អានតួអត្ថបទ
កូស្តារីកា

លោក​កាឡូស អាល់វ៉ារ៉ាដូ​ជាប់​ឆ្នោត​ប្រធានាធិបតី​កូស្តារីកា​ក្នុង​អាយុ ៣៨ឆ្នាំ

នៅ​ក្នុង​ប្រទេស​កូស្តារីកា លោក​កាឡូស អាល់វ៉ារ៉ាដូ​បាន​ជាប់​ឆ្នោត​ប្រធានាធិបតី​នា​ការ​បោះឆ្នោត​ជុំទី២ នៅ​ថ្ងៃ​អាទិត្យ ទី១ មេសា។ មាន​អាយុ ៣៨ឆ្នាំ លោក​កាឡូស អាល់វ៉ារ៉ាដូ​ជា​អតីត​កាសែត អ្នកនិយមបទចម្រៀងរ៉ុក និង​ជា​អ្នកនិពន្ធ​សរសេរ​សៀវភៅ​ប្រលោមលោក។ អ្វី​ជា​ការ​កត់សម្គាល់ លោក​កាឡូស អាល់វ៉ារ៉ាដូ​បាន​ជាប់​ជាប់ឆ្នោត​ក្នុង​ពេល​ដែល​ប្រទេស​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច ពិសេស​មាន​ឩនភាព​ថវិកាជាតិ និង​ប្រាក់បំណុល​ដ៏​ច្រើន​សម្បើម។

លោក​កាឡូស អាល់វ៉ារ៉ាដូ​ជាប់​ឆ្នោត​ប្រធានាធិបតី​កូស្តារីកា​ក្នុង​អាយុ ៣៨ឆ្នាំ
លោក​កាឡូស អាល់វ៉ារ៉ាដូ​ជាប់​ឆ្នោត​ប្រធានាធិបតី​កូស្តារីកា​ក្នុង​អាយុ ៣៨ឆ្នាំ REUTERS /Jose Cabezas
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៣៨ឆ្នាំ លោក​កាឡូស អាល់វ៉ារ៉ាដូ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី៤៨ នៃ​ប្រទេស​កូស្តារីកា​ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ចំនួន ៦០,៦% ពោល​ច្រើន​ជាង​ឆ្ងាយ​គូប្រជែង​លោក​ហ្វាប៊្រីស្យូ អាល់វ៉ារ៉ាដូ​ដែល​ទទួល​បាន​ត្រឹម ៣៩,៣%។ ចំណែក​អត្រា​អនុបវាទ​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំទី២ មាន​ចំនួន ៣៣,១% ពោល​តិច​ជាង​នា​ការ​បោះឆ្នោត​ជុំទី១ កាល​ពី ២ខែ​មុន។ លោក​កាឡូស អាល់វ៉ារ៉ាដូ​ជា​ឥស្សរជន​ចេញ​មក​ពី​គណបក្ស​កាន់អំណាច​ឈ្មោះ ពលរដ្ឋ​សកម្ម ជា​អតីត​អ្នកកាសែត អ្នក​ចូលចិត្ត​បទចម្រៀង​រ៉ុក និង​ធ្លាប់​បាន​សរសេរ​សៀវភៅ​ប្រលោមលោក​ចំនួន ៣ក្បាល។

នៅ​ក្នុង​រដ្ឋាភិបាល​ផុតអាណត្តិ​ដឹក​នាំ​ដោយ​គណបក្ស​ពលរដ្ឋ​សកម្ម លោក​កាឡូស អាល់វ៉ារ៉ាដូ​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការងារ និង​កិច្ចការ​សង្គម ហើយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​កាឡូស អាល់វ៉ារ៉ាដូ​បាន​ជ្រើស​យក​ប្រធានបទ​យុត្តិធម៌សង្គម និង​វិសមភាព​ផ្លូវភេទ។ សូម​ជម្រាប​ជូន​ថា នេះ​ជា​លើក​ទី២ ហើយ​ដែល​គណបក្ស​ពលរដ្ឋ​សកម្ម​បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កូស្តារីកា។ កន្លង​មក អំណាច​បាន​ធ្លាក់​ទៅ​ក្នុង​តែ​គណបក្ស​ប្រពៃណី​ចំនួន​ពីរ​ដែល​ផ្លាស់ប្តូរ​គ្នា​គ្រប់គ្រង​តាំង​ពី​ឆ្នាំ ១៩៤៨ ដល់​ឆ្នាំ ២០១៤ គឺ​គណបក្ស​រំដោះជាតិ និង​គណបក្ស​ឯកភាព​សង្គម​គ្រឹស្តសាសនា។

ជាប់​ឆ្នោត​សម្រាប់​កាន់​តំណែង​ចំនួន ៤ឆ្នាំ លោក​កាឡូស អាល់វ៉ារ៉ាដូ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ដោយ​រាប់​ចាប់​ពី​ការ​បង្រួបបង្រួម​ប្រទេស​រហូត​ដល់​ស្រោចស្រង់​ឩនភាព​ថវិកាជាតិ និង​ប្រាក់បំណុល​ដែល​មាន​យ៉ាង​ច្រើន​សម្បើម។ កិច្ចការ​អាទិភាព​បន្ទាប់​ទៀត គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កាត់​បន្ថយ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ដែល​មាន​អត្រា ៩,៣% នៃ​ប្រជាជន​សកម្ម។ លោក​កាឡូស អាល់វ៉ារ៉ាដូ​នឹង​ចូល​កាន់​តំណែង​ផ្លូវការ​នៅ​ថ្ងៃ​ទី៨ ឧសភា​ខាង​មុខ និង​ត្រូវ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ចម្រុះ​មក​ពី​គណបក្ស​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ