លោកJohn Lewis៖លោកដូណាល់ ត្រាំមិនមែនជាប្រធានាធិបតីស្របច្បាប់
ប្រធានាធិបតីឈ្នះឆ្នោតអាមេរិក លោកដូណាល់ ត្រាំ នៅចុងសប្តាហ៍នេះ បានបង្កឲ្យមានមតិរិះគន់ មិនពេញចិត្ត ជាថ្មី ក្នុងចំណោមអ្នកនយោបាយ និងអ្នកការពារសិទ្ធិមនុស្សអាមេរិក។ កាលពីថ្ងៃសៅរ៍ លោកត្រាំបានសរសេរនៅក្នុងសារ Twitter រិះគន់យ៉ាងចាស់ដៃ លោកJohn Lewis ដែលជាបុគ្គលសំខាន់ក្នុងប្រវត្តិសាស្រ្តអាមេរិក។ លោកJohn Lewis ធ្លាប់ធ្វើបាតុកម្មជាមួយលោកMartin Luther King ដើម្បីទាមទារសិទ្ធិពលរដ្ឋជូនប្រជាជនអាមេរិកាំងស្បែកខ្មៅ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៩
អនាគតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានរិះគន់ វាយប្រហារលោក John Lewis ដែលអាមេរិកចាត់ទុកជាសកម្មជនសំខាន់ ខាងការពារសិទ្ធិពលរដ្ឋអាមេរិកាំង ស្បែកខ្មៅ ជាងកន្លះសតវត្សរ៍មកហើយ។ នៅក្នុងសារTwitter របស់លោក នៅថ្ងៃសៅរ៍ លោកដូណាល់ ត្រាំបានសរសរក្រើនរំលឹកលោក John Lewisឲ្យយកពេលវេលាទៅជួយតំបន់ឆ្នោតរបស់លោក ដែលកំពុងធ្លាក់ដុនដាប ដោយសារបទឧក្រិដ្ឋ ជាជាង មកនិយាយចោទប្រកាន់លទ្ធផលបោះឆ្នោត។
លោកដូណាល់ត្រាំ ខឹងនឹងលោកJohn Lewis ដោយសារតែ លោក John Lewisបានបដិសេធមិនទទួលលោកជាប្រធានាធិបតី។ នៅថ្ងៃសុក្រ នៅទូរទស្សន៍អាមេរិកាំង NBC លោកJohn Lewis និយាយថា លោកមិនចាត់ទុកប្រធានាធិបតីជាប់ឆ្នោត (លោកដូណាល់ ត្រាំ) ជាប្រធានាធិបតីស្របច្បាប់នោះទេ។ លោកនៅ បានបន្ថែមថា សម្រាប់លោក ការវាយប្រហារអ៊ីនធ័រនែតរបស់រុស្ស៊ី ទៅលើការបោះឆ្នោតប្រធានាធិបតីអាមេរិកាំងបានជួយឲ្យលោកដូណាល់ត្រាំ ឈ្នះឆ្នោត នៅថ្ងៃទី ៨វិច្ឆិកាកន្លងទៅ។
ក្នុងវ័យ ៧៦ឆ្នាំ លោក John Lewisដែលជាអ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ នៅសភាអ្នកតំណាង បានអះអាងថា លោកនឹងមិនចូលរួមនៅក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី របស់លោកដូណាល់ ត្រាំ នៅថ្ងៃទី ២០មករាខាងមុខទេ។ នេះជាលើកទី ១ ដែលលោក John Lewisខកខាន ចាប់តាំងពីលោកបានជាប់ឆ្នោត ជាសមាជិកសភា នៅឆ្នាំ ១៩៨៦។ នៅឆ្នាំ ១៩៦៥ លោក John Lewisធ្លាប់បានចូលរួមដើរជាមួយលោក Martin Luther Kingដែលជាបិតាទាមទារសិទ្ធិពលរដ្ឋឲ្យប្រជាជនអាមេរិកាំងស្បែកខ្មៅ។
ក្រៅពីលោកJohn Lewis នៅមានសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យមួយចំនួនទៀតដែលបាននិយាយហើយថា ពួកគេនឹងមិនទៅចូលរួមក្នុងពិធីស្បថរបស់លោកដូណាល់ ត្រាំ។ នៅមួយសប្តាហ៍មុនពិធីស្បថចូលកាន់តំណែងប្រធានាធិបតី បាតុកម្មប្រឆាំងលោកត្រាំបានចាប់ផ្តើមផងដែរ តាំងពីថ្ងៃសៅរ៍ម្សិលមិញ។ ប្រជាជនអាមេរិកាំងជាច្រើនពាន់នាក់បានជួបជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងសំដីគ្រោតគ្រាតរបស់លោកដូណាល់ ត្រាំ ដែលមើលងាយ រើសអើង ជនជាតិម៉ិកស៊ិក អ្នកកាន់សាសនាអ៊ីស្លាម។ ក្រុមប្រឆាំង ត្រាំ ជាង ៣០ក្រុមបានទទួលការអនុញ្ញាតឲ្យធ្វើបាតុកម្មតវ៉ា ពីពេលនេះ រហូតដល់ថ្ងៃស្បថចូលកាន់តំណែងរបស់លោកត្រាំ។ បាតុកម្មធំជាងគេ ដែលចូលរួមដោយបណ្តាសកម្មជនការពារសិទ្ធិស្រ្តី នឹងរៀបចំធ្វើ នៅថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ក្រោយពិធីស្បថរបស់លោកដូណាល់ត្រាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ