អានតួអត្ថបទ

អតីតទីប្រឹក្សាយោធាលោកត្រាំ ទំនង​ជាប៉ង​ធ្វើបច្ចាប័ន​មេបក្ស​ប្រឆាំង​តួកគី​ជាថ្នូរ​នឹង​ប្រាក់

រដ្ឋអាជ្ញាពិសេស​អាមេរិក​កំពុង​ផ្ចង់​ការ​អង្កេត​ទៅ​លើ​រូប​អតីត​ទីប្រឹក្សា​យោធា​របស់​លោក​ត្រាំ ដោយ​សង្ស័យ​ថា លោក​ Michael Flynn ទំនង​ជា​បាន​គិត​គូរ​ចង់​ធ្វើ​បច្ចាប័ន​មេបក្ស​ប្រឆាំង​តួកគី​ ហ្គូឡេន​ Fethullah Gülenទៅ​ឱ្យ​រដ្ឋាភិបាល​អង់ការ៉ា ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​។ នេះ​បើ​តាម​ការ​លេច​ធ្លាយ​ព័ត៌មាន​​នៅ​តាម​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អាមេរិក ប៉ុន្តែ​គ្មាន​ការ​បញ្ជាក់​ព័ត៌មាន​មក​ពី​ខាង​រដ្ឋាអាជ្ញា និង​ខាង​ជន​ជាប់​សង្ស័យ​ទេ។

អតីត​ទីប្រឹក្សា​យោធា​ Michael Flynn របស់​លោក​ដូណាល់ ត្រាំ
អតីត​ទីប្រឹក្សា​យោធា​ Michael Flynn របស់​លោក​ដូណាល់ ត្រាំ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

បើតាម​ទូរទស្សន៍​NBC និង​សារព័ត៌មាន​ Wall Street Journal រដ្ឋអាជ្ញាពិសេស​ លោក រ៉ូប៊ែរ ម៉ូល័រ កំពុង​ផ្ចង់​ការ​អង្កេត​ទៅ​ជំនួប​ប្រជុំ​រវាង​លោក​ Flynn និង​កូន​ប្រុស ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​ជាន់ខ្ពស់​តួកគី នៅ​ចន្លោះ​ពេល​ដែល​លោក​ដូណាល់ត្រាំ ជាប់​ឆ្នោត​ភ្លាម ថ្ងៃទី ៨ វិច្ឆិកា២០១៦ ដល់​ថ្ងៃ​ទី ២០ មករា ២០១៧ ថ្ងៃ​លោកត្រាំ​ចូល​កាន់​តំណែង​ជា​ផ្លូវការ។

ការអង្កេត​របស់​រដ្ឋ​អាជ្ញា​ពិសេស ដែល​មាន​អំណាច​ធំ និង​ឯករាជ្យបំផុតនេះ កំពុងដឹកនាំ​ធ្វើ​អង្កេត​លើ​សំណុំ​រឿង​រុស្ស៊ី​ចូល​លូក​លាន់​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ​ថា​តើ​ ក្រុមការងារ​លោក​ត្រាំ ពិត​ជា​បាន​ប្រើ​ឥទ្ធិពល​របស់​រុស្ស៊ី​មែន​ឬ​យ៉ាងណា ហើយ​តើ​លោក​ត្រាំ​បាន​ដឹងដែរ​ឬ​អត់។ នៅ​ក្នុងក្របខណ្ឌ​នៃ​ការ​​​​អង្កេតនេះ រដ្ឋអាជ្ញាបាន​ចាប់​អារម្មណ៍​នឹង​ទំនាក់ទំនង​រវាងលោក Flynnជាមួយ​នឹង​អ្នក​ការទូត​រុស្ស៊ី​នៅ​ទីក្រុង​វ៉ាស៊ីនតោន តែ​ក៏​សង្កេត​ឃើញ​មាន​សកម្មភាព​លាក់​កំបាំង​​​ក្រៅ​ផ្លូវការ​ស្តី​ពី តួកគី។

បើ​ប្រភព​ព័ត៌មាន​ទាំង​ពីរ ដែល​មាន​សំអាង​បាន​មក​ពី​​​ប្រភព​ស្និទ្ធ​នឹង​ក្រុម​អ្នក​អង្កេត តំណាងរដ្ឋាភិបាល​​តួកគី បាន​មក​ជួប​ជជែក​ជាមួយ​​​លោក Flynn និង​កូន​ប្រុស​ ដោយ​បាន​ស្នើ​នូវ​ទឹក​ប្រាក់​ចំនួន​១៥​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ធ្វើ​បច្ចាប័ន​លោក Gülen ជា​​ប្រមុខ​សាសនា​ និង​មេ​បក្ស​ប្រឆាំង​​តួកគី​ រស់​និរទេស​ខ្លួន​រដ្ឋ​ប៉េនស៊ីវ៉ានី​សហរដ្ឋ​អាមេរិក តាំង​ពី​ឆ្នាំ​១៩៩៩​មក។ ប្រធានាធិបតី​តួកគី លោក អែរដូហ្កាន បាន​ចោទ​ប្រមុខ​សាសនា​ហ្គូឡេននេះ ថា​បាន​ដឹកនាំ​នាំ​ធ្វើ​រដ្ឋប្រហារ​មិន​សម្រេច​កាលពីខែ​កក្កដា​២០១៦។

មេធាវី​របស់​លោក​Flynn បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ ទាក់​ទង​នឹង​ព័ត៌មាន​នេះ ដើម្បី​គោរព​ដំណើរការ​នីតិវិធី​ និង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​​មួយ​ចាត់ទុក ថា​ជា​ ​មិន​ពិត ចំពោះ​ដំណឹង​ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ក្លាយ​ជា​រឿង​អាស្រូវ​ ពុករលួយ​។ ចំណែក​ខាង​រដ្ឋអាជ្ញា​ក៏​បដិសេធ​មិនចេញ​​សេចក្តី​ថ្លែងការណ៍​ដែរ។

លោក​Flynn ជា​ទីប្រឹក្សា​យោធា​របស់​សេតវិមាន​រយៈ​ពេល​២២​ថ្ងៃ។ លោក​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ ដោយ​មាន​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​រុស្ស៊ី ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ