អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ​​សាទរ​​ការ​តែងតាំង​​លោក​​Tillerson​​ ជា​​ប្រមុខ​ការទូត​​ថ្មី​​នៃ​​ស.រ.អា.​​

លោក​ដូណាល់ ត្រាំ​ដែល​នៅ​ខែ​ក្រោយ​នឹង​ឡើង​ជា​ប្រធានាធិតី​ថ្មី​នៃ​ស.រ.អា.​ថ្ងៃ​១៣​ធ្នូ​បាន​តែង​​តាំងប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ប្រេង​អាមេរិកាំង Exxon Mobil គឺ​លោក Rex Tillerson ក្នុង​តំណែង​ជា​ប្រមុខ​ការទូត​នៃ​រដ្ឋបាល​គាត់។ ប៉ុន្តែ ដើម្បី​កាន់​តំណែង​នេះ​បេក្ខភាព​លោក Tillerson ដែល​ជា​មិត្ត​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន ត្រូវ​ទទួល​ការ​អនុម័ត​សិន​ដោយ​ព្រឹទ្ធសភា​អាមេរិកាំង។ ទោះយ៉ាងណាក្តី ក៏​ម៉ូស្គូ​បាន​ថ្លែង​សាទរ​ទៅ​ហើយចំពោះ​ការ​តែងតាំង​នេះ។ 

លោក Rex Tillerson ​អនាគត​ប្រមុខការទូត​ថ្មី​អាមេរិក​ ឈរ​ក្បែរ​​លោក​ប្រធានាធិបតីរុស្ស៊ី​ Vladimir Poutine ថ្ងៃ​៣០​សីហា​​២០១១​
លោក Rex Tillerson ​អនាគត​ប្រមុខការទូត​ថ្មី​អាមេរិក​ ឈរ​ក្បែរ​​លោក​ប្រធានាធិបតីរុស្ស៊ី​ Vladimir Poutine ថ្ងៃ​៣០​សីហា​​២០១១​ REUTERS/Alexsey Druginyn
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​វិជ្ជមាន​ពី​ខាង​ម៉ូស្គូ​ចំពោះការ​តែងតាំង​រូប​លោក Tillerson អាយុ​៦៤​ឆ្នាំ​ដែល​រកស៊ី​ខាង​វិស័យ​ប្រេង​នៅ​រុស្ស៊ី​ប្រមាណ​២០​ឆ្នាំ​ហើយ​រហូត​បាន​ទទួល​គ្រឿង​ឥស្សរិយយស លំដាប់​មិត្តភាព​ក្នុង​ឆ្នាំ​២០១២ ពី​ដៃ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ទៅ​ផង​គឺ​សំដែង​ទាំងដោយ​វិមាន​ក្រេមឡាំង​​ទាំង​ដោយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី។

 

“វិមានក្រេមឡាំង​រំពឹងថា​ប្រមុខ​ការទូត​ថ្មី​នៃ​ស.រ.អា. មុខជា​នឹង​បង្ហាញ​នូវ​ភាព​ជំនាញអាជីព​និង​គោល​គំនិត​ស្ថាបនា​ពុំខាន” សេចក្តី​នេះ ថ្លែង​ដោយ​អ្នកនាំពាក្យផ្លូវការ​នៃ​ប្រធានាធិបតី​រុស្ស៊ី​​លោក ឌ្មីទ្រី ពេស្កូវ។ តាមសំដីគាត់ ចំណុច​សំខាន់​តែមួយ​គត់​សម្រាប់ប្រមុខ​ការទូត​អាមេរិកាំង​គឺ​ភាព​ត្រៀមខ្លួន​បង្ហាញ​ឲ្យឃើញ​នូវ​ឥរិយាបថ​ស្ថាបនា​និង​ភាពជំនាញអាជីព ហើយ​រុស្ស៊ី​សង្ឃឹមថា​គឺ​យ៉ាង​នេះ​ដែល​នឹង​វិវឌ្ឍ​ទៅ​ដោយ​មិន​អាស្រ័យ​ចំ​តែលើ​រូប​លោក Tillerson ប៉ុណ្ណោះ​ឡើយ។

លោក​ពេស្កូវ សង្កត់​ធ្ងន់​ថា វិមាន​ក្រេមឡាំង​សាទរ​ពិសេស​ចំពោះ​រូប​លោក Tillerson ក្នុង​ឋានៈ​​ជា “ធុរជន​អាជីព​មែន​ពិត” ដែល​មាន​ទំនាក់ទំនង​ការងារ​ដ៏​ល្អ​ជាមួយ​លោក​ប្រមុខ​រដ្ឋ រុស្ស៊ី​ពូទីន​និង​ជាមួយ​អ្នក​មុខ​អ្នកការ​រុស្ស៊ី​ឯទៀត។

ថ្ងៃ​១៣​ធ្នូ​ដែ​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ស៊ែរហ្គៃ ឡាវ៉្រូវ ពេល​ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ក្រុង​បែលក្រាដ​គូស​បញ្ជាក់ថា​ម៉ូស្គូ​ត្រៀមធ្វើការ​ជាមួយប្រធាន​អគ្គនាយក​មហាក្រុមហ៊ុន​ប្រេង​អាមេរិកាំង​លោក Rex Tillerson ដែល​ត្រូវ​បាន​តែងតាំង​ជាប្រមុខការទូត​ថ្មី​នៃ​ស.រ.អា.។ អ្នកការទូត​ដើមខ្សែ​របស់​រុស្ស៊ី​បាន​ហៅ​លោក Tillerson ជា មនុស្ស​ដែល​លើក​ផលប្រយោជន៍​ខ្ពស់​ជាង​អ្វីៗ​ទាំង​អស់​ហេតុ​ដែល​អនុញ្ញាត​ឲ្យ​សង្ឃឹម​ទៅ​លើ​ការ​អភិវឌ្ឍន៍​យ៉ាង​ជោគជ័យ​នៃ​សហប្រតិបត្តិការ​រុស្ស៊ី-អាមេរិក។ តាមសំដី​លោក ឡាវ៉្រូវ ៖
យើង​សូម​ទទួល​យក​ការតែងតាំង​នេះ​របស់​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​ហើយត្រៀម​ធ្វើ​ការងារ​ជាមួយដៃគូណា​ក៏​ដោយ​ដែល​ប្រាថ្នាពង្រីក​ទំនាក់ទំនង​ស្មើភាព​ជាមួយ​សហព័ន្ធ​រុស្ស៊ី។ ខ្ញុំយល់​ថា​ទាំងលោក​ប្រធានាធិបតី ត្រាំ​ទាំង​អនាគត​ប្រមុខការទូត​អាមេរិក​សុទ្ធតែ​ជា​អ្នក​ដែល​​គិត​ពី​ផលប្រយោជន៍​ម៉្លោះហើយ​បាន​ជា​ផលប្រយោជន៍​និយម​នេះ​អាច​បម្រើ​ជា​គ្រឹះមូលដ្ឋាន​ដ៏ល្អ​សម្រាប់​រៀបរយ​ឲ្យ​បាន​ស្រួលបួល​សហប្រតិបត្តិការ​រុស្ស៊ី-អាមេរិក​ដែល​នាំជា​គុណប្រយោជន៍​ទៅវិញទៅមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ