អានតួអត្ថបទ

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព កូឡុំប៊ី​ឈាន​ទៅ​បង្កើត​តុលាការ​ពិសេស​​កាត់​ទោស​ឧក្រិដ្ឋជន​សង្គ្រាម

ព្រឹទ្ធសភា​កូឡុំប៊ី បាន​អនុម័ត​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញដើម្បី​បង្កើត​ប្រព័ន្ធ​តុលាការ​ពិសេស​កាត់​ទោស​ឧក្រិដ្ឋជន​សង្គ្រាម ក្នុងអំឡុង​ពេល​​មាន​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កង​កម្លាំង​ឧទ្ទាម​ហ្វាក និង​រដ្ឋាភិបាល រយៈ​ពេល ជាង​៥០​ឆ្នាំ។ ការ​បង្កើត​តុលាការ​ពិសេស​ធ្វើ​ឡើង​ ស្រប​តាម​​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​ហ្វាក FARC ចុះ​ហត្ថលេខា​កាលពី​ខែ​វិច្ឆកា ២០១៦។

ទាហាន​ FARC ត្រៀមទម្លាក់​អាវុធ​​ធ្វើ​ខ្លួន​ជា​ស៊ីវិល តាម​កិច្ចព្រមព្រៀង​សន្តិភាព
ទាហាន​ FARC ត្រៀមទម្លាក់​អាវុធ​​ធ្វើ​ខ្លួន​ជា​ស៊ីវិល តាម​កិច្ចព្រមព្រៀង​សន្តិភាព LUIS ROBAYO / AFP
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​កំណែទម្រង់រដ្ឋ​ធម្មនុញ្ញ ប្រព័ន្ធ​តុលាការ​ថ្មី​ស្រឡាង​មួយ​ ដែល​ឈរ​លើ​ទស្សនៈ​ ស្វែង​រក​ការ​ពិត ផ្សះផ្សារ​របួស និង​មិន​ច្រំដែល នឹង​បង្កើត​ឡើង​ ដោយ​មានបន្សំ​​គណៈ​កម្មការ​បី ៖ គណៈកម្មការ​ដើម្បីការពិត គណៈកម្មការ​ស្វែង​រក​ជន​បាត់​ខ្លួន​ក្នុង​ជម្លោះ និង​ប្រព័ន្ធ​តុលាការពិតសេស​សម្រាប់​សន្តិភាព។

តុលាការ​ពិសេស​ដើម្បី​សន្តិភាព ជា​ប្រព័ន្ធ​តុលាការ​បណ្តោះ​អាសន្ន​ និង​ស្វ័យភាព មាន​ភារៈ​វែក​រក​សកម្មភាពប្រព្រឹត្ត​ឡើងនៅ​មុន​ថ្ងៃទី ១ ធ្នូ ២០១៦​ ​ ក្នុង​ជម្លោះ​ប្រដាប់​អាវុធ រវាង​កង​កម្លាំង​រដ្ឋាភិបាល និង​ឧទ្ទាម​ហ្វាក។

ការ​បង្កើត​តុលាការ​បណ្តោះ​អាសន្ន​កាត់​ទោស​ឧក្រិដ្ឋជន​សង្គ្រាម ធ្លាប់​ជា​ចំណុច​ខ្ទាស់ ដែល​បក្ស​ប្រឆាំង​នឹង​រដ្ឋាភិបាល​កូឡុំប៊ី​រិះគន់​យ៉ាង​​ខ្លាំង​ រហូត​បាន​ជ័យ​ជំនះ​នៅ​ក្នុង​ប្រជាមតិ​ប្រឆាំង​​កិច្ចព្រមព្រៀង។

បើ​តាម​កិច្ចព្រមព្រៀង​សន្តិភាព រវាង​រដ្ឋាភិបាល​របស់​លោក សិនតូស ​និង​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​បដិវត្ត​កូឡុំប៊ី​ ហ្វាក ក្រុម​ឧទ្ទាម​ធំ​និង​សំខាន់​ជាង​គេ​នៅ​ក្នុង​ប្រទេស​ ដែល​បាន​​ចុះ​ហត្ថលេខា​នៅ​ខែ​វិច្ឆិកា​២០១៦ បន្ទាប់​ពី​ការ​ចរចា​អស់​រយៈ​ពេល​៤​ឆ្នាំ គ្រោង​ផង​ដែរ​ឱ្យ​មាន​ការ​លើក​លែង​ទោស​។ ​​ឧក្រិដ្ឋជន​ប្រឆាំង​នឹង​មនុស្សជាតិ ដែល​ត្រូវ​រង​ការ​កាត់​ទោស​ពី​សំណាក់​តុលាការ​ពិសេស​ដើម្បី​សន្តិភាព អាច​នឹង​ត្រូវ​ទទួល​ទោស​ត្រឹមជាប់​ពន្ធនាគារ​ ប្រសិន​បើ​បុគ្គល​នោះ​បាន​សារភាព​និយាយ​រាល់​គ្រប់​ការ​ពិត​ដែល​ខ្លួន​ជាប់​បន្ទុក។

បន្ទាប់​ពី​សភា នៅ​ល្ងាច​មិញ ព្រឹទ្ធសភា​កូឡុំ​ប៊ី​បាន​អនុម័ត​​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​ក្នុង​សំឡេង​គាំទ្រ​៦០​ ទល់​នឹង​ពីរប្រឆាំង។ កូឡុំប៊ី​ចង់​បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ជាង​កន្លះ​សតវត្សរ៍​​ ជា​មួយ​​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​ជាង​៣០​ក្រុម​ ក្នុង​នោះ​ឧទ្ទាម​ធំៗ​មាន​ជា​អាទិ៍ពួក​​​ហ្វាក​ និង ពួក​យោធា​រំដោះ​ជាតិ​។ ជម្លោះ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច​២៦០០០០​នាក់ និង​ជាង​៦ម៉ឺន​នាក់​បាត់​ខ្លួន និង​៦,៩​លាន​នាក់​ធ្វើ​បំលាស់​ទី៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ