អានតួអត្ថបទ
អាមេរិក-អាហ្វហ្កានីស្ថាន

អាមេរិក​ទម្លាក់ «មេ​គ្រាប់​បែក» នៅ​អាហ្វហ្កានីស្ថាន

ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អាមេរិកបាន​​ទម្លាក់ «មេគ្រាប់​បែក» នៅ​អាហ្វហ្កានីស្ថាន​ ក្នុង​គោលដៅ​បំផ្លាញ​តំបន់​ក្រុម​រដ្ឋ​អ៊ីស្លាម​។ នេះ​គឺជា​ការ​បញ្ជាក់​របស់​មន្ទីរ​បញ្ចកោណ​អាមេរិក​​។ បើ​តាម​ប្រភព​ដដែល គ្រាប់​បែក​ដែល​ទម្លាក់​នេះ មាន​ឈ្មោះ​ហៅ​ថា GBU-43។ ត្បិត​តែ​គ្រាប់​បែក​ប្រភេទ​នេះ​មិន​មែន​ជា​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​វា​មានទំហំ​​ផ្ទុះ​ស្មើ​នឹង​ម្សៅ TNT ​១១​តោន ដែល​អាច​​​​បំផ្លាញផ្ទៃ​ដី​ប្រមាណ​១​ម៉ៃល៍ ឬ​ស្មើ​នឹង​ប្រមាណ​១​,៦​គីឡូម៉ែត្រ។

GBU-43 ឬ MOAB គ្រាប់​បែក​មិន​មែន​នុយក្លេអ៊ែរ​ដ៏​សំខាន់​បំផុត​របស់​អាមេរិក ត្រូវ​បាន​គេ​ហៅ​ថា «មេ​គ្រាប់​បែក»
GBU-43 ឬ MOAB គ្រាប់​បែក​មិន​មែន​នុយក្លេអ៊ែរ​ដ៏​សំខាន់​បំផុត​របស់​អាមេរិក ត្រូវ​បាន​គេ​ហៅ​ថា «មេ​គ្រាប់​បែក» Elgin Air Force Base/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

«មេ​គ្រាប់​បែក» GBU-43 របស់​អាមេរិក បាន​បំផ្លាញ​រូងភ្នំ​និង​ផ្លូវ​ក្រោម​ដី​ដែល​ប្រើ​ប្រាស់​ដោយ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ ស្ថិត​នៅ​ក្នុង​ស្រុក Achin នៃ​ខេត្ត Nangarhar របស់​អាហ្វហ្កានីស្ថាន​។ នេះ​គឺ​ជា​ការ​អះអាង​របស់​មន្ទីរ​បញ្ចកោណ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍។ ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា គ្រាប់​បែក GBU-43 ច្បាស់​ណាស់​ថា​បាន​សម្លាប់​កង​ទាហាន​នៃ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ផង​ដែរ បើ​ទោះ​បី​ជា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​អំពី​ចំនួន​អ្នកស្លាប់​ថា​មាន​ប៉ុន្មាន​នាក់​ក៏​ដោយ​។ សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ការ​ទម្លាក់​គ្រាប់​បែក​នេះ គឺ​ជា​ប្រតិបត្តិ​ការ​ដ៏​មហា​ជោគជ័យ​។

ជា​ការ​កត់​សម្គាល់ មុន​ពេល​អាមេរិក​ទម្លាក់ «​មេ​គ្រាប់​បែក» ទៅ​លើ​តំបន់​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​អាហ្វហ្កានីស្ថាន​នេះ យោធា​អាមេរិក​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​ថា កង​កម្លាំង​ពិសេស​អាមេរិក​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​រដ្ឋ Nangarhar​។ ប៉ុន្តែ​រហូត​ពេល​នេះ អាមេរិក​មិន​ទាន់​បញ្ជាក់​ថា ហេតុការណ៍​ទាំង​ពីរ​នេះ ពាក់ព័ន្ធ​គ្នា​ឬ​ក៏​អត់​នៅ​ឡើយ​ទេ​។

គួរ​ជម្រាប​ជូន​ថា គ្រាប់​បែក GBU-43 ដែល​គេ​ស្គាល់​ថា​ជា «មេ​គ្រាប់​បែក» នេះ មិន​ធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់​ពី​មុន​មក​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។ ទ័ព​អាកាស​អាមេរិក បាន​បង្កើត​គ្រាប់​បែក​នេះ​នៅ​ឆ្នាំ​២០០២ ដែល​កាល​ណោះ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អាវុធ​មិន​មែន​នុយ​ក្លេអ៊ែរ​ដែល​មាន​អំណាច​ខ្លាំង​ជាង​គេ​បង្អស់ ព្រោះ​វា​មានទំហំ​​ផ្ទុះ​ស្មើ​នឹង​ម្សៅ TNT ​១១​តោន ដែល​អាច​​​​បំផ្លាញផ្ទៃ​ដី​ប្រមាណ​១​ម៉ៃល៍ ឬ​ស្មើ​នឹង​ប្រមាណ​១​,៦​គីឡូម៉ែត្រឯ​ណោះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ GBU-43 មិន​មែន​ជា​អាវុធ​ខ្លាំង​ជាង​គេតទៅទៀត​ទេ។ នៅ​ឆ្នាំ​២០០៧ រុស្ស៊ី​បាន​ផលិត​អាវុធ​មិន​មែន​នុយក្លេអ៊ែរ​ថ្មី​មួយ​ ឈ្មោះ ATBIP។ ATBIP របស់​រុស្ស៊ី ​​ខ្លាំង​ជាង GBU-43 របស់​អាមេរិក៤​ដង ហើយ​ត្រូវ​បាន​គេ​ហៅ​ក្រៅ​ផ្លូវ​ការ​ថា «ឪ​គ្រាប់​បែក»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ