អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ទំនាស់​រវាង​រុស្ស៊ី​និង​អាមេរិក​​រាលដាល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​

ថ្ងៃពុធ ១៥ វិច្ឆិកា​នេះ ពួកអ្នក​តំណាងរាស្ត្រ​រុស្ស៊ី​ត្រូវ​បោះឆ្នោត​អនុម័តច្បាប់​ ដែល​តម្រូវ​ឲ្យ​ ប្រព័ន្ធ​ផ្សព្វផ្សាយបរទេស​​ដំណើរការនៅរុស្ស៊ី​ ជាបឋម អាមេរិកាំង​ ចុះឈ្មោះ​ក្នុងបញ្ជី​ក្រសួង​យុត្តិធម៌​រុស្ស៊ី ក្នុងឋានៈជា​ “ភ្នាក់ងារបរទេស”។ ​ច្បាប់នេះ ជាចម្លើយ​តបនឹង​ ការតម្រូវពី​ខាងអាជ្ញាធរ​អាមេរិកាំង ឲ្យ​កាណាល់ទូរទស្សន៍​រដ្ឋរុស្ស៊ី ​Russia Today ដំណើរការ​នៅ​សរអា លុះ​ទាល់តែ​សុខចិត្ត​ចុះឈ្មោះ​ទៅហើយ នៅទីនោះ​ជា “ភ្នាក់ងារ​បរទេស“ - ដំណឹងនេះ ​ប្រកាសល្ងាចមិញ​ ដោយ​អង្គភាពពត៌មាន​ សភាឌូម៉ា​ ជា សភា​ជាន់ក្រោម​នៃ​រដ្ឋសភា​រុស្ស៊ី។​

លោក​ពូទីន និង​លោក​ត្រាំ នៅ​ក្រុងដាណាង វៀតណាម ថ្ងៃ​១១វិច្ឆិកា​២០១៧។
លោក​ពូទីន និង​លោក​ត្រាំ នៅ​ក្រុងដាណាង វៀតណាម ថ្ងៃ​១១វិច្ឆិកា​២០១៧។ REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ គឺមកពី​ថ្ងៃ ១៣ វិច្ឆិកាកន្លងទៅ​ ជាថ្ងៃ​ចុងក្រោយ​កំហិត​ ដោយអាជ្ញាធរ​អាមេរិកាំង ឲ្យ​កាណាល់ទូរទស្សន៍​រដ្ឋរុស្ស៊ី​ Russia Today ដែលត្រូវ​ក្រុងវ៉ាស៊ីនតោន​ ចាត់ទុក​ជា​ម៉ាស៊ីនឃោសនារបស់​រុស្ស៊ី “ញ៉ាំងឲ្យ​មានការ​លូកដៃ​ពីខាង​រុស្ស៊ី​ ចូលក្នុង​ការបោះឆ្នោត​នៅសរអា​ត្រូវធ្វើ​ជម្រើស ៖ ឬមួយ​ចុះឈ្មោះជា “ភ្នាក់ងារបរទេស“ ឬមួយ ជាប់ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ។ ម៉ូស្គូ​ដោយដាច់ចិត្តជ្រើសយក សេណារីយ៉ូទី១ បាន​ព្រមានថា ចម្លើយ​បកទៅ​អាមេរិកវិញ​ នឹងថ្លឹងឲ្យបាន​សមស្រប ហើយ​លឿនរហ័ស។​

ម៉្លោះហើយ​បានជានៅថ្ងៃ​បន្ទាប់មក​ គឺថ្ងៃ ១៤ វិច្ឆិកា​ ពួកអ្នក​តំណាងរាស្ត្រ​រុស្ស៊ី ក្នុង​សម័យប្រជុំពិភាក្សា លើកទី១ បានអនុម័តត្រួសៗជាមុន វិសោធនកម្ម​ ភ្ជាប់​ទៅនឹង​ច្បាប់ឆ្នាំ​២០១២ ដែល​មកទល់​ឥឡូវ ប៉ះតែ​អង្គការក្រៅរដ្ឋាភិបាល ONG​ ណា​ដែល​ ទទួល​លុយ​ពីបរទេស​ ហើយ​ធ្វើសកម្មភាព​នយោបាយ​នៅរុស្ស៊ី ​ត្រូវ​ចុះឈ្មោះ​ជា”ភ្នាក់ងារបរទេស”។ ហើយ​ថ្ងៃពុធនេះ​ ក្នុងលក្ខណៈ​ទាន់ហន់ ត្រូវ​ប្រព្រឹត្តទៅ​ សម័យ​ប្រជុំ​ពិភាក្សា​វិសោធនកម្មនោះ​ ទាំង​លើកទី២ ទាំង​លើកទី៣ ដែល​ពិតជា​នឹង​អនុម័តវា​ ដាច់ស្រេច​តែម្តង ដ្បិត​តំណាងរាស្ត្រ​គ្រប់តែ​​គណបក្ស​ក្នុងសភា​ បាន​ឯកភាពគ្នា​ទៅហើយ​ ក្នុងការផ្តល់ចម្លើយ​តបនឹង​សរអា​វិញ។​

តាមសំដី​ អនុប្រធាន​សភា​ឌូម៉ា​ អតីត​អ្នកកាសែត លោកPiotr Tolstoi៖ ក្នុងអត្ថបទ​ច្បាប់ថ្មី​នោះ គឺគ្មាន“បញ្ជីខ្មៅ” នៃ​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស​ទេ។ ពីព្រោះ បំពាក់ដោយ​សមត្ថកិច្ច​កំណត់ តើ​ប្រព័ន្ធផ្សព្វផ្សាយ​បរទេសណាខ្លះ​នៅរុស្ស៊ី ដែលត្រូវ​ចុះឈ្មោះ​ជា”ភ្នាក់ងារបរទេស “ គឺក្រសួង​យុត្តិធម៌រុស្ស៊ី​តែម្តង។ ហើយបើ​ គេ​មិនព្រម​ចុះឈ្មោះ​បែបនេះ គឺ​គេមុខជា​លែងអាច​ដំណើរការ​នៅរុស្ស៊ី​ទៀតឡើយ។​

ទោះយ៉ាងណាក្តី​ អស់ប៉ុន្មានថ្ងៃ​ជាប់មកហើយ​ ទូរទស្សន៍​រុស្ស៊ី​តែងបង្ហើប​ឲ្យដឹងថា​ ចម្លើយ​រុស្ស៊ី​តម្រង់ជា​បឋម ទល់នឹង​ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកាំង​​បែបយ៉ាង CNN, Voice of America, Radio Liberty ។

ជាការ​កត់សម្គាល់​ ការដែល​អាជ្ញាធរ​អាមេរិកាំង “ធ្វើសរសៃ“ កាណាល់​ទូរទស្សន៍​រុស្ស៊ី​នៅសរអា បាន​ញ៉ាំងឲ្យ​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន​ ច្រឡោត​មិន​ស្ទើរឡើយ​ ដោយ​គាត់​ចាត់ទុកជា​“ការវាយប្រហារ​មកលើ​សេរីភាព​បញ្ចេញមតិ”​ ទាំង​សន្យា​​ឲ្យ​​”មេរៀន”​ទៅ​ក្រុងវ៉ាស៊ីនតោន​វិញ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ