ព្យុះសង្ឃរា Matthew ដ៏កំណាចបោកបក់គំរាមគុយបា និងហៃទី
ព្យុះសង្ឃរាដ៏កំណាច Matthew ដែលបានផ្តើមបង្កភាពខូចខាតនិងរងគ្រោះនៅហៃទី កំពុងបន្តដំណើរបោកបក់ទៅកាន់បណ្តាប្រទេសនៅតំបន់ការ៉ាអ៊ីប និងភាគខាងកើតប្រទេសគុយបា នៅថ្ងៃនេះ។ គេសង្ស័យថា អាចនឹងមានការខូចខាតជាសម្ភារៈយ៉ាងដំណំ ព្រមទាំងការជម្លៀសប្រជាជនដល់ទៅរាប់ពាន់នាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៨
មានស្លាប់បុរសម្នាក់ ដោយលិចទូកកាលពីថ្ងៃសុក្រ នៅភាគខាងត្បូងប្រទេសហៃទី ! មនុស្សម្នាក់ទៀតបានបាត់ខ្លួន នៅថ្ងៃចន្ទ ហើយក្បាលព្យុះសង្ឃរា Matthew បានរំកិលបន្តិចម្តងៗ ក្នុងល្បឿន១៣គីឡូម៉ែត្រក្នុងមួយម៉ោង មកកាន់តែកៀករដ្ឋធានីហើយ និងបន្តដំណើរទៅកាន់ឆ្នេរខាងកើតគុយបា។
បើតាមការព្យាករ ព្យុះសង្ឃរា Matthew ដែលកម្លាំងខ្យល់គួចបោកបក់ក្នុងល្បឿន ២២០ គីឡូម៉ែត្រក្នុងម៉ោង និងកំណាចខ្លាំងលំដាប់ទី៤ ក្នុងកំរិតខ្លាំងសរុប៥។ ខេត្តភាគខាងកើតរបស់គុយបា និងបាហាម៉ា បានប្រកាសអាសន្នព្យុះសង្ឃរា កោះហៃទីដែលក្រីក្រជាងគេបំផុតប្រចាំតំបន់ បានដំឡើងកំរិតអាសន្នពីលឿងទៅក្រហម។ ពលរដ្ឋជាងពីរពាន់ត្រូវបានជម្លៀសចេញតាំងពីល្ងាចមិញ។ កម្ពស់ទឹកសមុទ្ទអាចនឹងឡើងពីពីរទៅបីម៉ែត្រ តំបន់ខ្លះទឹកសមុទ្ទ និងទឹកស្ទឹងទន្លេបានមកជួបគ្នាផ្តើមជន់លិចលើផ្លូវជាបណ្តើរៗ។ ប្រតិបត្តិការជម្លៀសកំពុងបន្តធ្វើទៀត នៅទូទាំងប្រទេស។ តុល្យការនៃជនរងគ្រោះ និងការខូចខាតនៅមិនទាន់អាចកំណត់បាននៅឡើយទេ នាពេលនេះ តែបើតាមអភិបាលក្រុង មានពលរដ្ឋប្រមាណ១០ម៉ឺននាក់កំពុងប្រឈមនឹងគ្រោះថ្នាក់។
នៅកោះគុយបាវិញ ប្រឈមនឹងគ្រោះទឹកជំនន់អាជ្ញាធរអាមេរិកបានជម្លៀសបុគ្គលិកនិងគ្រួសារយោធា ចេញពីមូលដា្ឋន និងពីពន្ធនាគារហ្គ័នតាណាម៉ូ។ ចំណែកអ្នកទោសសង្គ្រាមនិងភេរវកម្មចំនួន៦១នាក់ ត្រូវបានដាក់ឃុំក្នុងកន្លែងដែលធន់ខ្លាំងព្យុះកំណាចហើយ។
Matthew មានកម្លាំងខ្លាំងជាងព្យុះសាន់ដេ ដល់ទៅពីរដង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោក រ៉ាអ៊ូល កាស្ត្រូ ប្រធានាធិបតីគុយបា ដែលបានត្រៀមលក្ខណៈនិងជម្លៀសប្រជាពលរដ្ឋជាង៣១ម៉ឺននាក់ហើយ។ កាលពីឆ្នាំ២០១២ សាន់ដេ បានបង្កការខូចខាតសម្បើមណាស់ តាំងពីគុយបា ដល់ឆ្នេរឦសានអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ