ខួបមួយឆ្នាំនៃអំពើហិង្សាសម្លាប់មនុស្សប្រព្រឹត្តដោយក្រុមលើកតម្កើងសាសន៍ស្បែកស
មួយឆ្នាំក្រោយការប្រឈមមុខដាក់គ្នា ដ៏ហិង្សា នៅទីក្រុងCharlottesville ដែលបានសម្លាប់មនុស្ស១នាក់ និងរបួស១៩នាក់ ក្រុមជ្រុលនិយម អាមេរិកាំងដែលលើកតម្កើងសាសន៍ស្បែកស បានប្រកូកប្រកាស អំពាវនាវឲ្យមានការជួបជុំគ្នា ជាថ្មី ប៉ុន្តែ នៅក្បែរសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន។ នៅថ្ងៃសៅរ៍ម្សិលមិញ នៅខួបមួយឆ្នាំ នៃអំពើហិង្សា នៅទីក្រុងCharlottesvilleប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានសរសេរTwitter ថ្កោលទោសរាល់ការរើសអើងពូជសាសន៍ និងអំពើហិង្សា ក្នុងគ្រប់រូបភាព។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៨
នៅក្នុងសារTwitter សរសេរ នៅថ្ងៃខួបមួយឆ្នាំ នៃអំពើហិង្សា នៅទីក្រុងCharlottesville ក្នុងរដ្ឋVirginie លោកដូណាល់ ត្រាំបានលើកឡើងថា កុប្បកម្ម ដ៏ហិង្សា កាលពីមួយឆ្នាំមុន នៅទីក្រុងCharlottesville បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ ហើយនិងការបែកបាក់គ្នា ដ៏ល្ងង់ខ្លៅ។
ប្រធានាធិបតីអាមេរិកបានអំពាវនាវឲ្យមានការរួបរួមគ្នាជាប្រជាជាតិតែមួយ និងថា លោកថ្កោលទោសរាល់ការរើសអើងពូជសាសន៍ និងអំពើហិង្សា។ នៅថ្ងៃម្សិលមិញ និងថ្ងៃអាទិត្យទី ១២នេះ អាមេរិកត្រូវប្រារព្ធរំលឹកខួបមួយឆ្នាំ នៃអំពើហិង្សា ដែលកើតចេញមកពីការស្អប់ ប្រកាន់ រើសអើងពូជសាសន៍។ សូមរំលឹកថា នៅមួយឆ្នាំមុន នៅថ្ងៃទី១១ សីហា ក្រុមណាហ្សី ថ្មី ក្រុមអភិរក្សស្តាំនិយមជ្រុល និងក្រុមលើកតម្កើងសាសន៍ស្បែកស អាមេរិកាំង (Ku Klux Klan) ដែលមានកាន់កំភ្លើង ហើយនិងភ្លើងចន្លុះ បានប្រមូលផ្តុំគ្នា តវ៉ា មិនឲ្យសាលាក្រុងCharlottesville រើផ្លាស់ទីរូបសំនាកមេទ័ពដែលធ្លាប់គាំទ្រឲ្យមានទាសភាពនៅភាគខាងត្បូងអាមេរិក។
សូមអាន៖ តើក្រុមស្តាំនិយមជ្រុលអាមេរិក ដែលធ្វើបាតុកម្មនៅ ក្រុង Chalottes ជាអ្នកណា?
នៅថ្ងៃទី១២សីហា ក្រុមប្រជាជនស្បែកខ្មៅបានធ្វើដើរធ្វើបាតុកម្ម ប្រឆាំងនឹងការប្រមូលផ្តុំទាមទាររបស់ ក្រុមលើកតម្កើងស្បែកស។ នៅក្រោយប៉ះទង្គិច គ្នា សមាជិករបស់ក្រុមណាហ្ស៊ីថ្មីម្នាក់បានបើកឡានបុករះបាតុករ ដែលប្រឆាំងក្រុមស្បែកស។ នៅក្នុងសោកនាដកម្ម នៅយប់ថ្ងៃទី ១២សីហា ស្ត្រីអាមេរិកាំងម្នាក់ អាយុ ២០ឆ្នាំ បានស្លាប់ ចំណែកមនុស្ស១៩នាក់ផ្សេងទៀតរងរបួស ដោយសារស្នាដៃស្អប់របស់ក្រុមស្បែកស។
ប្រធានាធិបតីអាមេរិកាំង លោកដូណាល់ ត្រាំ នៅពេលនោះ បាន រងការរិះគន់ ពីគ្រប់ទិស រួមទាំងមនុស្សរបស់គណបក្សសាធារណរដ្ឋរបស់លោកផង បន្ទាប់ពីលោកអាក់ខានមិននិយាយថ្កោលទោស ក្រុមជនស្តាំនិយមជ្រុល ស្បែកស។
សូមអាន៖ លោកដូណាល់ ត្រាំ និយាយបាតដៃ ខ្នងដៃ ពីរឿងអំពើហិង្សានៅទីក្រុងCharlottes
នៅប៉ុន្មានថ្ងៃក្រោយអំពើហិង្សា សម្លាប់មនុស្ស នៅCharlotteville លោកដូណាល់ ត្រាំ នៅបានសរសេរថា សម្រាប់ អំពើហិង្សានៅCharlottesville គេត្រូវបន្ទោសភាគីជម្លោះទាំងសងខាង។ លោកនៅបាននិយាយថ្កោលទោស ក្រុមបាតុករប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល ព្រោះពួកគេបានធ្វើបាតុកម្មជាមួយនឹងដំបងនៅក្នុងដៃ។ ជំហររបស់លោកដូណាល់ ត្រាំបានទទួលការកោតសរសើរពីមេដឹកនាំរបស់ក្រុមKu Klux Klan ដែលជាក្រុមលើកតម្កើង ក្រុមស្បែកស។
គេបារម្ភថា នៅក្រោមការដឹកនាំរបស់ប្រធានាធិបតីជាតិនិយម ដូចជាលោកដូណាល់ ត្រាំ ក្រុមណាហ្សីថ្មី ក្រុមស្អប់ រើសអើងពូជសាសន៍ស្បែកស រឹតតែឡើងដៃ និងអាចត្រលប់មកបង្កអំពើហិង្សាសាជាថ្មី នៅមួយឆ្នាំក្រោយសោកនាដកម្ម នៅCharlottesville។ នៅថ្ងៃម្សិលមិញ ក្រុមលើកតម្កើងសាសន៍ស បានអំពាវនាវរួចហើយ ឲ្យមានការប្រមូលផ្តុំគ្នា នៅថ្ងៃអាទិត្យ ប៉ុន្តែ លើកនេះ គឺនៅក្បែរសេតវិមានរបស់លោកដូណាល់ ត្រាំតែម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ