លោកត្រាំ ធ្វើសង្គ្រាមនឹងកាលីហ្វ័រញ៉ា រឿងផ្សែងឡាន
បីថ្ងៃមុន ការបើកជំនួបកំពូលស្តីពីអាកាសធាតុ នៅអង្គការសហប្រជាជាតិ ប្រធានាធិបតីអាមេរិក បានប្រកាសដកសិទ្ធិ លែងឱ្យកាលីហ្វ័រញ៉ាចាត់ចែងសម្រេចលើបទដ្ឋាននៃការបញ្ចេញផ្សែងពុលរបស់យានយន្ត (ឧស្ម័នផ្ទះកញ្ចក់) ដែលរដ្ឋកាលីហ្វ័រនីញ៉ាធ្លាប់មានពីមុនទៀតហើយ។ សម្រាប់រដ្ឋបាលអាមេរិក មានតែអាជ្ញាធរ សហព័ន្ធទេដែលមានអំណាចសម្រេចលើបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការបំពុលបរិយាកាសបញ្ចេញដោយយានយន្ត។
ចុះផ្សាយនៅថ្ងៃ៖
“រដ្ឋាបាលដូណាល់ ត្រាំ សម្រេចលុបចោលច្បាប់ពិសេសស្តីពីការបញ្ចេញឧស្ម័នកាបូនិករបស់យានយន្ត ដើម្បីអាចផលិតរថយន្តក្នុងតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជន”។ នេះបើតាមសារទ្វីតរបស់លោកប្រធានាធិបតីពី Los Angeles ក្រុងដឹកនាំដោយអ្នកប្រជាធិបតេយ្យជាបក្សប្រឆាំង។
ពិតជាសេចក្តីសម្រេចដ៏អាក្រក់ ! អាក្រក់សម្រាប់បរិយាកាស សម្រាប់សុខភាព និងសេដ្ឋកិច្ចអាមេរិក នេះជាពាក្យបរិហាររបស់អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា ដែលមានសុទិដ្ឋនិយមថានឹងអាចយកឈ្នះសេចក្តីសម្រេចរបស់ប្រធានាធិបតីត្រាំបាន។ នេះមិនមែនជាលើកទីមួយទេ ដែលកាលីហ្វ័រនីញ៉ា ប្រឈមមុខដាក់ប្រធានាធិបតី។
កាលីហ្វ័រនីញ៉ា ជើងឯកផ្នែកការពារបរិស្ថាននិងអាកាសធាតុ ជារដ្ឋមួយដែលប្រឆាំងស្ទើរគ្រប់វិធានការរបស់លោកត្រាំ ក្នុងវិស័យអាកាសធាតុ ! បុព្វហេតុការពារបរិស្ថានរបស់កាលីហ្វ័រញ៉ា បានដុះឡើងតាំងពីឆ្នាំ១៩៧០។ ច្បាប់ពិសេស កំណត់បទដ្ឋាននៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីរក្សាគុណភាពខ្យល់បរិយាកាស នៅកាលីហ្វ័រញ៉ា ត្រូវបានចុះហត្ថលេខាដោយអ្នកសាធារណរដ្ឋនិយមពីររូប គឺលោកប្រធានាធិបតី Richard Nixon និងលោក Ronald Reagan ដែលកាលណោះជាអភិបាលរដ្ឋកាលីហ្វ័រញ៉ា។ មូលហេតុដែលជំរុញឱ្យមានច្បាប់ Clean Air Act នៅកាលីហ្វ័រញ៉ានេះ ក៏ព្រោះតែក្រុង Los Angeles រងផ្សែងពុលអាប់អួរថប់ដង្ហើមពេកក្នុងអំឡុងពេលនោះ។
កាលពីមួយខែពីរមុន រដ្ឋាបាលលោកត្រាំ បានសម្រេចបន្ធូរបន្ថយ ច្បាប់របស់លោកអូបាម៉ាដែលបានការដាក់កំហិតលើឧស្សាហកម្មរថយន្តឱ្យកំរិតការបញ្ចេញឧស្ម័នកាបូនិក។ ប៉ុន្តែកាលីហ្វ័រញ៉ា ក៏ដូចជារដ្ឋចំនួន១៣ផ្សេង បានបដិសេធមិនគោរពតាម ដោយសំអាងលើច្បាប់ពិសេសClean Air Act នេះឯង ទើបលោកប្រធានាធិបតី ប្រកាសលុបចោលច្បាប់ពិសេសកាលីហ្វ័រញ៉ាតែម្តង។
សេចក្តីសម្រេចរបស់លោកត្រាំ តម្រូវឱ្យកាលីហ្វ័រញ៉ា សម្របខ្លួនតាមបទដ្ឋានថ្មីតែមួយសម្រាប់គ្រប់រដ្ឋសហព័ន្ធអាមេរិក នឹងត្រូវបញ្ចប់នៅមុខតុលាការកំពូលអាមេរិក។ រដ្ឋអាជ្ញាកាលីហ្វ័រញ៉ា បានព្រមានជាស្រេចហើយថាគេមិនអាចដើរបកក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ