អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក៖​លោក Harvey Weinstein បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ក្នុង​បទ​រំលោភ និង​បំពាន​ផ្លូវភេទ

នៅ​សហរដ្ឋអាមេរិក ផលិតករ​ភាពយន្ត​នៅ​ហូលីវូដ​លោក Harvey Weinstein បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ក្នុង​បទរំលោភ និង​បំពាន​ផ្លូវភេទ​កាល​ពី​ថ្ងៃទី២៥ ឧសភា។ ការ​បដិសេធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​បើក​សវនាការ​នៅ​តុលាការ​ទីក្រុង Manhattan នា​ថ្ងៃ​អង្គារ ទី៥ មិថុនា។ គួរ​រម្លឹក​ជូន​ថា លោក Weinstein បាន​ជាប់ចោទ​ពី​បទរំលោភ​ផ្លូវភេទ​ក្នុង​ឆ្នាំ ២០១៣ និង​ពី​បទបំពារបំពាន​ផ្លូវភេទ​ក្នុង​ឆ្នាំ ២០០៤។

នៅ​អាមេរិក ​លោក Harvey Weinstein បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ក្នុង​បទ​រំលោភ និង​បំពាន​ផ្លូវភេទ
នៅ​អាមេរិក ​លោក Harvey Weinstein បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ក្នុង​បទ​រំលោភ និង​បំពាន​ផ្លូវភេទ Reuters
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៦៦ឆ្នាំ ផលិតករ​ភាពយន្ត​អាមេរិកាំង​នៅ​ហូលីវូដ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​បាន​ជាប់ចោទ​តាំង​ពី​ការ​បំពារបំពាន​ផ្លូវភេទ​រហូត​ដល់​ការ​ចាប់​រំលោភ​ស្រស់ៗ​តែ​ម្តង។ លោក Harvey Weinstein បាន​ទទួល​បទ​ចោទ​ប្រកាន់​ចំនួន ៣ ក្នុង​នោះ មាន​មួយ​ជា​បទ​បំពាន​ផ្លូវភេទ និង​ពីរ​ជា​បទរំលោភ​ផ្លូវភេទ។ តាម​ធម្មតា និង​ក្នុង​ករណី​ដែល​មាន​ការ​កាត់ទោស ផលិតករ​ភាពយន្ត​អាមេរិកាំង​រូប​នេះ​ត្រូវ​ដេក​ក្នុង​គុក​រហូត​ដល់​ទៅ ២៥ឆ្នាំ។ តែ​នៅ​ក្នុង​សវនាការ​នៅ​តុលាការ​ទីក្រុង Manhattan នា​ថ្ងៃ​អង្គារ ទី៥ មិថុនា លោក Weinstein ដែល​ពាក់អាវធំ និង​ក្រវ៉ាត់ ក ពណ៌ក្រម៉ៅ​បាន​បដិសេធ​លើ​បទចោទ​ប្រកាន់។

« គ្មាន​កំហុស » នេះ​ជា​ចម្លើយ​ខ្លី​មួយ​ម៉ាត់​ក្នុង​សម្លេង​តិចៗ​របស់​លោក Weinstein ទៅ​កាន់​ចៅក្រម​ដែល​សួរ​ថា តើ​លោក​ឆ្លើយ​យ៉ាង​ម៉េច​ចំពោះ​បទចោទប្រកាន់​លើ​លោក។ បន្ទាប់​មក លោក Weinstein បាន​ឆ្លើយ « បាទ » ច្រើន​ដង​នៅ​ពេល​ដែល​ចៅក្រម​បាន​រម្លឹក​ប្រាប់​គាត់​ពី​លក្ខខណ្ឌ​នៃ​ការ​ទុក​ឲ្យ​គាត់​មាន​សេរីភាព​ស្ថិត​ក្នុង​ការ​តាមដាន។ តាម​ពិត​ទៅ គឺ​មេធាវី​របស់​គាត់​គឺ​លោក Benjamin Brafman ទេ​ដែល​បាន​និយាយ​ច្រើន​នៅ​ក្នុង​សវនាការ។ ចំណែក​ស្រ្តី​ដែល​បាន​ចោទ​លោក Weinstein ពី​បទចាប់​រំលោភ​មិន​ត្រូវ​បាន​គេ​ប្រាប់​អត្តសញ្ញាណ​ទេ តែ​លោក Brafman បាន​បញ្ជាក់​ថា ស្រ្តី​រូបនោះ​បាន​មាន​ទំនាក់ទំនង​ផ្លូវភេទ​ស្រុះស្រួល​គ្នា​ជាមួយ​លោក​ Weinstein រយៈពេល ១០ឆ្នាំ។

រីឯ​ដែល​ស្រ្តី​ដែល​បាន​ចោទ​លោក Weinstein ពី​បទបំពាន​ផ្លូវភេទ​មាន​ឈ្មោះ Lucia Evans។ គួរ​រម្លឹក​ជូន​ថា តាំង​ពី​មាន​ផ្ទុះ​រឿងអាស្រូវ​ផ្លូវភេទ​ប្រឆាំង​លោក Weinstein ក្នុង​ខែ​តុលា ឆ្នាំ ២០១៧ មក លោក Weinstein តាម​រយៈ​សម្តី​របស់​ក្រុមមេធាវី​របស់​លោក​តែង​បដិសេធ​លើ​គ្រប់​ការ​ចោទប្រកាន់​ផ្លូវភេទ​ដែល​គ្មាន​ការ​ស្រុះស្រួល។ ខណៈ​នេះ និង​ក្រោយ​ពី​បាន​តម្កល់​លុយ​ចំនួន ១លានដុល្លារ​មក លោក Weinstein បន្ត​មាន​សេរីភាព​ក្រោម​ការ​តាមដាន​ដោយ​ពាក់​កងដៃ​អេឡិចត្រូនិក និង​រឹតត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកជំនាញ​បាន​មើល​ឃើញ​ថា លោក Weinstein ចៀស​មិន​រួច​ពី​ការ​សារភាព​កំហុស​របស់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​ដើម្បី​ទទួល​បាន​ការ​សម្រាល​ទោស ប្រសិន​បើ​ក្រុម​មេធាវី​របស់​គាត់​យល់​ថា​មិន​អាច​ទទួល​ជ័យជំនះ​នៅ​ក្នុង​រឿងក្តីក្តាំ​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ