អានតួអត្ថបទ
ធនាគារពិភពលោក​-ថាមពល​អគ្គីសនី​

ធនាគារពិភពលោក​អំពាវនាវ​ឲ្យមាន​​ការ​បង្កើន​​កិច្ច​​ប្រឹងប្រែង​​​ដើម្បី​ផ្គត់ផ្គង់​ថាមពល​ជាសកល​នៅ​​ឆ្នាំ​២០៣០​

 ធនាគារ​​ពិភពលោក​​នៅ​​ក្នុង​​របាយការណ៍​​មួយ​​នៅ​​ថ្ងៃ​​ចន្ទ​​នេះ​ បាន​អំពាវនាវ​​ដល់​​បណ្តា​អ្នក​ដឹកនាំ​ទូទាំង​ពិភពលោក​​ឲ្យ​បង្កើន​​កិច្ច​​ប្រឹងប្រែង​​ថែម​ទៀត​​ដើម្បី​​ឲ្យ​​បាន​​សម្រេច​គោលដៅ​​ក្នុង​ការ​ផ្គត់ផ្គង់​​ថាមពល​អគ្គិសនី​​ចាំបាច់​​ដល់​​ប្រជាជន​​នៅ​​លើ​​លោក ចាប់​ពេល​នេះ​​ដល់​​ឆ្នាំ​​២០៣០។​​ 

ចំការ​ដង្ហាល់​ éoliennes ​នៅ​ក្នុង​វាល​រហោដ្ឋាន​ Gobi ក្នុង​ប្រទេស​ចិន​​
ចំការ​ដង្ហាល់​ éoliennes ​នៅ​ក្នុង​វាល​រហោដ្ឋាន​ Gobi ក្នុង​ប្រទេស​ចិន​​ Feng Wei Photography/Getty Images
ផ្សាយពាណិជ្ជកម្ម

 

លោកស្រី ​Rachel Kyte តំណាង​ពិសេស​​របស់​​អគ្គលេខាធិការ​អស​ប​ទទួល​បន្ទុក​​"​សកម្មភាព​​ដើម្បី​​ថាមពល​អគ្គីសនី​​ជា​​សាកល បាន​ថ្លែង​​បញ្ជាក់​ថា “បើ​​គេ​ចង់​​ឲ្យ​​មាន​​ថាមពល​​ប្រើ​ប្រាស់​​ស្អាត​​និង​​តម្លៃ​​សមរម្យ​​សម្រាប់​​ប្រជាជន​ទូទាំង​ពិភព​​លោក អ្នក​ដឹកនាំ​នយោបាយទាំងអស់​នៅ​​លើលោក ត្រូវ​តែ​បង្កើន​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ឲ្យ​​បាន​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ម្យ៉ាងទៀត​យោង​តាម​តំណាង​ពិសេស​របស់​អគ្គលេខាធិការ ​អ.ស.ប. ដដែល ​“ទិន្នន័យ​ថ្មីៗ​” នោះ ជា​ការ​ព្រមានមួយ​ដល់អ្នកទទួលខុសត្រូវក្នុងពិភពលោក​ដើម្បី​ឲ្យ​ពួកគេ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹងប្រែង​និង​បញ្ចេញ​សកម្មភាព​ជា​បន្ទាន់​ប្រកប​ដោយ​ជំហរ​ប្តេជ្ញាចិត្ត​ ដើម្បី​ឈានទៅ​ដល់​​​គោល​ដៅ​​នៅលើ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ចាំបាច់​សម្រាប់​ប្រជាជន​នៅ​លើ​លោក​ទាំង​មូល។

ចំពោះ​លោក​ Ricccardo Puliti  ប្រធាន​នាយកដ្ឋាន​ផ្នែក​ថាមពល​​ធនាគារ​ពិភពលោក​វិញ​ យល់​ឃើញ​ថា “​ដើម្បី​អាច​ឈាន​ទៅ​ដល់​​គោលដៅ​ខាងលើនេះ​  ពិភពលោក ត្រូវ​តែ​បង្កើន​ការ​ធ្វើ​វិនិយោគ ប្រកបដោយ​ការ​ប្តេជ្ញាចិត្ត​ទាំង​នៅ​លើ​ផ្នែក​នយោបាយ​និង​ទាំង​​ឆន្ទៈ​នៅ​លើ​ការ​បង្កើត​បច្ចេក​វិទ្យា​ថ្មីៗ​នៅ​ក្នុង​ទ្រង់ទ្រាយ​​ធំ​មួយ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ចំនួន​ប្រជាជន​លើ​លោក​ដែល​អាច​មាន​ថាមពល​អគ្គិសនី​ប្រើ​ប្រាស់ ​មាន​កំណើន​យឺត​ខ្លាំង​។ នៅ​ក្នុង​កម្រឹត​នេះ ​យោង​តាម​របាយការណ៍​ធនាគារ​ពិភពលោក​ដដែល ប្រជាជន​​នៅ​លើ​លោក​ចំនួន​តែ ៩២%​ ប៉ុណ្ណោះ ដែល​អាច​នឹង​មាន​ថាមពលអគ្គីសនី​​ប្រើ​ប្រាស់​​នៅ​​​ឆ្នាំ​​២០៣០។​

សូមរំលឹកថា នៅ​ឆ្នាំ ២០១៤ ​ប្រជាជន​ជាង​១​ពាន់​លាន​នាក់​​នៅ​លើ​លោក នៅ​ពុំ​ទាន់​មាន​អគ្គិសនី​​ប្រើប្រាស់​នៅ​ឡើយ​ទេ តែ​បើ​​​​ប្រៀបធៀប​​នឹង​​​ឆ្នាំ ​​២០១២​ វិញ ឃើញ​ថាតួលេខខាង​លើ​នេះ​​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​-នេះ​ជា​ការ​បញ្ជាក់​របាយការណ៍​នេះ​​ដែល​ផ្សព្វផ្សាយ​ដោយ​​ធនាគារពិភពលោក​និង​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ។

នៅ​លើ​ចំណុចជា​​វិជ្ជមាន​ផ្សេង​ទៀត ​ គឺ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា​អាហ្វហ្កានីស្ថាន កម្ពុជា កេនយ៉ា អ៊ូហ្កង់ដា រ៉ាន់ដា នៅ​លើ​វិស័យ​ថាមពលអគ្គិសនី​នេះ មាន​ការវិវឌ្ឈន៍​ជា​វិជ្ជមាន។​

នៅលើ​វិស័យ​ថាមពល​មិន​ចេះ​រីង​ស្ងួត​ ដើម្បី​ឲ្យ​បាន​សម្រេច​ដល់​គោលដៅ​​​នៅ​​​​ឆ្នាំ ២០៣០ ការ​ធ្វើ​វិនិយាគ ត្រូវ​តែ​បង្កើន​ឡើង​​ឲ្យ​បាន​ដល់​ទៅ ​២​ឬ៣ ​ដង​ថែម​ទៀត​​នៅ​ទូទាំង​ពិភព​លោក។ ​ម្យ៉ាងទៀត បើសិន​ជា​ការផលិត​ថាមពល​មិន​ចេះ​រីង​ស្ងួតនេះ មានការវិវឌ្ឆន៍​​លឿន​ក្តី ក៏​​ការប្រើប្រាស់​​ថាមពល​​ដើរ​ដោយដង្ហាល់​​និង​​កំដៅថ្ងៃ ​មាន​​ចំនួន​​តែ​៤%ប៉ុណ្ណោះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ