អានតួអត្ថបទ

សភា​អាមេរិក​អនុម័ត​លុបចោល​ច្បាប់សុខភាព​​អូបាម៉ាឃែរ

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ឧសភា​នេះ សភា​អាមេរិកបោះឆ្នោត​អនុម័ត​ច្បាប់​ធានារ៉ាប់រង​សុខភាព​ថ្មី ដើម្បី​យក​មកជំនួស​ច្បាប់​អូបាម៉ាឃែរ ក្នុង​សំឡេង​យ៉ាង​ប្រផុតប្រផើយ​បំផុត ២១៧​គាំទ្រ​ទល់​នឹង​២១៣​ប្រឆាំង។ ប៉ុន្តែ​គ្រប់​គ្រាន់​សម្រាប់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ស្រែក​អបអរ យ៉ាង​ហោច​ក៏​បាន​មួយភ្លែតដែរ។ ជោគជ័យ​ដំណាក់កាល​ដំបូង​នេះ​ជា​លទ្ធផល​នៃ​ការ​ចរចា​អស់​ជា​ច្រើន​សប្តាហ៍​ រវាង​អ្នក​អភិរក្ស​ ស្តាំ​ជ្រុល​និយម​ដែល​លុប​បំបាត់​ទាំង​ស្រុង​ច្បាប់​សុខភាព​របស់​លោក​អូបាម៉ា តែ​អ្នក​មិន​ប្រកាន់​តឹង​ចង់​រក្សា​គោលការណ៍​សំខាន់ៗ​នៃច្បាប់​អូបាម៉ាឃែរ។

លោក ដូណាល់ ត្រាំ អម​ដោយ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​នៅ​សេតវិមាន ក្រោយ​ការ​អនុម័ត​ច្បាប់​សុខភាព​ ត្រាំឃែរ
លោក ដូណាល់ ត្រាំ អម​ដោយ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​នៅ​សេតវិមាន ក្រោយ​ការ​អនុម័ត​ច្បាប់​សុខភាព​ ត្រាំឃែរ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​អនុម័ត្រ​លុបចោល​​ច្បាប់​ស្តីពី​សុខភាព​អូបាម៉ាឃែរ លោក ដូណាល់ត្រាំ អាច​ញញឹម​សម ហើយ​ក្តី​សង្ស័យ​មួយ​ចំនួន​ទាក់ទង​នឹង​សមត្ថភាព​​ដឹកនាំ​ប្រទេស​របស់​លោក​ ត្រាំ ក៏​ត្រូវ​រលុប​បាត់។ ជាពិសេស​ទៅ​ទៀត ការ​អនុម័ត​ច្បាប់​យប់​មិញ​នេះបាន​ ស​ឱ្យ​ឃើញ​ថា នៅទីបំផុត​អ្នក​សាធារណរដ្ឋ ដែលមាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​ ក៏ចេះ​ត្រូវ​រ៉ូវ​គ្នា​អាច​សម្រេច​​អនុម័តច្បាប់​មួយ​បានដែរ។

ដាន​​បរាជ័យ​នយោបាយ​ដ៏​ជូរ​ចត់​បំផុត កាលពី​ខែ​មីនា -កាល​ដែល​សំណើ​ច្បាប់​សុខភាព​លោក​ត្រាំ​ទី​មួយ ត្រូវបង្ខំ​ចិត្ត​​ដក​ចេញ​វិញ មិន​បោះឆ្នោត ព្រោះ​​គ្មាន​ការ​​ព្រមព្រៀង​គ្នាក្នុង​រង្វង់​បក្ស​កាន់​អំណាច ក៏​​លុប​បំបាត់ដែរ។

ប៉ុន្តែ​នេះ​គ្រាន់​តែ​ជោគជ័យ​ដំណាក់​កាល​ដំបូង​ប៉ុណ្ណោះ។ ច្បាប់​ស្តីអំពី​សុខភាព​របស់​លោក ត្រាំ ឬ​ត្រាំឃែរ ត្រូវ​ឆ្លង​កាត់​ព្រឹទ្ធសភា​អាមេរិក។ ច្បាប់​នេះ​ទំនង​ជា​ត្រូវ​វិសោធកម្ម​បន្ថែម​ទៀត​។ ព្រឹទ្ធសភា​ ​បាន​ប្រកាស​ជំហរ​ប្រឆាំង​រួច​ទៅ​ ថា​ត្រាំឃែរ បាន​លុប​ការ​ធានារ៉ាប់រង​សុខភាព​របស់​ពលរដ្ឋ​ជា​អ្នក​ជំងឺ (អ្នក​មាន​ជំងឺរ៉ាំរៃ ទឹកនោមផ្អែម មហារីក និង​បេះដូង)​ ប្រៀប​ដូច​ជា​​ផ្តាច់​​​ប្រាក់​៦០០​ពាន់​លាន​ដុល្លារសម្រាប់​សុខភាព​អ្នក​ក្រ យក​​ទៅ​ឱ្យ​ពួក​ក្រុមហ៊ុន និង​ក្រុម​អ្នក​មាន យ៉ាង​ដូច្នោះ។

បើ​តាម​ច្បាប់​ថ្មី ត្រាំឃែរ ដែល​មក​លុប​ច្បាប់​ស្តីពី​សុខភាព​អូបាម៉ាឃែរ អនុម័ត​កាលពី​ឆ្នាំ​២០១០ ពលរដ្ឋអាមេរិក​លែងមាន​កាតព្វកិច្ច​ទិញ​ធានារ៉ាប់រង​សុខភាព​ និង​គ្មាន​ការ​ពិន័យ​សម្រាប់​អ្នក​គ្មាន​ធានារ៉ាប់រង​ទៀត​ដែរ។ កម្មវិធី​ធានារ៉ាប់រង​សុខភាព​រដ្ឋ​សហព័ន្ធ​សម្រាប់​ពលរដ្ឋ​ក្រីក្រ នឹង​ត្រូវ​កាត់​បន្ថយ​បន្តិច​ម្តងៗ ដែល​មាន​ន័យ​ថា​ពលរដ្ឋ​មាន​សុខភាព​មិន​ល្អ​​អាច​នឹងលែង​ទទួល​បាន​ការធានារ៉ាប់រង​ពី​រដ្ឋ ព្រោះ​គ្មាន​ថវិកា ឬ​ក៏​ត្រូវ​បង់​ការធានារ៉ាប់រង​សុខភាព​ថ្លៃ​ ព្រោះ​​ខ្លួន​ស្ថិត​ក្នុង​ចង្កោម​ពលរដ្ឋ​មាន​ហានិភ័យ​ខ្ពស់ មិន​ខុស​អ្វី​ពី​ឡាន​ចាស់​បង់​ធានារ៉ាប់រង​ថ្លៃ​នោះ​ទេ។ ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព​មាន​ការ​​ប្រកួត​ប្រជែង​គ្នា​ខ្លាំង អាចស្នើតម្លៃ​ទាប តែ​ក៏​អាច​ដំឡើង​ថ្លៃ​សម្រាប់​អ្នក​រោគ​ជាប់​ខ្លួន សម្រាប់​មនុស្ស​ចាស់​ជិតចូល​និវត្តន៍។​

បើ​តាម​របាយការណ៍​ដំបូង របស់​ការិយាល័យ​ថវិកា​សភា កំណែទម្រង់​ច្បាប់​សុខភាព​របស់​លោក​ត្រាំ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក​ប្រមាណ​១៤​លាន​នាក់​អស់​ការ​ធានា​រ៉ាប់រង​សុខភាព ចាប់​ពី​ឆ្នាំ​២០១៨​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ