អានតួអត្ថបទ
ជប៉ុន-អាហ្សង់ទីន

លោកនាយករដ្ឋមន្រ្តី​ជប៉ុន​ស្ហ៊ីនហ្សូ អា​បេ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន

បន្ទាប់ពី​ជំនួប​កំពូល Apec​នៅ​ទីក្រុង​Lima ក្នុង​ប្រទេស​Pérou​មក នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​Argentine​ក្នុង​ថ្ងៃ​ចន្ទ​២១​វិច្ឆិកា។ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ក្នុង​គោលដៅ​ដើម្បី​ផ្តល់​សន្ទុះ​វិស័យ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ជប៉ុន​និង​ Argentine ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​លំដាប់​ទី​៣​នៅ​អាមេរិក​ឡាទីន។

នាយក​​រដ្ឋមន្ត្រី​​ជប៉ុន ​លោក ​Shinzo Abe​
នាយក​​រដ្ឋមន្ត្រី​​ជប៉ុន ​លោក ​Shinzo Abe​ REUTERS/Mariana Bazo
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​ដំណើរ​ទស្សកិច្ច​លើក​ដំបូង​បង្អស់​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​ទីក្រុង​ Buenos Aires ​ប្រទេស Argentine ចាប់​តាំងពី​រយៈ​ពេល​៥៧​ឆ្នាំ​កន្លង​មក​ហើយ​និង​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Nobusuke Kishi នៅ​​ឆ្នាំ​១៩៥៩​មក។ គួរបញ្ជាក់ថា សហគ្រាស​ជប៉ុន មាន​វត្តមាន​យ៉ាង​ច្រើន​នៅ Argentine ជា​អាទិ៍​ឧស្សាហកម្ម​ផលិត​រថយន្ត​ដូច​ជា​ម៉ាក Honda,Toyota, ឬ Nissan​ជា​ដើម។ គ្រាន់តែ​រោងចក្រ​ Honda​តែ​ម្នាក់​ឯង​គត់​ប៉ុណ្ណោះ បាន​ផលិត​រថយន្ត​សំរាប់​លក់​នៅ​ក្នុង​ប្រទេស Argentine ​រហូត​ដល់​ទៅ​ចំនួន ២០%។

យោង​តាម​ការបញ្ជាក់​របស់​ឯក​អគ្គរាជទូត​ជប៉ុន​ប្រចាំ​ Argentine ប្រទេស​ជប៉ុន គ្រោង​ទុកការ​បង្កើន​ការ​វិនិយោគ​នៅ​ Argentine ដែល​បច្ចុប្បន្ន​ មាន​ត្រឹម​តែ​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​នោះ ​ឲ្យ​កើន​ឡើង​ដល់​ទៅ ២​០០០​​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ។ សូមបញ្ជាក់ថា នៅ​មុន​​ដំណើរ​ទស្សនកិច្ច​របស់​លោក​Abe នៅ Argentine ប្រមុខ​ដឹកនាំ​ធំៗ​នៅ​ក្នុង​លោក បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​បន្ត​បន្ទាប់​គ្នា​នៅ​ទីក្រុង​Buenos Aires ដែល​មាន​ដូច​ជា​លោក​ប្រធានាធិបតី​បារាំង​François Hollande ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី លោក Mateo Renzi និង​លោក Justin Trudeau នាយក​រដ្ឋមន្ត្រី​កាណាដា​​នៅ​ក្នុង​ឆ្នាំ​នេះ។

ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ត្រូវ​ទទួល​ជួប​ជាមួយ​ប្រធានាធិបតី​ Argentine​និន្នាការ​ស្តាំ​កណ្តាល​និយម​លោក Mauricio Macri និង​ជាមួយ​ប្រធាន​សហគ្រាស​នានា​ក៏​ព្រម​ទាំង​តំណាង​សហគមន៍​ជប៉ុន​ជា​ច្រើន​រូប​នៅ Argentine ដែល​បច្ចុប្បន្ន មាន​គ្នា​ចំនួន​៦​ម៉ឺន​៥​០០០​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ