អានតួអត្ថបទ
សហរដ្ឋអាមេរិក

ប្រមុខការទូត​អាមេរិក​រុញច្រាន​ចោល​ព័ត៌មាន​ដែល​ថា លោកចង់​លាលែង​ពី​មុខតំណែង

រដ្ឋមន្រ្តីការទូត​អាមេរិក លោក​រេច ធីល័រសុន នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ចេញ​មុខ​បកស្រាយថា លោក​គ្មាន​គម្រោង​លាលែង​ពីតំណែង ដូច​ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកាំង​នោះទេ។ ប្រមុខការទូត​អាមេរិក​នៅ​បាន​បញ្ជាក់​ដែរ​ថា លោកនៅ​តែ​គាំទ្រ​នយោបាយ របស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ។ ការអះអាង​នេះ​បាន​កើតឡើង នៅក្រោយ​ពេល​ដែល​មាន​ព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត ពី​ភាពតានតឹង និង​ការខ្វែងគំនិតគ្នា រវាង​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ជាមួយ នឹង​រដ្ឋមន្រ្តី​ការបរទេស​របស់​លោក ជាពិសេស នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

ប្រធានាធិបតី​អាមេរិក និង​លោករេច ធីល័រសុន​នៅក្នុង​កិច្ចប្រជុំ​នៅ​ក្រុង​ញូវយ៉កនៅ​ខែ​កញ្ញា ២០១៧
ប្រធានាធិបតី​អាមេរិក និង​លោករេច ធីល័រសុន​នៅក្នុង​កិច្ចប្រជុំ​នៅ​ក្រុង​ញូវយ៉កនៅ​ខែ​កញ្ញា ២០១៧ ©REUTERS/Kevin Lamarque/File Photo
ផ្សាយពាណិជ្ជកម្ម

“ខ្ញុំ​មិនដែល​គិតគ្រោងថា នឹង​លាលែង​ចេញ​ពី​មុខ​តំណែង​នោះ​ទេ" នេះ​ជា​ប្រកាស​របស់​លោក​រេច ធីល័រសុន។ នៅក្នុង​វគ្គផ្តល់​ព័ត៌មាន​មួយ ដែល​រៀបចំ​ឡើង យ៉ាង​តក់ក្រហល់ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​ក្រសួង​ការបរទេស​អាមេរិក លោក​រេច ធីល័រសុន ​នៅ​បាន​បញ្ជាក់​ដែរ​ថា ការប្តេជ្ញា​ចិត្ត​របស់​លោក​ដើម្បី ជោគជ័យ​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ គឺ​នៅ​ដដែល គ្មាន​ផ្លាស់ប្តូរ​នោះទេ។

ប្រមុខការទូត​អាមេរិក លោក​រេច ធីល័រសុន ចេញមុខ​បកស្រាយ​នៅពេលនេះ នៅបន្ទាប់​ពី​មាន​ការចុះផ្សាយ​ព័ត៌មាន​ជាច្រើន ដែល​សរសេរ​ពី​ភាពតានតឹង រវាង លោក ហើយ និង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​ក្រើន​រំលឹក​ឲ្យ​មាន​សណ្តាប់ធ្នាប់​សាធារណៈ​ឡើងវិញ នៅក្រោយ​ព័ត៌មាន​ចុះផ្សាយ​របស់​ក្រុមហ៊ុន NBC។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកាំង នៅក្នុង​កិច្ចប្រជុំ​មួយ នៅ​ក្រសួង​ការពារ​ជាតិ កាលពី​ខែ​កក្កដា​កន្លងទៅ លោករដ្ឋមន្រ្តី​ការបរទេស រេច ធីល័រសុន ធ្លាប់​បាន​តិះដៀល លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថា ជា​មនុស្ស​ឆ្កួត និង​បាន​គំរាម​ថា នឹង​លាលែង​ចេញពី​តំណែង រដ្ឋមន្រ្តី ការបរទេស​អាមេរិក។

លោករេច ធីល័រសុន​បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ ពាក្យ​សំដី​ដែល​លោក​បាន​ប្រើ​នៅក្នុង​កិច្ចប្រជុំ នៅ​ក្រសួង​ការពារ​ជាតិ​នោះទេ។ ប៉ុន្តែ ក្រសួង​ការបរទេស​ផ្ទាល់​វិញ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ជាផ្លូវការ រុញច្រាន ព័ត៌មាន​ចុះផ្សាយ​របស់​NBC។

នៅ​ថ្ងៃល្ងាច​ថ្ងៃ​ពុធ នៅក្រោយ ការចេញមុខ​បកស្រាយ​របស់​លោក​រេច ធីល័រសុន លោកដូណាល់ ត្រាំ បាន​បញ្ជាក់ថា លោកនៅតែ​មានជំនឿចិត្ត​ពេញទំហឹង​លើ​រដ្ឋមន្រ្តី​ការបរទេស​របស់លោក និង​ថា ព័ត៌មាន​ដែល​ចុះផ្សាយ កន្លងមក ជា​រឿង​ប្រឌិត​ដោយ​ទូរទស្សន៍ NBC។ ទាំង​លោកដូណាល់ ត្រាំ ហើយនិងលោក រេច ធីល័រសុន ហាក់​ចង់​បិទបញ្ចប់ ព័ត៌មាន​ចចាមអារ៉ាម ដែល​លើកឡើង​ពី​ភាពតានតឹង​ដែល​កំពុង​មាន​រវាង​ប្រធានាធិបតី ជាមួយ​រដ្ឋមន្រ្តី​ការបរទេស។ ប៉ុន្តែ នៅ​ក្នុង​ការពិត​ជាក់ស្តែង លោកដូណាល់ ត្រាំ និង​រេច ធីល័រសុន ដែល​ទាំងពីរនាក់​សុទ្ធ​តែ​ជា​មហាសេដ្ឋី និង​អតីត​ម្ចាស់​ក្រុមហ៊ុន​យក្ស​នៅ​អាមេរិក ដូចគ្នា នៅ​មិនអាច​បិទបាំង ការមិនចុះ​សម្រុង​រវាង​គ្នា ជាពិសេស​នៅក្នុង​នយោបាយ​ការបរទេស។

នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍មុន លោក​រេច ធីល័រសុន បាន​លើកឡើង​ថា អាមេរិក​បាន​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយក្រុង​ព្យុងយ៉ាង និង​ស្ទង់ចង់​ឲ្យ​មាន​ការចរចា​ដើម្បី ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ ប៉ុន្តែ នៅ​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​បែរ​ជា​សរសេរ​នៅ​ក្នុង​សារ​Twitterថា ប្រមុខការទូត​អាមេរិក កំពុង​ខាត់បង់​ពេលវេលា ដែល​ទៅ​ចរចា​ជាមួយ​កូរ៉េខាងជើង។ នេះមិនមែន​ជា​លើកទី​១​ទេ លោក​ដូណាល់ ត្រាំ បង្ហាញ​ជំហរ​ផ្ទុយ ពី​នយោបាយ​ការបរទេស របស់​លោក​រេច ធីល័រសុន។ នៅក្នុងសំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប្រមុខការពារ​ជាតិ​អាមេរិក នៅ​ថ្ងៃ​អង្គារ​កន្លងទៅ បាន​និយាយ​គាំទ្រ​ការលើកឡើង​របស់​ប្រមុខ​ការបរទេស អាមេរិក ដោយ​ថា អាមេរិក​នៅ​តែ​មានជំហរ ចង់​ឲ្យ​មានការចរចា​ការទូត ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ