អានតួអត្ថបទ
អាមេរិក

បោះឆ្នោតប្រធានាធិបតីអាមេរិក៖​លោក​សេនដឺ​បាន​ចេញ​មុខ​គាំទ្រ​លោកស្រី​គ្លីនតុន​ជា​ផ្លូវការ

នៅ​សហរដ្ឋអាមេរិក អ្វីៗ​លែង​ស្រពិចស្រពិល​ទៀត​ហើយ​រវាង​លោក​ប៊ែរនី សេនដឺ និង​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ដែល​ជា​គូប្រជែង​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា​ខាង​មុខ។ ទីបំផុត លោក​សេនដឺ​បាន​យល់ព្រម​បោះបង់​ការ​ប្រជែង និង​ចេញ​មុខ​គាំទ្រ​លោកស្រី​គ្លីនតុន​ជា​ផ្លូវការ។ ការ​សម្រេច​របស់​លោក​សេនដឺ​ពេល​នេះ​បាន​ធ្វើ​ឡើង មុន​សមាជ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃទី២៥ កក្កដា​ខាង​មុខ។

លោកស្រី​គ្លីនតុន ​និង​លោក​សេនដឺ​
លោកស្រី​គ្លីនតុន ​និង​លោក​សេនដឺ​ REUTERS/Brian Snyder
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ត​ទៅ លោកស្រី​ហ៊ីលឡារី គ្លីនតុន​អាច​ជិះសេះ​លែងដៃ​បាន​ហើយ ព្រោះ​គូប្រជែង​ក្នុង​បក្ស​លោក​ប៊ែរនី សេនដឺ​បាន​សុខចិត្ត​បោះបង់​ការ​ប្រកួត ព្រម​ទាំង​ចេញ​មុខ​គាំទ្រ​លោកស្រី​គ្លីនតុន​ជា​ផ្លូវការ​ទៀត​ផង។ ដូច្នេះ​នៅ​ពេល​នេះ លោកស្រី​គ្លីនតុន​អាច​ប្រមូលផ្តុំ​កម្លាំង​ដើម្បី​ប្រឈម​មុខ​នឹង​គូប្រជែង​តែ​ម្នាក់​គត់​មក​ពី​គណបក្ស​សាធារណរដ្ឋ គឺ​លោក​ដូណាល់ ត្រាំ។ ក្រៅ​ពី​ប្រកាស​គាំទ្រ​លោកស្រី​គ្លីនតុន​ជា​ផ្លូវការ លោក​សេនដឺ​មិន​ញញើត​នឹង​និយាយ​ពេញមាត់ និង​ជា​សាធារណៈ​ថា លោកស្រី​គ្លីនតុន​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។

សូម​ជម្រាប​ជូន​ថា អស់​ជា​ច្រើន​សប្តាហ៍​មក​ហើយ​ដែល​ក្រុម​សកម្មជន​របស់​គណបក្ស​ប្រជាធិបតេយ្យ​បាន​រង់ចាំ​ការ​ប្រកាស​របស់​លោក​សេនដឺ​របៀប​នេះ​ដោយ​គេ​យល់​ថា វា​ល្មម​ដល់​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​រួបរួម​គ្នា​ដើម្បី​ប្រឆាំង​ទប់​នឹង​គណបក្ស​សាធារណរដ្ឋ​នា​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ សម្រាប់​លោកស្រី​គ្លីនតុន​ឯណោះ​វិញ ការ​គាំទ្រ​ពី​លោក​សេនដឺ​ជា​រឿងសំខាន់ និង​ចាំបាច់​មិន​អាច​ខ្វះ​បាន ពិសេស​ពី​ក្រុម​សកម្មជន​គាំទ្រ​លោក​សេនដឺ​ដែល​នៅ​បន្ត​រារែក អល់អែក​មិន​ទុកចិត្ត​លោកស្រី។

ក្រៅ​ពី​នេះ ការ​គាំទ្រ​របស់​លោក​សេនដឺ​ក៏​ជា​បច្ច័យ​មួយ​ធំធេង​ណាស់​សម្រាប់​លោកស្រី​គ្លីនតុន​ក្នុង​ការ​ប្រឈម​ទប់​នឹង​លោក​ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ។ លោក​ដូណាល់ ត្រាំ​ដែល​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​បរិហារ​នឹង​ការ​ប្រកាស​របស់​លោក​សេនដឺ​គាំទ្រ​លោកស្រី​គ្លីនតុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ