អានតួអត្ថបទ

ការ​បាញ់​រះ​នៅFloride អាមេរិក​បើក​អង្កេត​ភេរវកម្ម

ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់​៥០​នាក់​ និង​របួស​​៥៣នាក់ នៅក្នុងហេតុការណ៍​បាញ់​រះ​ ក្នុង​​រង្គសាល​រាត្រីមួយ​ សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា នៅរដ្ឋ​​Floride សហរដ្ឋ​អាមេរិក កាលពី​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​អាទិត្យ។ គេបាន​ស្គាល់​អំពី​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​ខ្លះ​ហើយទេ តែ​​ពុំ​ទាន់​ដឹង​អំពី​មូល​ហេតុ​ដែល​នាំ​ឱ្យមាន​ការ​បាញ់​រះ​ ចាប់​ជា​ចំណាប់​ខ្មាំង​ទេ។ ប៉ុន្តែ​ភ្លាម​មួយ​រំពេច ​ប៉ូលិស​អាមេរិក​បានសម្រេច​​បើក​អង្កេត​ភេរវកម្ម និង​ចាត់​ទុក​ជា​ការ​បាញ់​រះ​ថា​គ្រោះអាក្រក់​បំផុត​បង្ក​ឡើង​ដោយ​​ពួក​អ៊ីស្លាម​ជ្រុល​និយម។

ប៉ូលិស Orlando រដ្ឋ​ Floride នៅ​មុខ​រង្គសាល​រាត្រី​​Pulse ដែល​មាន​ការ​បាញ់​រះ​ស្លាប់​មនុស្ស​ជាង​៥០​នាក់
ប៉ូលិស Orlando រដ្ឋ​ Floride នៅ​មុខ​រង្គសាល​រាត្រី​​Pulse ដែល​មាន​ការ​បាញ់​រះ​ស្លាប់​មនុស្ស​ជាង​៥០​នាក់ GERARDO MORA / GETTY IMAGES NORTH AMERICA / AFP
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាញ់​រះ អម​ដោយ​ការ​ចាប់​ជា​ចំណាប់​ខ្មាំង បាន​កើត​ឡើង​អស់​ជាច្រើន​ម៉ោង និង​បាន​​បិទ​បញ្ចប់​នៅ​ម៉ោង​៥​ព្រឹក ថ្ងៃអាទិត្យ​ បន្ទាប់​ពី​កង​កម្លាំង​ដៃឆើត​អាមេរិកបាន​សម្រុក​ចូល​​ទៅ​ក្នុង​រង្គសាល​​សម្លាប់​ខ្មាន់​កាំភ្លើង។​ បើ​តាម​ប៉ូលិស មាន​ការ​បំផ្ទុះ​គ្រាប់​ជា​ច្រើន​គ្រាប់​ផង តែ​មិន​បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​នេះ​ទេ។ មនុស្ស​ប្រមាណ​ជាង​៣០​នាក់ ត្រូវ​បាន​សង្គ្រោះ តែ​ចំនួន​ជន​រងគ្រោះ​បាន​កើន​ឡើង​ឥតឈប់ ដំបូង​ភ្លាម មាន​ការ​ជូន​ដំណឹង​ថា​ស្លាប់​តែ​ជាង​២០​នាក់​ និង​របួសជាង​៤០​នាក់​របួស​ក្នុង​នោះ​មាន​ម្នាក់​ជា​ប៉ូលិស ប៉ុណ្ណោះ។

ក្រោយ​ពី​មាន​ការ​បាញ់​ត​ទល់​គ្នា​យ៉ាង​យូរ​ជាមួយ​កម្លាំង​ប៉ូលិស​មក ខ្មាន់​កាំភ្លើងបាន​ស្លាប់​នៅ​នឹង​កន្លែង ​និង​​បើ​តាម​ប្រភព​ទូរទស្សន៍ NBC និងCBS ​ជនសង្ស័យ​រូប​នេះ​មាន​ឈ្មោះ​ថា អូម៉ា ម៉ាទីន Omar Mateen កើត​នៅ​ឆ្នាំ​១៩៨៦ ជា​ជនជាតិ​អាមេរិក​ ដើម​កំណើត​អាហ្វហ្កានីស្ថាន។​ ប៉ុន្តែប៉ូលិស​ដែល​បានផ្តល់​​​ព័ត៌មាន​តិច​តួច​បំផុត​​ទាក់ទង​នឹងអត្តសញ្ញាណ​​ខ្មាន់​កាំភ្លើង​ ព្រមទាំង​មូល​ហេតុ​នៃ​ទង្វើ​បាញ់​រះ មិន​បាន​ច្រាន​ចោល​សម្មតិកម្ម​ភេរវកម្មអ៊ីស្លាម​ជ្រុល​និយម​​ទេ។

ប៉ូលិស​សហព័ន្ធ​អាមេរិក FBI យល់​ថា​ខ្មាន់​កាំភ្លើង​ អូម៉ា ដែល​មាន​ប្រវត្តិ​ស្អាត​ស្អំ អាច​មាន​ទំនាក់ទំនង​ជា​មួយ​​ពួក​អ៊ីស្លាម​ជ្រុល​និយម ព្រម​ទាំង​លុង​ក្នុង​មនោគមន៍វិជ្ជា​អ៊ីស្លាម​ ទើប​សម្រេច​បើក​អង្កេត​ភេរវកម្ម​ភ្លាម។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ នៅ​លើ​ទំព័រ​ប្រព័ន្ធ​សង្គមTwitter​ដែល​មាន​ពាក់​ព័ន្ធ​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម គេ​ឃើញ​មាន​បង្ហោះ​រូប​ថត​អូម៉ា ម៉ាទីន​ ជា​ជន​ដៃ​ដល់​ធ្វើ​ភេរវកម្ម​ប្រឆាំង​រង្គសាល​នៅ​Orlando។

ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់ អូបាម៉ា បាន​ទទួល​ដំណឹង​នេះ​ភ្លាម និង​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ដែល​ចាំបាច់។ បេក្ខជន ​បេក្ខនារី​ប្រធានាធិបតីអាមេរិក ដូណាល់​ត្រាំ និង​ហ៊ីឡារី គ្លីនតុន បាន​បញ្ចេញ​ប្រតិកម្ម​ បរិហារ​សកម្មភាព​បាញ់រះ​ដ៏​ស្មោគគ្រោកនេះ​ដោយ​គ្មាន​បង្អង់។ ចំណែក​ ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការ​ណ៍ថ្កោល​ទោស​ភ្លាម​ដែរ​ការ​បាញ់​សម្លាប់​មនុស្ស​ដ៏​ឃោរឃៅ​នេះ។​

ការ​បាញ់​រះ​បាន​កើត​ឡើង​ តែ​៤៨​ម៉ោង​ក្រោយ​ការ​បាញ់​សម្លាប់​អ្នក​ចម្រៀង​ម្នាក់ នៅ​ក្នុង​រដ្ឋ​Floride នេះ​ដែរ តែ​ប៉ូលិសអះអាង​ថា​ជា​សំណុំ​រឿងពីរ​​ដាច់​ពី​គ្នា។ សូម​បញ្ជាក់​ថា គិត​ចាប់​ពី​ឆ្នាំ​២០១៦​មក អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អាវុធ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​៥៨០០​នាក់ ក្នុង​ហេតុការណ៍​ជាង​២៣០០០ករណី នៅ​សហរដ្ឋ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ