អានតួអត្ថបទ
អាមេរិក

អាមេរិក៖​ក្រុម​អ្នកសាធារណរដ្ឋ និង​ក្រុម​អ្នកប្រជាធិបតេយ្យ​និយាយ​មិន​ទាន់​ត្រូវ​គ្នា​ដើម្បី​បញ្ចប់ « Shutdown »

នៅ​សហរដ្ឋអាមេរិក វិបត្តិ​ថវិកាសហព័ន្ធ « Shutdown » បាន​ឈាន​ចូល​ថ្ងៃទី៣ នា​ថ្ងៃ​ចន្ទ ទី២២ មករា​នេះ។ ក្រុម​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចរចា​គ្នា​ក្នុង​ថ្ងៃ​អាទិត្យ ទី២១ មករា តែ​នៅ​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ។ តាម​គម្រោង ការ​បោះឆ្នោត​មួយ​នឹង​ត្រូវ​ធ្វើ​ឡើង​នា​រាត្រី​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ​នេះ តែ​ត្រូវ​បាន​លើក​ពេល​នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់ ម៉ោង​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​ថ្ងៃ​ចន្ទ​នេះ​វិញ។

នៅ​អាមេរិក ​ក្រុម​អ្នកសាធារណរដ្ឋ និង​ក្រុម​អ្នកប្រជាធិបតេយ្យ​និយាយ​មិន​ទាន់​ត្រូវ​គ្នា​ដើម្បី​បញ្ចប់ « Shutdown »
នៅ​អាមេរិក ​ក្រុម​អ្នកសាធារណរដ្ឋ និង​ក្រុម​អ្នកប្រជាធិបតេយ្យ​និយាយ​មិន​ទាន់​ត្រូវ​គ្នា​ដើម្បី​បញ្ចប់ « Shutdown » Reuters
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​ថ្ងៃ​អាទិត្យ​ទី២១ មករា​ជិត​ដល់​អធ្រាត្រ ក្រុម​ដឹកនាំ​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​បាន​ជួប​ចរចា​គ្នា​ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​សំដៅ​បិទបញ្ចប់​វិបត្តិ​ថវិកាសហព័ន្ធព័ន្ធ « Shutdown »។ វិបត្តិ​ដែល​បាន​អូសបន្លាយ​តាំង​ពី ៣ថ្ងៃ​មក​ហើយ និង​បាន​ធ្វើ​ឲ្យ​មន្រ្តីរដ្ឋការ​សហព័ន្ធ​ជា​ច្រើន​រយនាក់​បង្ខំ​ចិត្ត​ឈប់​សម្រាក​នៅ​ផ្ទះ​ដោយ​មក​ពី​រដ្ឋ​គ្មាន​លុយ​បើក​ប្រាក់ខែ​ឲ្យ។ មូលហេតុ​នៃ​ភាព​ជាប់គាំង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មក​ពី​គណបក្ស​ទាំង​ពីរ​បន្ត​ប្រទាញប្រទង់​គ្នា​នៅ​ក្នុង​សំណុំរឿង​អន្តោប្រវេសន៍​ដ៏​រស៊ើប។

ក្រុម​អ្នកប្រជាធិបតេយ្យ​ចង់​ឲ្យ​ក្រុម​អ្នកសាធារណរដ្ឋ​លើក​យក​ទៅ​ជជែក​នូវ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាក់ទង​នឹង​ក្រុម​យុវជន​ជិត ៧០០ ០០០នាក់​ដែល​ធំ​ដឹងក្តី​នៅ​អាមេរិក។ នៅ​ក្នុង​កិច្ចចរចា​ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី២១ មករា ក្រុម​អ្នកសាធារណរដ្ឋ​ដែល​មាន​សម្លេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ហាក់​បាន​បន្ទន់​ជំហរ​បន្តិច​ដោយ​បញ្ជាក់​ថា ពួក​គេ​នឹង​យល់​ព្រម​លើក​យក​រឿង​យុវជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​ជជែក ប្រសិន​បើ​ក្រុម​អ្នកប្រជាធិបតេយ្យ​យល់ព្រម​បន្ត​ថវិកាសហព័ន្ធ​ចំនួន ៣សប្តាហ៍។ ចំណែក​ក្រុម​អ្នកប្រជាធិបតេយ្យ​បន្ត​ទទូច​ចង់​ឲ្យ​ការ​បន្ត​កញ្ចប់​ថវិកាសហព័ន្ធ​រយៈពេល​ខ្លី​ខាង​មុខ​ថ្មី​មាន​ខ្ទង់ចំណាយ​សម្រាប់​គាំពារ​យុវជន​អន្តោប្រវេសន៍​ខុសច្បាប់។

យ៉ាង​ណា​ក៏​ដោយ ការ​បោះឆ្នោត​ដែល​ត្រូវ​ធ្វើ​នៅ​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​ចូល​ថ្ងៃ​ចន្ទ ទី២២ មករា​ត្រូវ​បាន​លើក​ទៅ​ម៉ោង ១២ថ្ងៃត្រង់​ម៉ោង​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​ថ្ងៃ​ចន្ទ ទី២២ មករា។ ខណៈ​នេះ ក្រុម​អ្នកសាធារណរដ្ឋ និង​ក្រុម​អ្នកប្រជាធិបតេយ្យ​បន្ត​ទម្លាក់កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។ គួរ​រម្លឹក​ជូន​ថា វិបត្តិ​ដូច​គ្នា​នេះ​ធ្លាប់​បាន​កើត​មាន​កាល​ពី​ឆ្នាំ ២០១៣ ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ