អានតួអត្ថបទ
អាមេរិក

អាមេរិក៖គណៈកម្មការ​ព្រឹទ្ធសភា​ហៅ​លោក Jeff Sessions ទៅ​សួរនាំ​ក្នុង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

នៅ​សហរដ្ឋអាមេរិក ៥ថ្ងៃ​ក្រោយ​ពី​បាន​សួរ​ដេញដោល​លោក​អតីត​នាយក FIB James Comey មក គណៈកម្មការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​បាន​កោះ​ហៅ​នា​ថ្ងៃ​អង្គារ ទី១៣ មិថុនា​នេះ​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ Jeff Sessions ទៅ​សួរ​នាំ​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី។ វេទិកា​សួរ​ដេញដោល​លោក Jeff Sessions ចាប់​ផ្តើម​ពី​ម៉ោង ១ និង​៣០នាទី​រសៀល​ម៉ោង​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន និង​រៀបចំ​ឡើង​ជា​សាធារណៈ​តាម​ការ​ស្នើ​សុំ​របស់​លោក Jeff Sessions។

លោក​​រដ្ឋមន្រ្តី​​ក្រសួងយុត្តិធម៌​អាមេរិក​ Jeff Sessions
លោក​​រដ្ឋមន្រ្តី​​ក្រសួងយុត្តិធម៌​អាមេរិក​ Jeff Sessions REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​គណៈកម្មការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​បាន​កោះ​ហៅ​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ Jeff Sessions ទៅ​សួរ​នាំ​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​អង្គារ ទី១៣ មិថុនា​នេះ។ មិន​ចៃដន្យ ព្រោះ​នា​ឱកាស​វេទិកា​ចោទ​សួរ​លោក​អតីត​នាយក FBI James Comey រយៈពេល ៣ម៉ោង​កាល​ពី ៥ថ្ងៃ​មុន ឈ្មោះ​លោក Sessions ត្រូវ​បាន​លោក Comey លើក​យក​ទៅ​និយាយ​ច្រើន​ដង​ទាក់ទង​នឹង​សំណុំរឿង​ជាមួយ​ប្រទេស​រុស្ស៊ី។ មាន​សំណួរ​ជា​ច្រើន​ដែល​គណៈកម្មការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​ចង់​បាន​ចម្លើយ​ពិត​ពី​លោក Sessions។

ទី១ ហេតុអ្វី​បាន​ជា​លោក Sessions បាន​ជួប​លោក​ឯកអគ្គរដ្ឋទូត​រុស្ស៊ី Seigueï Kisliak ប្រចាំ​សហរដ្ឋអាមេរិក​ជា​ច្រើន​ដង​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក? ទី២ ហេតុ​អ្វី​បាន​ជា​លោក Sessions បិទមាត់ មិន​ប្រាប់​ព័ត៌មាន​ស្តីពី​ជំនួប​នេះ​ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ទី៣ តើ​លោក Sessions អាច​បញ្ជាក់​លើ​ព័ត៌មាន​ដែល​លោក Comey បាន​រៀបរាប់​កាល​ពី ៥ថ្ងៃ​មុន​នៅ​មុខ​គណៈកម្មការ​ស៊ើបអង្កេត​របស់​ព្រឹទ្ធសភា​ឬ​ទេ? និង​ទី៤ ហេតុ​អ្វី​បាន​ជា​លោក Sessions សុខចិត្ត​ដើរ​ចេញ​ពី​ការិយាល័យ​ប្រធានាធិបតី​របស់​លោក​ដូណាល់ ត្រាំ​ដើម្បី​ទុក​ឲ្យ​លោក Comey នៅ​ជាមួយ​លោក​ត្រាំ​តែ​ពីរ​នាក់?។

សូម​ជម្រាប​ជូន​ថា​កាល​ពី​ខែ​មីនា​កន្លង​ទៅ លោក Sessions ធ្លាប់​បាន​សារភាព​ថា លោក​បាន​ជួប​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក​លោក Seigueï Kisliak ចំនួន​ពីរ​ដង។ តែ​លោក Sessions មិន​បាន​ប្រាប់​ពី​ហេតុផល និង​ក៏​មិន​បាន​ទម្លាយ​ព័ត៌មាន​ពី​ជំនួប​នេះ​ក្នុង​ពេល​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​រួច​ផុត​ពី​ការ​ស៊ើបអង្កេត​មក​ដល់​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ