អានតួអត្ថបទ

ណូបែលសន្តិភាព ៖ មេ​ដឹកនាំហ្វាកគួរ​តែ​មាន​ចំណែក​ក្នុង​ជ័យលាភីសន្តិភាព​២០១៦​ដែរ​ឬ ?!

នៅ​ថ្ងៃ​សុក្រ​ទី ៧ តុលា នេះ គណៈកម្មការ​ណូបែល​បាន​ប្រកាស​ផ្តល់​ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព ដល់​លោក​ប្រធានាធិបតី​​កូឡុំប៊ី លោក ហ័នម៉ានុយអែល សិនតូស ដែលបាន​បូជា​កម្លាំង​ចិត្ត​កម្លាំង​កាយ​ ប្រថុយ​ប្រថាន​គ្រប់​យ៉ាង​រហូត​សម្រេច​ជោគជ័យ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​ហ្វាក។ ពិភពលោក​ទាំង​មូល​ហាក់ស្រុះស្រួល​គ្នា​​​ស្វាគមន៍​​នឹង​ជ័យលាភី​នេះ ប៉ុន្តែកូន​គំនិត​​តូច​មួយ​បាន​ចោទ​​ឡើង​ថា ជ័យលាភី​នេះ​គួរ​តែ​បែងចែក​ខ្លះ​ទៅ​ឱ្យ​មេ​ឧទ្ទាម​ហ្វាក។ តើ​ជា​គំនិត​សមរម្យ​ដែរទេ ?

ប្រធានាធិបតី​កូឡុំប៊ី លោក Juan Manuel Santos (កណ្តាល) កាន់​ប៊ិច និង​មេឧទ្ទាមហ្វាក ពេល​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព
ប្រធានាធិបតី​កូឡុំប៊ី លោក Juan Manuel Santos (កណ្តាល) កាន់​ប៊ិច និង​មេឧទ្ទាមហ្វាក ពេល​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព REUTERS/John Vizcaino
ផ្សាយពាណិជ្ជកម្ម

បាន​ទទួល​​ជ័យលាភី​ណូបែល​សន្តិភាព ក្នុង​បរិបទ​នយោបាយ​ដ៏​ស្មុគស្មាញ -ប្រជាពលរដ្ឋ ទើប​​ច្រាន​ចោល​កិច្ចព្រមព្រៀងសន្តិភាព​​ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ពួក​ឧទ្ទាម​ហ្វាកបែប​នេះ ហាក់​​ដូច​ជា​បាន​ផ្តល់​ដង្ហើម​និ​ងក្តី​សង្ឃឹម​ថ្មី​ដល់​លោកប្រធានាធិបតី​ ​សិនតូស ឱ្យ​កាន់​តែ​មាន​ឆន្ទៈ​បន្ត​ស្វែង​រក​សន្តិភាព។ សូម្បី​តែ​អតីតប្រធានាធិបតី​កូឡុំប៊ី លោក អុយរីបេ ដែលបាន​​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​នា​ឱកាស​ប្រជាមតិ ក៏​បាន​អបអរ​ស្វាគមន៍លោក សិនតូស​ដែរ។ អតីត​ចំណាប់​ខ្មាំង​របស់​ហ្វាក​ដ៏ល្បីល្បាញនិង​ ជា​អតីត​បេក្ខជនប្រធានាធិបតីកូឡុំប៊ី លោកស្រី អ៊ីហ្គ្រីត បេតង់គួ មាន​មោទនភាព​និង​អំណរ​យ៉ាង​ខ្លាំង នៅ​ពេល​ឃើញ​លោក​សិនតូស បាន​ទទួល​ជ័យលាភី តែ​លោកស្រី​យល់​ថា ពួក​ឧទ្ទាម​ហ្វាក​ក៏គួរ​តែ​មាន​​ចំណែក​ខ្លះ​ពីជ័យលាភី​ណូបែល​សន្តិភាព​នេះដែរ។

ចំណាប់​អារម្មណ៍​នេះ គ្មានអ្វី​ចម្លែក​ទេ ! កន្លងមក​ក្នុង​ប្រវត្តិ​ណូបែល​សន្តិភាព គេតែង​ឃើញ​គណៈកម្មការ​ផ្តល់​ជ័យលាភី​ទៅ​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​នឹង​ការ​ស្វែង​រក​សន្តិភាព​រួម​គ្នា។

ជាក់ស្តែង​នៅ​ឆ្នាំ​ ១៩៧៣ ណូបែល​សន្តិភាព​ត្រូវ​បាន​ប្រគល់​ឱ្យ​អ្នក​ទទួល​ខុស​ត្រូវ​ចរចា​សន្តិភាព​អាមេរិក​វៀតណាម លោក ហង់រី ឃីសស៊ីនចឺ Henry Kissinger និង​លោក ឡែឌុចថូ Le Duc Tho។ ជ័យលាភី​​ឆ្នាំ​ ១៩៧៨ គឺ​លោក អានូអា អែលសាដាត ជាតិអេហ្ស៊ីប និង​លោក មេណាហេម បេហ្កាំង ជាតិ​អ៊ីស្រាអែល ចំពោះ​កិច្ចប្រឹងប្រែង​ចរចា​សន្តិភាព​អេហ្ស៊ីប​អ៊ីស្រាអែល។ ក្នុង​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​វិញ ក៏​ដូច​គ្នា នៅ​ឆ្នាំ​១៩៩៤ មេ​ដឹកនាំ​អ៊ីស្រាអែលលោក Shimon Peres និងលោក Yitshak Rabin ​និង​ប៉ាឡេស្ទីនលោក Yasser Arafat បាន​ទទួល​ជ័យលាភី​រួម​គ្នា​ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​មាន​ការ​ចរចាសន្តិភាព​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

ចុះ​ហេតុ​អ្វី​​ពួក​ហ្វាក​គ្មាន​ចំណែក​នៅ​ក្នុង​ជ័យលាភី​ឆ្នាំ​នេះ ? មាន​តែ​គណៈកម្មការ​ណូបែល​ទេ​ទើបអាច​ពន្យល់​បាន តែ​ពួក​គាត់​គ្មាន​ទម្លាប់​ឡើយ។ មេ​ឧទ្ទាម​ហ្វាក​ លោក ទីមូឆេនកូ ដែល​​​ប្រកាស​អបអរ​ប្រធានាធិបតី​សិនតូស បាន​ឆ្លៀត​​​រំលឹក នៅ​ថ្ងៃ​នេះ ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​អន្តរការីនៃ​កិច្ចចរចា​បួន​ឆ្នាំ គុយបា ន័រវែស​ វេណេស៊ុយអេឡា និង​ឈីលី​ ក្នុង​ការ​នាំ​សន្តិភាព​ឱ្យ​កូឡុំប៊ី​ថ្ងៃ​នេះ និង​ បានលួង​ចិត្ត​ខ្លួន​ឯង​​​អ្វី​ដែល​គេ​ចង់​បាន​​គឺ​សន្តិភាព​និង​យុត្តិធម៌​សង្គម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ