បាន​ក្លាយ​​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅ​គគុក មិន​ខុស​អ្វី​ពី​​​បញ្ហា​រើស​អើង​ពូជសាសន៍​ទេ ! ដោយ​ខ្វាយ​ខ្វល់​នឹង​ភាព​តាន​តឹង សម្ពាធ​សហគមន៍នេះ​ សហរដ្ឋ​អាមេរិក​ របស់​លោក​ បារ៉ាក់ អូបាម៉ា បាន​ប្រកាស​កំរិត​និង​ឃុំ​គ្រង​ការ​ប្រើ​ប្រាស់​អាវុធ​ ក្នុង​ជួរ​ប៉ូលិស។

ដើម្បី​លុប​បំបាត់​រូប​ភាព​ប៉ូលិស កាច មាន​សណ្ឋាន​ដូច​ជា​យោធា ស្ទុះ​ចូល​របៀប​ដូច​វាយ​សំរុក​ចូល​កាន់​កាប់​​ភូមិ​ស្រុក ​រថពាស​ដែក ​អាវុធ​សម្រាប់​ប្រយុទ្ធលើ​សមរភូមិបែរទៅ​ជា​​ភ្ជង់​ជន​ស៊ីវិល​ ធុន​តូច ធុន​ធំ ឬ​ក៏​ឯកសណ្ឋាន​​បិទ​មុខ​ ... ដែល​ជា​សម្ភារៈ​បរិក្ខា​ប៉ូលិល​ នឹង​ត្រូវ​លែង​អនុញ្ញាត​ឱ្យ​មាន​ក្នុង​ភ្នាក់ងារ​ប៉ូលិស​សហព័ន្ធ​ហើយ។ សូម្បី​តែ​អាវុធ​ដែល​លែង​សូវ​ប្រើ ដូច​ជា​ដាវ ក៏​ត្រូវ​ហាម​ឃាត់​ដែរ។

លើស​ពីនេះ​ទៅ​ទៀត នឹង​មាន​ឃុំ​គ្រង​យ៉ាង​ហ្មត់ចត់​បំផុត​អំពី​លក្ខខណ្ឌ​នៃ​ការ​មាន និង​ការ​ប្រើប្រាស់​អាវុធ​ជា​ប្រចាំ​រាល់​ថ្ងៃ ដោយ​​​ផ្តល់​វគ្គ​បំពាក់​បំប៉នអប់រំ​។ ស្ថាបនា​ទំនុក​ចិត្ត​រវាង​ប៉ូលិស​និង​ពលរដ្ឋ​ក្នុង​ភូមិ  ដោយកាត់​បន្ថយ​ចំនួនអ្នក​នៅ​អង្គុយ​ក្នុង​ការិយាល័យ​ ទៅ​ជា​កម្លាំង​ប៉ូលិស ដែល​ស្គាល់​មូលដ្ឋាន​ច្បាស់​លាស់​ និង​មាន​ទំនាក់ទំនង​ល្អ​​ពលរដ្ឋ ព្រម​ទាំង​បំពាក់​ម៉ាស៊ីនថត​ឱ្យ​ប៉ូលិស​។

វិធានការ​នេះ​​បាន​ទទួល​ការស្វាគមន៍យ៉ាង​ខ្លាំង​​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ដ៏​មាន​អំណាច​នៅ​អាមេរិក។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ