អានតួអត្ថបទ

​អង្គការ​សហប្រជាជាតិ ៖ អាមេរិក​ឈប់​ជួយ​មូលនិធិ​ប្រជាជន​ ​ជះ​ផល​អាក្រក់​ដល់​សុខភាព​ស្ត្រី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៍ បាន​បញ្ចេញ​ប្រតិកម្ម​ ចាត់​ទុក​សេចក្តី​សម្រេចរបស់​រដ្ឋាភិបាល​អាមេរិក​​បញ្ឈប់​ការ​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុដល់​មូលនិធិ​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រជាជន ថាមាន​ឥទ្ធិពល​​បំផ្លិច​បំផ្លាញ សុខភាព​​របស់​ស្ត្រី និ​ងយុវតី​ ព្រម​ទាំង​គ្រួសារ​ក្រីក្រងាយ​រងគ្រោះ។

លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ
លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ REUTERS/Feisal Omar
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក​ប្រមុខ​អង្គកា​រសហប្រជាជាតិ អាមេរិក​​បាន​សម្រេចចិត្ត​ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ទស្សនៈ​វិស័យខុស​ពី​ការពិត ដែល​មិន​មែន​ជា​ខ្លឹមសារ និង​ភាព​សំខាន់​នៃ​ការងារ​ជាក់ស្តែង​របស់​មូលនិធិ​ប្រជាជន។

មូលនិធិ​ប្រជាជន​ ​បាន​ផ្តល់​សេវា​សុខភាព​ បន្ត​ពូជ​ និង​ត្រួត​​ពិនិត្យ​កំណើត​នៅ​លើ​ពិភពលោក​ចំនួន​​១៥០​ប្រទេស និង​បាន​សង្គ្រោះ​ជីវិត​ស្ត្រី​យ៉ាង​ច្រើន ! លោក អាចជា​សាក្សី​បានឃើញ​ផ្ទាល់​នឹង​ភ្នែក កាល​លោក​នៅ​ជា​ប្រធាន​ភ្នាក់ងារ​ជនភៀស​ខ្លួន​។ នេះ​បើ​តាម​ការ​អះអាងរបស់​លោក​​អគ្គលេខាធិការ​អង្គការ​ប្រជាជាតិ Antonio Guterres។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ចន្ទ​ទី ៣​មេសា លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ចេញ​បញ្ជា​ឱ្យ​រដ្ឋាភិបាល​អាមេរិក​ ចាត់​វិធានការចាំបាច់ ដូច​មាន​ចែង​​តាម​ផ្លូវ​ច្បាប់ ថា​ថវិកា​របស់​ពលរដ្ឋអាមេរិក មិន​ត្រូវ​បាន​យក​ទៅ​ឧបត្ថម្ភ​ស្ថាប័ន ឬ​អង្គការ​ និង​កម្មវិធី​ណា​ដែល​​គាំទ្រឱ្យ​មាន​ការ​​រម្លូត​កូន ឬ​ធ្វើ​ឱ្យ​ស្ត្រី​គ្មាន​កូន​ដោយ​អចេតនា​។ ដោយ​ជាក់​ស្តែង អាមេរិក​បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​ថវិកា៣២,៥លាន សម្រាប់​ឆ្នាំ​២០១៧ ឱ្យ​មូលនិធិអង្គការ​សហប្រជាជាតិ​ដើម្បី​​ប្រជាជន ក្រោម​ហេតុផល​ថា​ស្ថាប័ន​នេះ បាន​លើក​ទឹក​ចិត្ត​ឱ្យ​ចិន​​ប្រើ​វិធី​រម្លូត​កូន និងបង្ខំ​​មិន​បង្កើត​កូន​បាន ស្រប​តាមនយោបាយ​​កម្មវិធី​គ្រួសារ​របស់​​ប្រទេស។

ប៉ុន្តែ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​មូលនិធិ អាមេរិក​ធ្វើ​ការ​ចោទ​ប្រកាន់​ខុស ! អង្គការ​បំពេញ​ការងារ​គ្រប់​យ៉ាង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដែល​បុគ្គល​គ្រប់​រូប គូស្វាមី​គ្រប់​គូ អាច​ធ្វើ​សេចក្តី​​សម្រេច​ចិត្ត​ដោយ​​សេរី និង​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ឬ​រើស​អើង​ឡើយ។ រដ្ឋ​ជា​សមាជិកបាន​លើ​សរសើរ​អំពី​ផល​ល្អ​នៃ​កម្មវិធី​របស់​មូលនិធិ​ នៅ​ចិន ព្រោះ​ជា​ទូទៅ តាម​រយៈ​កម្មវិធី​របស់​មូលនិធិ ជីវិត​ស្ត្រី​ជា​ពាន់​នាក់​ត្រូវ​បាន​សង្គ្រោះ កាត់​បន្ថយ​អត្រា​មរណៈ​មាតា អត្រា​ពិការភាព​ នៅ​ក្នុង​សហគមន៍​ក្រីក្រ តំបន់​មាន​ជម្លោះ និងមាន​គ្រោះ​ធម្មជាតិ ដូចយ៉ាង​នៅ​អ៊ីរ៉ាក់ នេប៉ាល់ ស៊ូដង់ ស៊ីរី ហ្វីលីពីន អ៊ុយក្រែន និង​យេម៉ែន ជា​ដើម៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ