អានតួអត្ថបទ
អាមេរិក

FBI ចាប់ខ្លួន​អតីត​ទាហាន​ម្នាក់​ពី​បទ​រៀប​ផែនការ​ភេរវកម្ម​ក្នុង​ថ្ងៃបុណ្យ​ណូអែល​នៅ San Francisco

នៅ​សហរដ្ឋអាមេរិក ភ្នាក់ងារ FBI បាន​ចាប់​ខ្លួន​លោក Everitt Aaron Jameson អតីត​ទាហាន​ម្នាក់​ពី​បទ​បាន​រៀបចំ​ផែនការ​ភេរវកម្ម​មួយ​ចំ​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ក្នុង​ទីក្រុង San Francisco។ ព័ត៌មាន​ផ្តល់​ដោយ​តុលាការ​បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ FBI បាន​ចាប់​ខ្លួន​លោក Jameson កាល​ពី​ថ្ងៃ​សុក្រ ទី២២ ធ្នូ និង​ថា ផែនការ​ភេរវកម្ម​ដែល​លោក Jameson បាន​រៀបចំ​នោះ​បាន​បាន​ចម្លង​យក​តាម​ម៉ូដែល​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

FBI ចាប់ខ្លួន​អតីត​ទាហាន​ម្នាក់​ពី​បទ​បាន​រៀបចំ​ភេរវកម្ម​ក្នុង​ថ្ងៃបុណ្យ​ណូអែល​នៅ San Francisco
FBI ចាប់ខ្លួន​អតីត​ទាហាន​ម្នាក់​ពី​បទ​បាន​រៀបចំ​ភេរវកម្ម​ក្នុង​ថ្ងៃបុណ្យ​ណូអែល​នៅ San Francisco Daniel SLIM / AFP
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​មាន​មុខ​របប​ជា​អ្នក​បើក​ឡាន​កាំមីញ៉ុង បុរស Jameson វ័យ ២៦ឆ្នាំ​មាន​ផែនការ​ធ្វើ​ភេរវកម្ម​នៅ « Pier ៣៩ » ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ទីក្រុង San Francisco។ ជន Jameson ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​គាំទ្រ​ផ្នែក​សម្ភារៈ​ដល់​អង្គការ​ភេរវនិយម​អន្តរជាតិ និង​ដែល​អាច​ដេក​ក្នុង​គុក​រយៈពេល ២០ឆ្នាំ។ ជនជាប់​សង្ស័យ​រូប​នេះ​បាន​និយាយ​ប្រាប់​ភ្នាក់ងារ FBI ថា ខ្លួន​គេ​មាន​បំណង​ប្រើ​គ្រឿងបំផ្ទុះ​វាយប្រហារ​លើ​ហ្វូង​មនុស្ស​នៅ​ចន្លោះ​ថ្ងៃទី១៨ និង​ទី២៥ ធ្នូ​ចំ​ថ្ងៃ​បុណ្យ​ណូអែល។

បុណ្យ​ណូអែល​ដែល Jameson បាន​អះអាង​ថា ជា​ថ្ងៃ​ដ៏​ល្អ​ដើម្បី​ធ្វើ​ភេរវកម្ម និង​ថា ការ​ដែល​ខ្លួន​គេ​បាន​ជ្រើសរើស​យក​កន្លែង​នោះ​ព្រោះ​ជា​ទីតាំង​ដែល​រូប​គេ​ធ្លាប់​បាន​ទៅ និង​សង្កេត​ឃើញ​មាន​មនុស្ស​ច្រើន។ តាម​ឯកសារ​ផ្តល់​ដោយ​តុលាការ ជន Jameson បាន​សារភាព​ប្រាប់​ភ្នាក់ងារ FBI ថា រូប​គេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ស្លាប់។ សូម​ជម្រាប​ជូន​ថា មុន​នឹង​ចាប់​ខ្លួន​ក្នុង​ថ្ងៃ​សុក្រ ទី២២ ធ្នូ ភ្នាក់ងារ FBI បាន​ចូល​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ជន Jameson នៅ​ក្នុង​ទីក្រុង Modesto ដែល​ស្ថិត​ចម្ងាយ​ប្រមាណ​ជា ១៣០គីឡូម៉ែត្រ​ប៉ែកខាង​កើត​បង្អស់​នៃ​រដ្ឋ Californie។ នា​ឱកាស​ចូល​ឆែកឆេរ​នោះ ភ្នាក់ងារ FBI បាន​រក​ឃើញ​អាវុធ និង​ជាតផ្ទុះ​ជា​ច្រើន។

ជន Jameson បាន​និយាយ​ប្រាប់​ភ្នាក់ងារ FBI ពី​ចេតនា​របស់​ខ្លួន​ដែល​បាន​គិត​ខ្លួន​ឯង​ជា​សមាជិក​ម្នាក់​ដ៏​សំខាន់​របស់​អង្គការ​រដ្ឋអ៊ីស្លាម និង​ថា គួរ​តែ​មាន​ការ​វាយប្រហារ​មួយ​ផ្សេង​ទៀត​ដូច​នៅ​ទីក្រុង​ញូយ៉ក ឬ San Bernardino។ តាម​ឯកសារ​ផ្តល់​ដោយ​តុលាការ​ដដែល រូប Jameson ជា​អ្នក​ដែល​បាន​សរសេរ​សារ​គាំទ្រ​ភេរវនិយម​នៅ​លើ​បណ្តាញ​សង្គម។ ទីភ្នាក់ងារ FBI បាន​ឲ្យ​ដឹង​ថា ជន Jameson បាន​ចូល​ហ្វឹកហ្វឺន​ជាមួយ​កម្លាំងទ័ព​ក្នុង​ឆ្នាំ ២០០៩ និង​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​បាញ់ស៊ីប។ តែ​ត្រូវ​បាន​បញ្ឈប់​ពី​ជួរ​ទាហាន បន្ទាប់​ពី​ជន Jameson មិន​បាន​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​ជម្ងឺហឺត​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ