អតីតមេFBIប្រៀបប្រដូចលោកដូណាល់ ត្រាំទៅនឹងមេក្រុមម៉ាហ្វីយ៉ា
ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ជាមនុស្សកុហក គ្មានសីលធម៌ និងផ្តាច់ខ្លួនពីតម្លៃកំពូលរបស់ស្ថាប័ន។ ពាក្យបកអាក្រាតលោកដូណាល់ ត្រាំ មាននៅក្នុងសៀវភៅ សរសេរនិពន្ធដោយអតីតមេប៉ូលិស FBI លោកជេម ខរមី។ លោកជេម ខរមីដែលស៊ើបអង្កេតទៅលើការលូកដៃរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតី អាមេរិក ត្រូវបានលោកដូណាល់ ដកហូតពីមុខតំណែង ប្រធានFBI យ៉ាងទាន់ហន់ កាលពីខែឧសភា ឆ្នាំមុន ក្នុងហេតុផលគ្មានសមត្ថភាព។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសៀវភៅដែលទើបបោះពុម្ព និងចេញលក់ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ អតីតប្រធាន FBI បាន វាយប្រហារខ្លាំងៗ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលលោកបានប្រៀបប្រដូចទៅនឹងមេម៉ាហ្វីយ៉ា មេឈ្មួញទុច្ចរិត។ នៅក្នុងសម្រង់ខ្លះៗ របស់សៀវភៅ ដែលកាសែតអាមេរិក បានយកមកចុះផ្សាយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ គេឃើញលោកជេម ខរមី បានប្រើពាក្យធ្ងន់ៗ ដូចជាថា លោកដូណាល់ ត្រាំ ជាមនុស្សមានអំណួត កុហក ដុះស្នឹម ដែលទាមទារឲ្យមនុស្សនៅជុំវិញ ត្រូវតែស្មោះស្ម័គ្រ នឹងខ្លួន។ សម្រាប់អតីតមេប៉ូលិសអេហ្វប៊ីអាយ ប្រធានាធិបតី គ្មានសីលធម៌ និងផ្តាច់ខ្លួនពីការពិត គ្មានរវីរវល់នឹងតម្លៃស្ថាប័នជាតិ។
នៅក្នុងសៀវភៅ ដែលផ្អែកទៅលើកំណត់ត្រា ដែលលោកតែងធ្វើឡើង នៅរាល់សន្ទនាជាមួយ លោកប្រធានាធិបតីដូណាល់ ត្រាំ អតីតមេ FBI លោកជេម ខរមីបានសរសេរសង្កត់ធ្ងន់ទៅលើអង្គប្រជុំ នៅសេតវិមាន កាលពីកុម្ភៈ ឆ្នាំ ២០១៧ ដែលមានការចូលរួមពីអគ្គលេខាធិការរបស់សេតវិមាន។ សម្រាប់លោកខរមី របៀបប្រជុំរបស់លោកដូណាល់ ត្រាំធ្វើឲ្យលោកនឹកទៅដល់មេក្រុមម៉ាហ្វីយ៉ា ដែលលោកធ្លាប់ស៊ើបអង្កេតប្រឆាំង កាលលោកនៅធ្វើជាប្រធានរដ្ឋអាជ្ញាសហព័ន្ធ។ “មេជាអ្នកក្តោបក្តាប់ ដឹងគ្រប់រឿង។ ការទាមទារមានការស្មោះស្ម័គ្រតាមរយៈ ការស្បថស្បែ។ ការបង្កើតពិភពមួយ ដែលនៅក្នុងនោះ គេត្រូវប្រឈមត្រៀមវាយប្រហារវិញ ក្រុមគូសត្រូវ។ ការកុហកគ្រប់រឿង មិនថា ធំ ឬតូច គឺដើម្បី រក្សាភាពស្មោះស្ម័គ្រ ដែលចាត់ទុក អង្គការចាត់តាំងរបស់ខ្លួនឲ្យមានតម្លៃខ្ពស់ លើសពីតម្លៃសីលធម៌ និងការពិត” នេះជាសំណេររបស់លោកជេម ខរមី នៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា ការស្មោះស្ម័គ្របំផុតមួយ ការពិត ការកុហក ហើយនិងភាពជាអ្នកដឹកនាំ។
នៅមុនការចេញផ្សាយសៀវភៅរបស់លោកជេម ខរមី ក្រុមសាធារណរដ្ឋបានបង្កើតវិបសៃតិ៍មួយ វាយបកវិញ ដើម្បី បណ្តុះបង្អាប់ បន្ថោកតម្លៃរបស់អតីតមេ FBI។ នៅក្នុងវិបសៃតិ៍ ដែលមានឈ្មោះ ថា Lyin Comey ក្រុមសាធារណរដ្ឋ សម្ព័ន្ធមិត្តរបស់លោកដូណាល់ ត្រាំ បានសរសេរចាត់ទុកលោកខរមី ថា ជាមនុស្សនិយាយកុហក និងជាអ្នកធ្វើឲ្យបែកលេចធ្លាយរឿងសម្ងាត់។
លោកជេម ខរមី ក្នុងនាមជាប្រធានប៉ូលិស FBIបានបើកការស៊ើបអង្កេតទៅលើការលូកដៃរបស់រុស្ស៊ី ក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក និងការជាប់ពាក់ព័ន្ធរបស់ក្រុមឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ ជាមួយនឹងរុស្ស៊ី។ ការដកលោកខរមី ពីតំណែងប្រធានFBIយ៉ាងប្រថុចញ៉ុច បានជំរុញឲ្យសភាអាមេរិក តែងតាំងលោកRobert Mueller ជារដ្ឋអាជ្ញាពិសេស ដែលទទួលខុសត្រូវលើការស៊ើបអង្កេតទៅលើការជាប់ពាក់ព័ន្ធរវាងរុស្ស៊ី ហើយនិងក្រុមឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំ។
នៅខែមុន នៅមុនចេញសៀវភៅរបស់ខ្លួន លោកជេម ខរមីបានសរសេរសារTwitter សំដៅទៅកាន់លោកដូណាល់ត្រាំ ថា លោកប្រធានាធិបតី ប្រជាជនអាមេរិកាំងនឹងលឺរឿងរ៉ាវចេញពីមាត់របស់ខ្ញុំ នៅពេលឆាប់ៗខាងមុខ។ ពួកគេនឹងធ្វើការវិនិច្ឆ័យ ដោយខ្លួនឯង ថា តើអ្នកណាដែលគួរឲ្យគោរព និងអ្នកណាដែលគេមិនគោរព”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ