អានតួអត្ថបទ

រដ្ឋអាជ្ញា Mueller នឹង​ផ្តល់​សក្ខីកម្មជាសាធារណៈ ជុំ​វិញ​ការអង្កេត​សំណុំ​រឿង​រុស្ស៊ី​​ជ្រៀតជ្រែក​អាមេរិក

ក្រោយ​ពី​បាន​បិទ​បញ្ចប់​កា​រអង្កេត និង​ចេញ​របាយការណ៍កាលពី​ថ្ងៃ​១៩​មេសា ​មិន​ដាក់​បន្ទុក​លើ​លោក ​ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ​មក អតីត​រដ្ឋ​អាជ្ញា​ពិសេស​​ Robert Mueller ដែល​ជា​អ្នក​​​ដឹកនាំអង្កេត រយៈ​ពេល​ជិត​ពីរ​ឆ្នាំ សំណុំ​រឿង​សង្ស័យ​រុស្ស៊ី​ចូល​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក ឆ្នាំ​២០១៦ នឹងផ្តល់​សក្ខី​កម្ម​ជា​សាធារណៈ​​ នៅ​ចំពោះ​មុខ​សភា​ នា​ថ្ងៃ​ទី ១៧​ កក្កដា​ ២០១៩ ខាង​មុខ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ប្រធាន​គណៈកម្មការ​អង្កេត​សភា។

លោក Robert Mueller ថ្លែ​ជា​សាធារណៈ​ជា​លើក​ដំបូង ថ្ងៃទី ២៩​ឧសភា ២០១៩
លោក Robert Mueller ថ្លែ​ជា​សាធារណៈ​ជា​លើក​ដំបូង ថ្ងៃទី ២៩​ឧសភា ២០១៩ ©REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណៈកម្មការ​អង្កេត​សភា ដែល​ជា​អ្នក​ប្រជាធិបតេយ្យ​បាន​ជូន​ដំណឹងដោយ​​អំណរ ​ថា​លោក​អតីត​រដ្ឋ​អាជ្ញា​ Mueller ព្រម​ផ្តល់​សក្តី​កម្ម​ នៅ​ចំពោះ​មុខ​ព្រឹទ្ធ​សភា ជា​សាធារណៈ ។​ប៉ុន្តែដំណឹង​នេះ​ទំនង​ជា​នឹង​អាច​ធ្វើ​ឱ្យ​លោក​ ដូណាល់ ត្រាំ ខឹង​សម្បារ​ខ្លាំង ! ព្រោះស្មាន​ថា​​ចេញ​របាយការណ៍​អង្កេត​រួច​ហើយ​ សំណុំ​រឿង​ក៏​ត្រូវ​បិទ​​បញ្ចប់។ ​អ្នក​សាធារណរដ្ឋ​ បាន​នាំ​គ្នា​រិះគន់​​ថាការ​អង្កេត​បាន​ចំណាយ​ពេល​អស់​ជិត​ពីរ​ឆ្នាំ​ហើយ​នៅ​តែ​មិន​គ្រប់គ្រាន់​ទៀត អ្នក​ប្រជាធិបតេយ្យ​​មិនមែន​ចង់​ស្វែងរក​ការពិត​ទេ តែចង់​បើក​ប្រតិបត្តិការ​ទំនាក់ទំនង !

សូម​បញ្ជាក់​ថា កាលពី​ខែ​មេសា នៅ​ក្នុង​របាយការណ៍​កម្រាស់​ជាង​៤០០​ទំព័រ​ លោក Mueller បាន​លម្អិត​ថា មាន​ការ​ទាក់ទង​គ្នា​ច្រើន​ជាមួយ​​រុស្ស៊ី​ ប៉ុន្តែ​គ្មាន​ភស្តុតាង គ្រប់គ្រាន់​​បញ្ជាក់​ថា​​​ក្រុម​ការងារ​ឃោសនា​របស់​លោក​ដូណាល់ ត្រាំ សហការ​ជាមួយ​រុស្ស៊ីទេ និង​ថា​​​​​លោក​ត្រាំ​បាន​រារាំង​ដំណើរ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះឡើយ ! ជាង​មួយ​ខែ​ក្រោយ​មក​ទៀត ជា​ការ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល អតីត​រដ្ឋ​អាជ្ញា​ពិសេស​បានចេញ​មុខ​​​ពន្យល់​ជា​លើក​ដំបូង ថា​របាយការណ៍​របស់​លោក មិនមែន​ជា​ការ​លុប​លាង​រាល់​​ភាព​សង្ស័យ​ដែល​មាន​លើ​លោក​ត្រាំ​ទេ ​តែ​ចង់​ប្រាប់​ថា​មាន​តែ​សភា​ដែល​មាន​អំណាច​ចោទ​ប្រកាន់​ប្រធានាធិបតី​កំពុង​កាន់​អំណាច។ ជា​អន្តរាគមន៍​ដែល​លោក​Mueller​សង្ឃឹម​ថា​នឹង​អាចដក​ខ្លួន​ឱ្យ​ផុត​ពី​សំណុំ​រឿង​អង្កេត​រុស្ស៊ី​នេះ ត្រឹម​ពេល​នោះ។

​ប៉ុន្តែ​សម្រាប់​ប្រធានគណៈកម្មការ​សភា​ សក្ខីកម្ម​របស់​លោក​Mueller​ ជា​ការ​ចាំ​បាច់ ! អាមេរិក​ត្រូវ​ការ​ស្តាប់​ឮ​ការអង្កេត និង​សេចក្តី​សន្និដ្ឋាន ដោយផ្ទាល់​ចេញ​ពី​មាត់​លោក​អតីត​រដ្ឋអាជ្ញា​ដែល​ប្រឹង​ធ្វើ​អង្កេត​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ