អានតួអត្ថបទ
កាណាដា

ការបាញ់រះមួយ​​នៅ​​តូរ៉ុងតូ ​បាន​បណ្តាល​​ឲ្រ្យ​ស្លាប់​​​​​​មនុស្ស​​​​ ២​​​នាក់​​​​ក្នុងនោះ​​​​ម្នាក់​​​ជា​​​ខ្មាន់​​​កាំភ្លើង​​និងអ្នក​​រងរបួស​១៣​នាក់​​​​​

នៅ​កាណាដា ​មាន​ការ​​បាញ់​រះ​មួយ​នៅ​ក្នុង​ទីក្រុង​សេដ្ឋកិច្ច Toronto កាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ យោង​តាម​ប៉ូលីសកាណាដា នៅ​ក្នុង​ហេតុការណ៍​បាញ់រះ​នេះ ​មនុស្ស​ស្លាប់​មាន​ចំនួន ២​នាក់​​ក្នុង​នោះ​ម្នាក់​ជា​ខ្មាន់​កាំភ្លើង​និង​អ្នក​រង​របួស​ចំនួន​ ១៣​នាក់​ផ្សេង​ទៀត។​​

ប៉ូលីស​កាណាដា​កំពុង​ធ្វើការ​ត្រួតពិនិត្យ​នៅជិត​កន្លែង​កើតហេតុ​នៃ​ការ​បាញ់រះ​មួយ​​​នៅ​ក្នុង​ទីក្រុង​តូរ៉ុងតូ ប្រទេស កាណាដា​​កាលពី​ថ្ងៃ​ទី​២២​កក្កដា​២០១៨​
ប៉ូលីស​កាណាដា​កំពុង​ធ្វើការ​ត្រួតពិនិត្យ​នៅជិត​កន្លែង​កើតហេតុ​នៃ​ការ​បាញ់រះ​មួយ​​​នៅ​ក្នុង​ទីក្រុង​តូរ៉ុងតូ ប្រទេស កាណាដា​​កាលពី​ថ្ងៃ​ទី​២២​កក្កដា​២០១៨​ REUTERS/Chris Helgren
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​​បាញ់​រះ​មួយ​បាន​ផ្ទុះ​ឡើង​នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ក្នុង​សង្កាត់​ក្រិក​ដ៏​កុះករ​មួយ​នៅ​ទីក្រុង​តូរ៉ុងតូ ជាហេតុ​បណ្តាល​ឲ្យ​មាន​ភាព​ចលាចល​យ៉ាង​ខ្លាំងក្លា។ យោងតាម​សាក្សី​ជា​ច្រើន​រូប​ដែល​ស្ថិត​នៅ​លើ​កន្លែង​កើត​ហេតុណ៍ “ស្នូ​កាំភ្លើង​បាញ់​ បាន​លាន់​ឮ​រវាង​ពី​២០​ទៅ​៣០​គ្រាប់​។

មេ​ប៉ូលីស​ទីក្រុង​តូរ៉ុងតូ​លោក​ Mark Saunders  បាន​គូស​បញ្ជាក់​ប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា នៅ​ក្នុង​ហេតុការណ៍​បាញ់​រះ​នេះ មាន​ស្លាប់​យុវនារី​ម្នាក់​រួម​ទាំង​ខ្មាន់​កាំភ្លើង​​ផង​និង​អ្នក​​រង​របួស ១៣​នាក់​ផ្សេង​ទៀត។ នៅ​ក្នុង​ចំណោម​អ្នក​រង​របួស ក៏​មាន​កុមារី​ម្នាក់​ដែរ​ដែល​ស្ថិត​នៅ​​ក្នុង​ស្ថាន​ភាព​ដ៏​ធ្ងន់​ធ្ងរ។

មេ​ប៉ូលីស​កាណាដា គ្រាន់តែ​បាន​ថ្លែង​ប្រាប់​ទៀត​ថា ខ្មាន់​កាំភ្លើង ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​តទល់​ជាមួយ​ប៉ូលីស តែ​ដោយ​ពុំ​បាន​គូស​បញ្ជាក់​ទេ​ថា​ តើ​ជន​នោះ​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ការ​បាញ់​របស់​ប៉ូលីស​ឬ​ក៏​ត្រូវ​ស្លាប់​ដោយសារ​អត្តឃាដកម្ម។​

បើ​យោង​តាម​រូបភាព​វីឌីអូ​មួយ​ដែល​បន្ទាប់​មក​ត្រូវ​បាន​គេ​លុប​ចោល​វិញ​នោះ គេ​ឃើញ​រូប​ភាព​បុរស​ម្នាក់​ក្នុង​សម្លៀក​បំពាក់​ព័ណ៌​ខ្មៅ បាន​បោះ​ជំហាន​​ទៅ​កាន់​ទី​ភោជនីយដ្ឋាន​មួយ​ហើយ​​បាន​ចាប់​បាញ់​រះ​តាម​រយៈ​កញ្ជក់​​ភោជនីយដ្ឋាន-នេះ​បើ​យោង​តាម​វិទ្យុ​ជាតិ​កាណាដា។ ស្របគ្នានេះ សាក្សី​ម្នាក់ បាន​រៀបរាប់​ប្រាប់​ដល់​បណ្តាញ​ទូរទស្សន៍​តូរ៉ុងតូ Global News ​ថា ខ្មាន់​កាំភ្លើង បាន​ចាប់​​បាញ់​កាំភ្លើង​​​ទៅ​លើ​យុវនារី​មួយ​រូប​ដែល​បាន​សាកល្បង​​រត់​គេច​ខ្លួន​តែ​គ្រោះអាភ័ព្វ​​នៅ​ទីបំផុតទៅ​ ត្រូវ​បាន​ជន​ទមិឡ​នេះ ដេញ​តាម​បាញ់​​សម្លាប់​ទាល់​តែ​បាន​​រហូត​ដល់​នាង​ស្លាប់​នៅ​លើ​ដី។​

ចៅហ្វាយ​ក្រុង​តូរ៉ុងតូ លោក​ John Tory បាន​អំពាវនាវ​សូម​ឲ្យ​ប្រជាជន​ខ្លួន​រក្សា​នូវ​ភាព​ស្ងប់​ស្ងាត់​និង​ចៀសវៀង​កុំ​ធ្វើ​ការ​សន្និដ្ឋាន​អ្វី​ឡើយ​​នៅ​លើ​មូលហេតុ​​នៃ​ការ​បាញ់រះ​នេះ​នៅ​ខណៈ​ពេល​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​ប៉ូលីស​កាណាដា។

ចំពោះ​រូប​លោក​ចៅហ្វាយ​ក្រុង​តូរ៉ុងតូ ការ​បាញ់រះ​នៅ​យប់​ម្សិលមិញ​នេះ ​សរ​បញ្ជាក់​ផង​ដែរថា​ទីក្រុង​របស់​លោក​ កំពុង​ប្រឈម​មុខ​នឹង​​បញ្ហា​អាវុធ។ អាវុធ ដែល​បាន​ធ្លាក់​ចូល​យ៉ាងច្រើន​សម្បើម​ពេក​ទៅ​ក្នុង​ដៃ​របស់​ពួក​ជន​ដ៏​​ច្រើន​សម្បើម​​នាក់​ដែរ-នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ចៅហ្វាយ​ក្រុង​តូរ៉ុងតូ៕​​​​​​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ