អានតួអត្ថបទ

អាមេរិកនិង​គុយបា​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើង​វិញ

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ក្នុងការ​ផ្សា​ភ្ជាប់​ឡើង​វិញ​នូវ​ទំនាក់ទំនងការ​ទូត​រវាង​អាមេរិកនិង​គុយបា​ដែល​ត្រូវបាន​កាត់​ផ្តាច់​តាំង​ពី​ជាង​៥៤​ឆ្នាំ​មក​ហើយ និង​ការបើក​ឡើង​វិញ​នូវ​ស្ថានទូត​អាមេរិកនៅ​ទីក្រុង​ឡាហាវ៉ាន។

ប្រធានាធិបតី​អាមេរិក​ប្រកាស​ភ្ជាប់​ទូត​ជា​ថ្មី​ឡើង​វិញ​ជាមួយ​គុយបា
ប្រធានាធិបតី​អាមេរិក​ប្រកាស​ភ្ជាប់​ទូត​ជា​ថ្មី​ឡើង​វិញ​ជាមួយ​គុយបា © Reuters
ផ្សាយពាណិជ្ជកម្ម

«អស់រយៈពេល​ជាង​៥៤​ឆ្នាំ​មក​ហើយ នា​អំឡុង​ពេល​សង្រ្គាម​ត្រជាក់ ដែល​សហរដ្ឋ​អាមេរិកបាន​បិទ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​ឡាហាវ៉ាន។ នៅថ្ងៃនេះ​ ខ្ញុំ​សូម​ប្រកាស​ថា​សហរដ្ឋ​អាមេរិកបាន​យល់​ព្រម​ផ្សា​ភ្ជាប់​ទំនាក់ទំនង​ការទូត​ផ្លូវការ​សា​ជា​ថ្មី​ឡើង​វិញ​ជាមួយ​សាធារណរដ្ឋ​គុយបា និង​បើក​ឡើងវិញ​នូវ ស្ថានទូត​តំណាង​រវាង​ប្រទេស​ទាំងពីរ។ នេះ​គឺ​ជា​ការបោះ​ជំហាន​ជា​ប្រវត្តិសាស្រ្ត​មួយ ក្នុង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​យើង ដើម្បី​ធ្វើ​ប្រកតីកម្ម​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និង​ប្រជាជន​គុយបា និង​ក៏​ជា​ការចាប់ផ្តើម​ជំពូក​ថ្មី​មួយ​ជាមួយ​ប្រទេស​ជិត​ខាង​របស់​យើង​ក្នុង​ទ្វីប​អាមេរិក។ »

 
ក្នុងសន្ទរកថាជាង​ប្រាំពីរ​នាទី​ថ្លែង​ចេញ​ពី​សួនច្បារ​នៃ​សេតវិមាន លោក​ប្រធានាធិបតី ​អូបាម៉ា​បាន​គូស​បញ្ជាក់​ពី​ទម្រង់​នៃ​ការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង​គ្នា​នេះ ដោយ​ផ្តោត​លើ​អនាគត​ជា​ជាង​បង្ខាំង​ខ្លួន​ក្នុង​អតីតកាល ពិសេស​ការ​ស្តារ​ទំនាក់ទំនង​ខាង​វិស័យ​អប់រំ សេដ្ឋកិច្ច និង​វិនិយោគ។ លោក អូបាម៉ា​ ក៏​បាន​សង្កត់​ធ្ងន់​ថា គុយបា និង​សហរដ្ឋ​អាមេរិកមាន​ប្រយោជន៍​រួម​មួយ​ចំនួន​ដូចជា គោល​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ និង​ការអភិវឌ្ឈន៍​ជាដើម។ ក៏ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា ប្រទេស​ទាំងពីរ​នៅ​មាន​ភាព​ខុសគ្នា​យ៉ាង​ឆ្ងាយ ក្នុង​បញ្ហា​នៃ​សេរីភាព​បញ្ចេញមតិ តែ​អាមេរិកនឹង​មិន​ស្ទាក់ស្ទើរ​នឹង​បញ្ចេញ​មតិ​នោះ​ទេ​នៅ​ពេល​មាន​ភាព​ខ្វែង​គ្នា​រវាង​ប្រទេស​ទាំងពីរ​លើ​គុណ​តម្លៃ​នានា មាន​ជា​អាទិ៍ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។ បើទោះជា​លោក​មិន​រំពឹង​ថា ការ​កែលម្អ​ទាំង​នេះ អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈពេល​ខ្លី តែ​លោក​សង្ឃឹម​ថា​ការចូលរួម​របស់​អាមេរិកតាមរយៈ​ស្ថានទូត ជំនួញ​ វិនិយោគ អាមេរិក វា​នឹង​អាច​ទៅ​រួច។     

លោកប្រធានធិបតី​បាន​បញ្ចប់​សន្ទរកថា​ដោយ​ថ្លែង​ថា៖ នៅ​ខែ​មករា​ឆ្នាំ​១៩៦១ ជា​ឆ្នាំ​កំនើត​របស់​ខ្ញុំ នៅ​ពេល​ដែល​លោក​ប្រធានធិបតី​អាមេរិក Eisenhower ប្រកាស​ពី​ការកាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​ប្រទេសគុយបា លោក​បាន​មាន​ប្រសាន៍ថា នេះ​គឺ​ជា​ក្តីសង្ឃឹម​និង​ការជឿជាក់​របស់​ខ្ញុំ​ថា ក្នុង​ពេល​អនាគត ដែល​នឹង​មិន​ជា​វែង​នោះ​ទេ ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​អាច​នឹង​កើត​មាន​ជា​ថ្មី​ឡើងវិញ​ តាម​ការស្វែង​រក​ទំនាក់ទំនង​ធម្មតា​ក្នុង​គ្រប់​រូបភាព។ ដូចនេះ​គឺ​ថា វា​ហាក់​ដូចជា​ទាមទារ​ពេល​បន្តិច​មែន ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ពេលនោះ​បាន​មក​ដល់​ហើយ ​ហើយ​អនាគត​ល្អ​ប្រសើរ​ជាង​មុន​ក៏​នឹង​កើត​មាន​នា​ពេល​ខាងមុខ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ