អានតួអត្ថបទ
សមុទ្រ​ការ៉ាអ៊ីប

កោះ​នៅ​សមុទ្រ​ការ៉ាអ៊ីប ធ្លាក់ខ្លួន រងគ្រោះ​ជាថ្មី ដោយ​ព្យុះសង្ឃរា​ម៉ារីយ៉ា

គ្រោះជាន់​លើគ្រោះ។ បណ្តា​ប្រទេស​កោះ​នៅ​សមុទ្រ​ការ៉ាអ៊ីប ដែល​នៅ​មិនទាន់​ងើប​រួចផុត​ផង ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ បង្ក​ឡើង​ដោយ​ខ្យល់ព្យុះ​អ៊ូរ៉ាហ្កង់​អៀរម៉ា នៅ​ថ្ងៃចន្ទ​ម្សិលមិញ បាន​រងគ្រោះ​បក់បំផ្លាញ​ជាថ្មី ដោយ​ខ្យល់ព្យុះ​មួយទៀត ឈ្មោះ​ម៉ារីយ៉ា។ បក់​ក្នុង​ល្បឿន ២៥៧​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ព្យុះសង្ឃរា​ម៉ារីយ៉ា នៅ​ព្រឹកថ្ងៃ​អង្គារ​នេះ​បាន​បក់​បំផ្លាញ​ស្ទើរ​ខ្ទេចខ្ទី​ប្រទេស​កោះ ដូមីនិក មុន​នឹង​សំដៅ​ទៅ​ប្រជុំកោះ​របស់​បារាំង អាមេរិក និង​អង់គ្លេស នៅ​សមុទ្រ​ការ៉ាអ៊ីប។

ព្យុះអ៊ូរ៉ាហ្កង់ ម៉ារីយ៉ា​ដែល​បាន​បង្កើន​កម្រិត​ដល់​លេខ​៥ ដែល​ជា​កម្រិត​ព្យុះកំណាច​បំផុត ថត​បាន​ដោយផ្កាយរណប​របស់​NOAA's GOES នៅថ្ងៃទី ១៨​កញ្ញា ២០១៧
ព្យុះអ៊ូរ៉ាហ្កង់ ម៉ារីយ៉ា​ដែល​បាន​បង្កើន​កម្រិត​ដល់​លេខ​៥ ដែល​ជា​កម្រិត​ព្យុះកំណាច​បំផុត ថត​បាន​ដោយផ្កាយរណប​របស់​NOAA's GOES នៅថ្ងៃទី ១៨​កញ្ញា ២០១៧ ©Courtesy NASA/NOAA GOES Project/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​សមុទ្រ​ការ៉ាអ៊ីប នៅព្រឹកថ្ងៃ​អង្គារ​នេះ ប្រទេស​កោះ​ដូមីនីក​បាន​រងគ្រោះ យ៉ាងដំណំ​ដោយសារ​ការវាយបក់​បំផ្លាញ​របស់​ព្យុះសង្ឃរា ម៉ារីយ៉ា។ ម៉ារីយ៉ា​ដែល​បាន​វិវឌ្ឍខ្លួន យ៉ាង​ឆាប់​រហ័ស ពី​ព្យុះត្រូពិក មក​ជា​ព្យុះអ៊ូរ៉ាហ្កង់ កម្រិត​លេខ​៥ ដែល​ជាកម្រិត​កាចសាហាវ​បំផុត បាន​បក់កាត់ បំផ្លាញ ប្រទេស​កោះ​ដូមីនីក ក្នុង​ល្បឿន ២៥៧​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។

នៅ​ក្នុង​សារ​របស់​បណ្តាញ​សង្គម​ហ្វេសប៊ុក នាយករដ្ឋមន្រ្តី​របស់​ប្រទេស​កោះ​ដូមីនីក បាន​សរសេរ​ពី​កម្លាំង ព្យុះអ៊ូរ៉ាហ្កង់ ម៉ារីយ៉ា ដែល​បាន​បក់ប៉ើង ដំបូលផ្ទុះ មិនថា ផ្ទះ​របស់​ប្រជាជន និង​ផ្ទះ​របស់​នាយករដ្ឋមន្រ្តី​ផ្ទាល់។ ស្ថិតនៅ​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន កម្រិត​ខ្ពស់​បំផុត ប្រមុខរដ្ឋាភិបាល​ដូមីនីក​បាន​ព្រមាន​ពី​គ្រោះថ្នាក់​បាត់បង់​ជីវិត​របស់​ប្រជាជន នៅក្នុង​ការបាក់ដី ដោយសារ​តែ​ទឹកភ្លៀង​ដ៏ជោគជាំ។

តាមការព្យាករ​របស់​អ្នកឧតុនិយម​អាមេរិក ព្យុះកំណាច ទឹករលក​ដ៏គ្រោះថ្នាក់ ទឹកជំនន់ ហើយ​និង​ការបាក់ដី ដោយសារ​ទឹកភ្លៀង កំពុង​គំរាមកំហែង​បណ្តាកោះ នៅ​សមុទ្រ​ការ៉ាអ៊ីប។ នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​បក់កាត់ ទាំងជំហរ ប្រទេស​កោះ​ដូមីនីក ព្យុះ​អូរ៉ាហ្កង់ ម៉ារីយ៉ា បាន​បក់ផាត់​កោះ​ហ្គ័ដឺលូប​Guadeloupe របស់​បារាំង។ ទោះ​ជាភ្នែក​របស់​ព្យុះ​អ៊ូរ៉ាហ្កង់ ម៉ារីយ៉ា​មិន​បាន​ស្ថិតនៅ​ពីលើ កោះ​ហ្គ័ដឺលូប ដូច​ប្រទេស​កោះ ដូមីនិក ប៉ុន្តែ អាជ្ញាធរ​បារាំង​បាន​ព្រមាន​រួចហើយ​ពី​ការខាតបង់​ដ៏ធ្ងន់ធ្ងរ ព្រោះថា ហ្គ័រដឺលូប ជាទីតាំង​សំខាន់​ដែល​រដ្ឋាភិបាល​បារាំង ប្រើ​ធ្វើ​ជា​កន្លែង​ផ្តល់​ជំនួយ សង្រ្គោះ​បន្ទាន់​សម្រាប់​ជនរងគ្រោះ​ដោយសារ​ព្យុះអ៊ូរ៉ាហ្កង់ អៀរម៉ា នៅ​កោះ​សាំងម៉ាតាំង ហើយ​និង​កោះសាំង បាតេលេមី។ បន្ទាប់​ពី​កោះ​ហ្គ័រដឺលូប ព្យុះអ៊ូរ៉ាហ្កង់ ម៉ារីយ៉ា ដែល​បាន​ថយ​កម្លាំង​មក​នៅ​ត្រឹមលេខ ៤ ត្រូវ​​បក់​សំដៅ​ទៅរក​កោះ​ព័រតូរីកូ របស់​អាមេរិក នៅ​សមុទ្រ​ការ៉ាអ៊ីប។

ហាវ៉េ អៀរម៉ា ឥលូវ​ដល់​វេន​ព្យុះអ៊ូរ៉ាហ្កង់ ម៉ារីយ៉ា។ ប្រជាជន​រស់នៅ​លើ​បណ្តា​កោះ​ក្នុង​សមុទ្រ​ការ៉ាអ៊ីប រងគ្រោះ ម្តងហើយ ម្តងទៀត​ដោយសារ​ខ្យល់ព្យុះ​កំណាច ជាប្រវត្តិសាស្រ្ត។ ព្យុះអ៊ូរាហ្កង់ ម៉ារីយ៉ា ទៀតសោត​កំពុង​បក់​លើ​ដាន​ផ្លូវ​ចាស់​របស់​ព្យុះអ៊ូរ៉ាហ្កង់​អៀរម៉ា ដែល​កាលពី​ជាង ២​សប្តាហ៍​មុន បាន​បំផ្លាញ​ខ្ទេចខ្ទីរ ផ្ទះសម្បែង​របស់​ប្រជាជន និង​សម្លាប់​មនុស្ស យ៉ាងហោច ៩០​នាក់ នៅ​សមុទ្រ​ការ៉ាអ៊ីប និង​នៅទឹកដី​អាមេរិក។ ក្រៅតែ​ពី​ម៉ារីយ៉ា នៅ​មាន​ព្យុះអ៊ូរ៉ាហ្កង់​មួយទៀត គឺ​Jose ដែល​កំពុង​សកម្ម និង​ចេះ​តែ​បង្កើនល្បឿន សំដៅ ទឹកដី​ភាគ​ឦសាន​របស់​អាមេរិក។ អ្នកវិទ្យាសាស្រ្ត​ជាច្រើន​ជឿជាក់ថា ព្យុះសង្ឃរា អៀរម៉ា ហាវេ និង​ម៉ារីយ៉ា​ជាដើម បាន​បង្កើន​កម្លាំង​ខ្លាំង​របស់​វា​បាន​ដោយសារ​ថាមពល​ដែល​វា​ស្រូប​បាន​មក​ពី​មហាសមុទ្រ។ ការប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ទឹកសមុទ្រ​ឡើងក្តៅ ដែល​អំណោយផល​ធ្វើ​ឲ្យ​ព្យុះត្រូពិក ដ៏សាមញ្ញ ប្រែក្លាយ​ខ្លួន​ទៅ​ ជាព្យុះអ៊ូរ៉ាហ្កង់ មានក​ម្លាំង​កាន់​តែ​ខ្លាំងជាងមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ