អានតួអត្ថបទ
អាហ្សង់ទីន

អាហ្សង់ទីន៖គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​នា​ការ​បោះឆ្នោត​ប្រធានាធិបតី

នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន បេក្ខជន​សេរីនិយម​របស់​គណបក្ស​ប្រឆាំង​លោក Mauricio Macri បាន​ទទួល​ជោគជ័យ​ប្រឈម​នឹង​បេក្ខជន​របស់​គណបក្ស​កាន់អំណាច​លោក Daniel Scioli នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទី២ នា​ថ្ងៃ​អាទិត្យ ទី២២ វិច្ឆិកា។ ជោគជ័យ​របស់​លោក Macri បាន​បិទបញ្ចប់​ការ​កាន់អំណាច​រយៈពេល ១២ឆ្នំា​របស់​លោកស្រី​ប្រធានាធិបតី Cristina Kirchner។ ភ្លាមៗ លោក Daniel Scioli បាន​ប្រកាស​ទទួល​ស្គាល់​បរាជ័យ​របស់​ខ្លួន​ប្រឈម​នឹង​លោក Mauricio Macri។

លោក Mauricio Macri
លោក Mauricio Macri REUTERS/Enrique Marcarian
ផ្សាយពាណិជ្ជកម្ម

ចប់​ហើយ​សករាជ​នៃ​ការ​កាន់​អំណាច​រយៈពេល ១២ឆ្នំា​របស់​លោកស្រី​ប្រធានាធិបតី​អាហ្សង់ទីន Cristina Kirchner។ បន្ទាប់​ពី​រាប់​សន្លឹក​ឆ្នោត​បាន​ជាង ៩០% មក លោក Mauricio Macri ដែល​ជា​បេក្ខជន​សេរីនិយម​របស់​គណបក្ស​ប្រឆាំង និង​ជា​ចៅក្រុង Buenos Aires មាន​អាយុ ៥៦ឆ្នំា​ទទួល​បាន​សម្លេង​គាំទ្រ​ជាង ៥២% ទល់​នឹង​ជិត ៤៨% របស់​បេក្ខជន​បក្សកាន់អំណាច​លោក Daniel Scioli។ តែ​គេ​ត្រូវ​រង់ចំា​រហូត​ដល់​ថ្ងៃទី១០ ធ្នូ​ទើប​លោក Macri ចូល​កាន់​តំណែង​បន្ត​ពី​លោកស្រី Kirchner។ លោកស្រី Kirchner ដែល​បាន​កាន់​តំណែង​ប្រធានាធិបតី​អស់​រយៈពេល ២អាណត្តិ​តំាង​ពី​ឆ្នំា ២០០៧ ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​ហាម​លោកស្រី​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​លើកទី៣។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​សកម្មជន លោក Mauricio Macri បាន​ចាត់​ទុក​ថ្ងៃ​ជោគជ័យ​របស់​លោក​ថា​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​ដែល​នឹង​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាហ្សង់ទីន​គ្រប់រូប។ ទន្ទឹម​គ្នា​នេះ លោក Macri ក៏​បាន​បញ្ជាក់​ថា ជោគជ័យ​ដែល​ពលរដ្ឋ​អាហ្សង់ទីន​បាន​ផ្តល់​ឲ្យ​លោក​ពេល​នេះ​មិន​មែន​ជា​ជោគជ័យ​ដើម្បី​ជា​សងសឹក ឬ​មួយ​ជា​ការ​ជម្រះ​បញ្ជី​ជាមួយ​ដៃគូ​នយោបាយ​ណា​ម្នាក់​ទេ។ គួរ​ជម្រាប​ជូន​ថា អស់​រយៈពេល ១២ឆ្នំា​ដែល​អំណាច​បាន​ស្ថិត​ក្នុង​ដៃ​របស់​គណបក្ស​ឆ្វេងនិយម តែ​ឥឡូវ​នេះ ពលរដ្ឋ​អាហ្សង់ទីន​បាន​សម្រេច​ប្រគល់​អំណាច​ឲ្យ​គណបក្ស​ស្តាំនិយម​វិញ​ម្តង​ដោយ​សង្ឃឹម​ថា ជីវភាព​រស់នៅ​របស់​ពួក​គេ​នឹង​ប្រសើរ​ជាង​សព្វថ្ងៃ។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក Mauricio Macri បាន​សន្យា​បិទបញ្ចប់​នយោបាយ​សេដ្ឋកិច្ច​អាត្មានិយម​អនុវត្ត​ដោយ​រដ្ឋាភិបាល​របស់​លោកស្រី Cristina Kirchner។ សូម​ជម្រាប​ជូន​ថា មាន​អាយុ ៥៦ឆ្នំា លោក Macri ជា​កូន​មហាសេដ្ឋី​អ្នកជំនួញ​ម្នាក់​ដោយ​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​អាហ្សង់ទីន​ក្នុង​ឆ្នំា ២០០៣ និង​ដែល​កាន់​តែ​មាន​ឈ្មោះ​បោះសម្លេង​ខ្លាំង​ឡើងៗ​នា​ពេល​ដែល​លោក​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ចៅហ្វាយ​ក្រុង Buenos Aires ក្នុង​ឆ្នំា ២០០៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ