អានតួអត្ថបទ
អ.ស.ប. អាមេរិក

អាមេរិក​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ថ្កោលទោស​អាមេរិក​

នៅ​ថ្ងៃ​ចន្ទ ទី១៨ ធ្នូ និង​ដូច​ដែល​គ្រប់​គ្នា​បាន​រង់ចាំ អាមេរិក​បាន​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ថ្កោលទោស​លើ​ការ​សម្រេចចិត្ត​របស់​លោក​ដូណាល់ ត្រាំ​ដែល​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល។ សេចក្តីសម្រេចចិត្ត​បាន​បញ្ជាក់​ច្បាស់ៗ​ថា គំនិត​ផ្តួចផ្តើម​ជា​លក្ខណៈ​ឯតោភាគី​របស់​លោក​ដូណាល់ ត្រាំ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​វា​មិន​បាន​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ ជា​ថ្មី​ម្តង​ទៀត សេចក្តីសម្រេចចិត្ត​ដែល​បាន​យល់ព្រម​ដោយ ១៤ប្រទេស​សមាជិក​បាន​ដាក់​អាមេរិក​ឲ្យ​នៅ​ឯកោ។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិលើកដៃ​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ថ្កោលទោស​អាមេរិក​ពី​បទ​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​របស់​អ៊ីស្រាអែល
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិលើកដៃ​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ថ្កោលទោស​អាមេរិក​ពី​បទ​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​របស់​អ៊ីស្រាអែល REUTERS/Brendan McDermid
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ទាំង ១៥ប្រទេស មាន​តែ​អាមេរិក​មួយ​គត់​ដែល​តំណាង​ដោយ​លោកស្រី​ឯកអគ្គរដ្ឋទូត Nikki Halley បាន​លើកដៃ​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​នា​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ ទី១៨ ធ្នូ។ គឺ​ជា​សេចក្តីសម្រេចចិត្ត​មួយ​ដែល​ក្រុមប្រឹក្សាប្រឹក្សា​សន្តិសុខ​បាន​ថ្កោលទោស​អាមេរិក​ពី​បទ​បាន​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។ ក្រុមប្រឹក្សាសន្តិសុខ​បាន​យល់​ឃើញ​ថា គំនិត​ផ្តួចផ្តើម​ជា​លក្ខណៈ​ឯកតោភាគី​របស់​អាមេរិក​ដូច​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

យ៉ាង​ណា​ក៏​ដោយ លោកស្រី Halley ហាក់​ធ្វើ​ដូច​ជា​ភ្ញាក់ផ្អើល​លើ​ការ​សម្រេចចិត្ត​ជា​ឯកច្ឆន្ទ​របស់​ប្រទេស​សមាជិក​ផ្សេង​ប្រឆាំង​នឹង​អាមេរិក រួច​បែរ​ជា​ថ្លែង​ពង្រាង​ក្នុង​រឿង​ជំនួយ​ដែល​អាមេរិក​បាន​ផ្តល់​ឲ្យ​ប៉ាឡេស្ទីន​ច្រើន​ជាង​ប្រទេស​ផ្សេង​ទៅ​វិញ។ បន្ទាប់​មក​ទៀត លោកស្រី Halley ក៏​បាន​ថ្លែង​បរិហារ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដោយ​ចាត់​ទុក​ជា​ការ​ប្រមាថ​លើ​សហរដ្ឋអាមេរិក និង​ថា អាមេរិក​មិន​អាច​បំភ្លេច​រឿង​នេះ​បាន​ទេ។ សម្រាប់​លោកស្រី Halley សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ពេល​នេះ​ជា​ឧទាហរណ៍​មួយ​បន្ថែម​ទៀត​ដែល​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​រឿង​អាក្រក់​ច្រើន​ជាង​រឿង​ល្អ​នៅ​ក្នុង​ចម្លើយ​របស់​ខ្លួន​សម្រាប់​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

លោកស្រី Halley បាន​បន្ថែម​ទៀត​ថា អាមេរិក​បាន​ចូលរួម​ច្រើន​ណាស់​ក្នុង​ការ​ជំរុញ​ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​មជ្ឈិមបូព៌ា ពោល​មុន​លោក​ដូណាល់ ត្រាំ​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​របស់​អ៊ីស្រាអែល​ទៅ​ទៀត។ សូម​ជម្រាប​ជូន​ថា​កន្លង​មក អាមេរិក​ក៏​ធ្លាប់​បាន​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ក្នុង​រឿង​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន​ដែរ។ យ៉ាង​ណា​ក៏​ដោយ រឿងរ៉ាវ​មួយ​កំពុង​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ឯកោ​នៅ​លើ​ឆាកអន្តរជាតិ។ លោក​អនុប្រធានាធិបតី​អាមេរិក Mike Pence ដែល​គ្រោង​ទៅ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល និង​នៅ​អេហ្ស៊ីប​ក្នុង​សប្តាហ៍​នេះ​បាន​លើក​ពេល​ទៅ​ពាក់កណ្តាល​ខែ​មករា ឆ្នាំ ២០១៨ វិញ។

តែ​ចាប់​ពី​ពេល​នេះ​ទៅ ស្ថានការណ៍​អាច​នឹង​មាន​ការ​វិវត្តន៍​បន្ថែម​ទៀត ពិសេស​នៅ​អង្គការ​សហប្រជាជាតិ​ដែល​សេចក្តីសម្រេច​ស្រដៀង​គ្នា​នឹង​ក្រុមប្រឹក្សាសន្តិសុខ​អាច​នឹង​អនុម័ត​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ