អានតួអត្ថបទ

លោក ត្រាំ​ ជួបបរាជ័យ​ជាថ្មី ក្នុងការប៉ុន​ប៉ង​លុប​ច្បាប់​សុខភាព​របស់​លោក​អូបាម៉ា

បក្ស​​សាធារណរដ្ឋ​ និង​លោក​ប្រធានាធិបតី​​ ដូណាល់ ត្រាំ រីករាយ​មិន​បាន​២៤​ម៉ោង​ស្រួល​បួល ក៏​ស្រាប់​តែ​បាន​ភ្លក្ស​រសជាតិ​​បរាជ័យជា​ថ្មី ក្នុង​សំណុំ​រឿង​ចង់​លុប​ចោល​​​ច្បាប់​ធានារ៉ាប់​រង​សុខភាព​​អូបាម៉ាឃែរ។ នៅ​យប់​មិញ​ ព្រឹទ្ធសភា​អាមេរិក​បានបោះឆ្នោត​​ច្រាន​ចោល​គម្រោង​ច្បាប់​នោះ​ ក្នុង​សំឡេង​ប្រឆាំង​៥៥ ក្នុង​នោះ​៧​សំឡេង​បាន​មក​ពី​​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​។

លោកត្រាំ បរាជ័យ​ជាថ្មី​ក្នុង​ការ​លុប​ច្បាប់​សុខភាព​អូបាម៉ាឃែរ
លោកត្រាំ បរាជ័យ​ជាថ្មី​ក្នុង​ការ​លុប​ច្បាប់​សុខភាព​អូបាម៉ាឃែរ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​អង្គារ​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​យ៉ាង​ប្រផុត​ប្រផើយ​ បើក​ឱ្យ​មាន​ការ​ជជែក​​ពិភាក្សា​គ្នា ក្រែង​អាច​អនុម័ត​បាន​នៅ​សប្តាហ៍​នេះ គម្រោង​ច្បាប់សំដៅ​លុប​ចោល​ទាំង​ស្រុង​និង​មួយ​ភាគ​ ច្បាប់​ធានារ៉ាប់រង​សុខភាព​ជា​មរតក​របស់​លោក​អូបាម៉ា។

២៤​ម៉ោង​ក្រោយ ព្រឹទ្ធសភា​អាមេរិក​បាន​ច្រាន​ចោល​គម្រោង​ច្បាប់​នេះ​តែ​ម្តង ជាមួយ​សំឡេង​៥៥។ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ខ្លាំង គឺ​សមាជិក​ព្រឹទ្ធ​​មក​ពី​បក្ស​សាធារណរដ្ឋចំនួន​៧រូប រាប់​ទាំង​លោក​ចន ម៉ាខែន​ផង បាន​ភ្ជាប់​ខ្លួន​នឹង​ក្រុម​អ្នក​ប្រជាធិបតេយ្យ បោះឆ្នោត​ប្រឆាំង​ដែរ។

តាមការ​ពិត​ បក្ស​សាធារណរដ្ឋ​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធ​សភា​ទេ ! ប៉ុន្តែ​ថ្វី​បើ​អ្នក​សាធារណរដ្ឋ​ទាំង​អស់​​មិន​ពេញ​ចិត្ត​នឹង​ច្បាប់​អូបាម៉ាឃែរ​មែន តែ​ពួក​គេ​មិន​ចុះ​សម្រុង​គ្នា​នឹង​ខ្លឹម​សារ​នៃ​គម្រោង​ច្បាប់​លុប​ចោល​ច្បាប់​សុខភាព​របស់​លោក​អូបាម៉ា​ទេ។ ពេល​នេះ ក្រុម​អ្នក​សាធារណរដ្ឋ​ កំពុង​ឈានទៅ​រក​ជម្រើស​​ថ្មី គឺបន្ត​ពុះពារ​​​ធ្វើ​កំណែទម្រង់​រំលាយ​ច្បាប់​អូបាម៉ាឃែរ​ដដែល​តែ​មាន​កំរិត ដោយ​ប្រសិទ្ធិនាម​ថា “លុប​មាន​កំរិត”។

ជម្រើស​នេះ នឹង​​ត្រូវ​លុប​ចោល ពាក្យ​ កាតព្វកិច្ច​ដែល​បង្ខំ​ពលរដ្ឋ​​គ្រប់រូប​​ទិញ​ការ​ធានារ៉ាប់រង​សុខភាព បើ​មិន​ចង់​បង់​ពិន័យ​ និង​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​ដែល​ត្រូវ​បង់​ធានារ៉ាប់រង​សុខភាព​ឱ្យ​បុគ្គលិក។ កំណែទម្រង់​ដ៏​តិច​តួច​នេះ ក៏​នឹងលុប​ចោល​ពន្ធលើ​ក្រុមហ៊ុន​ផលិត​សម្ភារៈ​បរិក្ខា​ពេទ្យ។

ម្យ៉ាង​ទៀត ប្រធាន​ក្រុម​អ្នក​សាធារណរដ្ឋ មិន​យក​សំណើ​កំណែទម្រង់​នេះ ទៅ​ធ្វើ​ជា​គម្រោង​ច្បាប់​ ពេញ​លេញ​ទេ តែ​យក​វា​មក​ធ្វើ​មូលដ្ឋាន​នេះការ​ជជែក​ចរចា​គ្នា​ ឆ្លង​ពី​​​សភា​ទៅ​​ព្រឹទ្ធសភា និង​ពី​ព្រឹទ្ធសភា​មក​សភា។ សភា​អាមេរិក​បាន​អនុម័ត​ការ​លុប​ចោល​ច្បាប់​អូបាម៉ា​ឃែរ​ហើយ​ ហើយ​ក៏​បាន​អនុម័ត​គម្រោង​កំណែទម្រង់​ច្បាប់​សុខភាព​ថ្មី​ដែរ ប៉ុន្តែ​ព្រឹទ្ធសភា​ច្រាន​ចោល។ ព្រឹទ្ធសភា​បាន​ស្នើ​គម្រោង​កំណែទម្រង់​​ដែរ តែ​ត្រូវ​សភា​បដិសេធ។ សភា​និង​ព្រឹទ្ធសភា​ត្រូវ​ អនុម័ត​ច្បាប់​​តែមួយ​ដូច​គ្នា ទើប​ប្រធានាធិបតី​អាច​ចុះ​ហត្ថលេខា​ដាក់​ឱ្យ​ប្រើប្រាស់​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ