អានតួអត្ថបទ
ក្វាតេម៉ាឡា

ក្វាតេម៉ាឡា៖​ស្លាប់​មនុស្ស​យ៉ាងតិច ៧០នាក់ និង​របួស​ជា​ច្រើន​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​ភ្នំភ្លើង

នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា ព្រឹត្តិការណ៍​ផ្ទុះ​ភ្នំភ្លើង​កាល​ពី​ថ្ងៃ​អាទិត្យ ទី៣ មិថុនា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៦៩នាក់ និង​របួស​ធ្ងន់ ស្រាល​ប្រមាណ​ជា ៤៦នាក់។ ក្រៅ​ពី​ស្លាប់ និង​របួស ព្រឹត្តិការណ៍​ធម្មជាតិ​មួយ​នេះ​ក៏​បាន​បណ្តាល​ឲ្យ​មាន​អ្នក​បាត់ខ្លួន និង​បាន​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​មនុស្ស​ជាង ៤ ៥០០នាក់​ជា​បន្ទាន់​ចេញ​ពី​តំបន់​គ្រោះថ្នាក់​ដែរ។ ថ្ងៃ​អង្គារ ទី៦ មិថុនា ក្រុម​អ្នក​ជួយសង្រ្គោះ​កំពុង​បន្ត​យុទ្ធនាការ​ស្វែង​រក​អ្នក​បាត់ខ្លួន​ក្នុង​ក្តី​សង្ឃឹម​រក​ឃើញ​អ្នក​រស់រាន​មាន​ជីវិត។

នៅ​ក្វាតេម៉ាឡា មាន​​ស្លាប់​មនុស្ស​យ៉ាងតិច ៧០នាក់ និង​របួស​ជា​ច្រើន​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​ភ្នំភ្លើង
នៅ​ក្វាតេម៉ាឡា មាន​​ស្លាប់​មនុស្ស​យ៉ាងតិច ៧០នាក់ និង​របួស​ជា​ច្រើន​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​ភ្នំភ្លើង AFP
ផ្សាយពាណិជ្ជកម្ម

ភ្នំភ្លើង​ដែល​បាន​ផ្ទុះ​ក្នុង​ថ្ងៃ​អាទិត្យ ទី៣ មិថុនា​ក្នុង​ប្រទេស​ក្វាតេម៉ាឡា​មាន​កម្ពស់ ៣ ៧៦៣ម៉ែត្រ និង​ស្ថិត​ប៉ែក​និរតី​មាន​ចម្ងាយ​ប្រមាណ​ជា ៣៥គីឡូម៉ែត្រ​ពី​ទីក្រុង​ក្វាតេម៉ាឡា។ ព្រឹត្តិការណ៌​ធម្មជាតិ​មួយ​នេះ​បាន​កើត​ឡើង​តែ​មួយ​ប៉ប្រិច​ភ្នែក​ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្បែរ​ភ្នំភ្លើង និង​ក្នុង​តំបន់​ក្បែរ​ខាង​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ តុល្យការ​ចុង​ក្រោយ​បណ្តោះអាសន្ន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៦៩នាក់ ក្នុង​នោះ​មាន ១៧នាក់​ទើប​រក​ឃើញ​អត្តសញ្ញាណ និង​មាន​របួស​ប្រមាណ​ជា ៤៦នាក់​ផ្សេង​ទៀត ក្នុង​នោះ​មាន​ពាក់​កណ្តាល​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។

ក្រៅ​ពី​ស្លាប់ និង​របួស នៅ​មាន​មនុស្ស​បាត់ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដោយ​រដ្ឋអំណាច​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំនួន​បាន​ទេ​នា​ពេល​នេះ។ ដោយឡែក មាន​អ្នកស្រុក អ្នកភូមិ​រស់ក្បែរ​ភ្នំភ្លើង​ជាង ៤ ៥០០នាក់​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ជា​បន្ទាន់​ភ្លាមៗ​ទៅ​ដាក់​នៅ​កន្លែង​មាន​សុវត្ថិភាព។ ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី៣ មិថុនា រូបភាព​នៃ​ការ​ផ្ទុះ​ភ្នំភ្លើង​ថ្ងៃទី១ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​កាណាល់ទូរទស្សន៍​ក្នុង​ស្រុក និង​តាម​បណ្តាញ​សង្គម Facebook។ តាម​រយៈ​រូបភាព​នោះ គេ​សង្កេត​ឃើញ​ផ្សែងខ្មួលខ្មាញ់​បាញ់​ឡើង​លើ និង​កំអែរភ្នំភ្លើង​ហូរ​ទៅ​គ្រប​លើ​លំនៅដ្ឋាន​ប្រជាជន ស្រែចម្ការ ព្រៃឈើ រួម​ទាំង​មនុស្ស និង​សត្វ​គ្រប់ប្រភេទ​ជា​ច្រើន​ទៀត​ផង។

នាយក​ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជាក់​ថា អ្នកស្លាប់​ភាគច្រើន​បាន​ជាប់កុន​រត់គេច​មិន​ទាន់​នឹង​វត្តមាន​កំអែរភ្នំភ្លើង​ដែល​ហូរ​ធ្លាក់​ក្នុង​ល្បឿន​យ៉ាង​លឿន។ ខណៈ​នេះ ភ្នំភ្លើង​នោះ​លែង​មាន​សកម្មភាព​ហើយ បន្ទាប់​ពី​បាន​បញ្ចេញ​សកម្មភាព​រយៈពេល​ជាង ១៦ម៉ោង តែ​ការ​ភ្ញាក់​ជា​ថ្មី​អាច​នឹង​កើត​ឡើង​គ្រប់​ពេល។ តាម​សេវាគាំពារ​ស៊ីវិល មាន​មនុស្ស ១លាន ៧សែន​នាក់​បាន​រងគ្រោះ​ក្នុង​កម្រិត​ស្រាល និង​ធ្ងន់​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ​មួយ​នេះ។ លោក​ប្រធានាធិបតី​ក្វាតេម៉ាឡា​ដែល​បាន​ទៅ​មើល​កន្លែង​កើត​ហេតុ​ផ្ទាល់​ភ្នែក​នា​ថ្ងៃ​ចន្ទ ទី៤ មិថុនា​បាន​ប្រកាស​កាន់​ទុក្ខ​ជាតិ​រយៈ​ពេល ៣ថ្ងៃ។ ចំណែក​ក្រុមប្រទេស​ផ្តល់ជំនួយ​បាន​សម្តែង​សាមគ្គីភាព និង​ផ្តល់​ការ​គាំទ្រ​ចំពោះ​ពលរដ្ឋ​ក្វាតេម៉ាឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ