អានតួអត្ថបទ
កាណាដា

ធនាគារកណ្តាល​កាណាដា​ធ្វើ​អន្តរាគមន៍​ដើម្បី​ប៉ះប៉ូវ​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះ​ដោយសារ​ប្រេង​ចុះ​ថោក

កាល​ពី​ថ្ងៃពុធ​ម្សិលមិញ ធនាគារកណ្តាល​នៃ​ប្រទេស​កាណាដា​បាន​បញ្ចុះអត្រាការប្រាក់គោល ពី១%មក ត្រឹម០,៧៥% ដែល​នេះគឺ​ជាការ​ធ្លាក់​ចុះយ៉ាង​ទាប​ជាង​គេក្នុង​រយៈពេល៤ឆ្នំា​ចុង​ក្រោយ​នេះ ដើម្បី​ប្រឈម​នឹងហានិភ័យដែល​អាច​កើត​មានចំពោះ​កំណើន​សេដ្ឋកិច្ចកាណាដា​បណ្តាលមកពីតម្លៃប្រេង​ចុះថោក។

លោក Poloz takes ប្រធាន​ធនាគារកណ្តាល​នៃ​ប្រទេស​កាណាដា
លោក Poloz takes ប្រធាន​ធនាគារកណ្តាល​នៃ​ប្រទេស​កាណាដា Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ដាំក្បាល​ចុះ​នៃ​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សាអន្តរជាតិ​នឹង​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​ប្រទេស​កាណាដា នេះ​បើ​តាម​ការព្យាករណ៍​របស់​ធនាគារកណ្តាល​កាណាដា។ ដោយហេតុ​នេះ​ហើយ ក្នុង​គោលបំណង​បន្ទូរបន្ថយ​ផលប៉ះពាល់​នេះ ទើប​ធនាគារកណ្តា​បាន​សម្រេចចិត្ត​បញ្ចុះ អត្រាការប្រាក់គោល ដើម្បី​ផ្តល់​ឥណទាន​ដែល​មាន​ការប្រាក់ទាប​ទៅបណ្តា​ធនាគារផ្សេងៗ។ ព្រោះ​ការធ្វើដូច្នេះ​នឹងជួយ​បង្កើន​នូវ​កំណើន​នៃ​ការ​ប្រើប្រាស់ និង​ជម្រុញ​ការនាំចេញ​ផលិតផល​ផ្សេងៗ ជាមួយ​នឹង​ដុល្លាកាណាដា​ដែលមាន​តម្លៃថោក។

ធនាគារកណ្តាល​បាន​កែតម្រូវ​ការព្យាករណ៍​ពី​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ២០១៥ ពី ២,៤% មកត្រឹមតែ ២,១% ទាប​ជាង​ការព្យាករណ៍​របស់​មូលនិធិរូបិយវត្ថុ​អន្ដរជាតិ (FMI) ដែល​បញ្ចុះ​កំណើន​នេះ មក​ត្រឹម តែ២,៣% ប៉ុណ្ណោះ។ ធនាគារកណ្តាល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្លាក់​ចុះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៃ​តម្លៃ​ប្រេង​នេះ ក៏​នឹង​មាន​ផលអវិជ្ជមាន​លើ​អតិផរណា​ផង​ដែរ ដែល​នឹង​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​ដុល្លាកាណាដា។

ក៏ប៉ុន្តែ ធនាគារកណ្តាល​បាន​រំពឹង​ទុក​ថា តម្លៃប្រេង​នឹង​ស្ទុះ​ងើប​ឡើង​សន្សឹមៗ​មកវិញ ដោយ​ព្យាករណ៍ថា តម្លៃប្រេង​ក្នុងមួយ​បារីល​ឬមួយធុង​ជាមធ្យម​ប្រចាំឆ្នាំ​នឹងស្មើ​នឹង៦០ដុល្លារ ពោលគឺ​ជាព្យាករណ៍​កំណើន យ៉ាងច្រើន​បើប្រៀបទៅ​នឹង​តម្លៃប្រេង​នៅថ្ងៃពុធ ថ្លៃត្រឹម​៤៧,៦០ដុល្លារ​ប៉ណ្ណោះ តែវា​នឹង​កើន​ឡើង​វិញ ក្នុងរយៈ​ពេលមធ្យម​មួយខាងមុខ។ ក្រៅ​ពី​វិស័យ​ថាមពលប្រេង ធនាគារកណ្តាល​ជឿជាក់ថា សេដ្ឋកិច្ចកាណាដា​នឹងអាច កេងចំណេញ​មក​វិញ ពី​កំណើន​នៃ​ការ​នាំ​ចេញ ពិសេសការ​នាំចេញទៅ​ប្រទេសជិតខាង​គឺ​សហរដ្ឋអាមេរិក​ដែល​សេដ្ឋកិច្ច​នឹង​មាន ថាមពល​បន្ថែមទៀត ទាំង​ការ​វិនិយោគ​អាជីវកម្ម ទាំង​ការប្រើប្រាស់ តាមរយៈទីផ្សារ​មានសន្ទុះ​រឹងមាំ បន្ថែមទៀត​សម្រាប់​ការងារ។

តែយ៉ាងណាក៏ដោយ ធនាគារកណ្តាល​ក៏មិន​ប្រាកដថា ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃប្រេង​នឹង​អាច​ប៉ះប៉ូវ​មក​វិញ​គ្រប់គ្រាន់​ពី​កត្តាផ្សេងៗ​ទាំងនេះ​នោះ​ទេ ព្រោះគេ​នៅ​មាន​ភាព​មិន​ច្បាស់លាស់​ពី​កម្រិត​នៃ​ការ​កាត់​បន្ថយ​វិនិយោគ​ក្នុងវិស័យ​ប្រេង​នៅ​ឡើយ។ គួរ​កំណត់​ចំណាំ​ផង​ដែរ​ថា តាម​របាយការណ៍​កាល​ពី​ដើម​សប្តាហ៍​នេះ​របស់​សន្និសីទ​ក្រុមប្រឹក្សាភិបាល​នៃ​ប្រទេសកាណាដា ការ​ធ្លាក់​ចុះ​នៃ​តម្លៃប្រេង​នឹង​ធ្វើ​ឲ្យ​កាណាដា​ខាតបង់​ប្រាក់​ក្នុង​ឆ្នាំ​នេះ​ដល់​ទៅ​ជាង ៤ ៣០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ