លោកត្រាំប្រកាសដំឡើងពន្ធនាំចូលដែកថែបនិងអាលុយមីញ៉ូមពីមិត្តប្រេស៊ីលនិងអាហ្សង់ទីន
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កការភ្ញាក់ផ្អើលថ្មីមួយទៀតនៅថ្ងៃចន្ទនេះ ដោយប្រកាសដំឡើងពន្ធនាំចូលដែកថែប និងអាលុយមីញ៉ូម មកពីប្រទេសប្រេស៊ីលនិងអាហ្សង់ទីន។ សេចក្តីប្រកាសនេះបានធ្វើឱ្យ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដែលជាសម្ព័ន្ធមិត្តដ៏ចំបងរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាមេរិកឡាទីន ភាន់ភាំងយ៉ាងខ្លាំង។
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីសម្រេចដំឡើងពន្ធនាំចូលដែកថែបនិងអាលុយមីញ៉ូមពីប្រេស៊ីលនិងអាហ្សង់ទីន នឹងត្រូវអនុវត្តភ្លាម។ នេះបើតាមប្រសាសន៍របស់លោកត្រាំ ដោយបញ្ជាក់ថា អាមេរិកត្រូវការព្រមានទង្វើបញ្ចុះតម្លៃរូបិយបណ្ណ របស់ប្រទេសទាំងពីរ។ លោកត្រាំបានបន្ទោសប្រេស៊ីលនិងអាហ្សង់ទីនថាការបញ្ចុះតម្លៃលុយដ៏គំហុកបានធ្វើឱ្យកសិករអាមេរិករងផលប៉ះពាល់យ៉ាងខ្លាំង។
ការដំឡើងពន្ធនាំចូល ជាដំណឹងអាក្រក់បំផុតសម្រាប់ប្រេស៊ីល ដែលជាប្រទេសផ្គត់ផ្គង់ដែកថែបលំដាប់ទីពីរទៅឱ្យអាមេរិក។ ចំណែកអាហ្សង់ទីនវិញក៏ដូចគ្នា ! អាហ្សង់ទីននាំចេញដែកថែបនិងអាលុយមីញ៉ូម មួយភាគធំទៅសហរដ្ឋអាមេរិកដែរ។
សូមបញ្ជាក់ថា កាលពីខែមីនា ២០១៨ ក្នុងពេលដែលលោកដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ២៥% លើការនាំចូលដែកថែបនិង ១០%លើការនាំចូលអាលុយមីញ៉ូម មកគ្រប់ប្រទេសនៅទូទាំងពិភពលោក។ ពីរបីខែក្រោយមក អាមេរិកបានប្តូរចិត្ត មិនអនុវត្តការយកពន្ធបន្ថែមពីប្រទេសអាហ្សង់ទីន និងប្រេស៊ីល ព្រមទាំងបណ្តាប្រទេសមួយចំនួនតូចផ្សេងទៀតទេ។ ឆ្លើយតបនឹងការអនុគ្រោះបែបនេះ ប្រេស៊ីលបានព្រមកំណត់កូតានៃការនាំចេញដែកថែបរបស់ខ្លួនទៅអាមេរិក និងបានឆ្លៀតទាញផលចំណេញពីសង្គ្រាមពាណិជ្ជកម្មអាមេរិកជាមួយចិន ក្នុងរឿងដំឡើងពន្ធនាំចូលនេះផង។
អាមេរិកនាំចូលដែកថែបប្រេស៊ីលចំនួន ៣,៩៨លានតោន ត្រូវជាជិត២៥០០លានដុល្លារ នៅឆ្នាំ២០១៨។ តែតាំងពីមួយសប្តាហ៍មក ប្រាក់រៀលប្រេស៊ីលបានធ្លាក់ថ្លៃដល់កំរិតទាបបំផុតមិនធ្លាប់ក្នុងប្រវត្តិសាស្ត្រ។ បើតាមអ្នកវិភាគ មូលហេតុ គឺបណ្តាលមកពីបរិបទនយោបាយអន្តរជាតិនិងភាពមិនទុកចិត្តលើសមត្ថភាពរបស់រដ្ឋាភិបាល មិនមែនដោយសារអន្តរាគមន៍របស់ស្ថាប័នប្រេស៊ីលណាមួយទេ។ ចំណែកអាហ្សង់ទីនវិញ ប្រទេសនេះបានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដើរថយក្រោយតាំងពី២០ខែមកហើយ ទើបលុយធ្លាក់ថ្លៃម្លឹងៗនោះ តែអាមេរិកមិនដែលអើពើឡើយ។
ប្រធានាធិបតីប្រេស៊ីល លោក ដែលជាអ្នកគាំទ្រលោកដូណាល់ត្រាំបំផុត និងធ្លាប់អួតថាមានទំនាក់ទំនងល្អបំផុតជាមួយប្រធានាធិបតីអាមេរិក បានបញ្ចេញប្រតិកម្មភា្លមដោយអះអាងថានឹងទូរស័ព្ទទៅនិយាយដោយផ្ទាល់ជាមួយលោកត្រាំជុំវិញបញ្ហានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ