អានតួអត្ថបទ
អាមេរិក

អាមេរិក៖លោក Jeb Bush បាន​ប្រកាស​ឈរ​ឈ្មោះ​ប្រជែង​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី

នៅ​សហរដ្ឋអាមេរិក បេក្ខជន​ចូលប្រឡូក​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ​ឆ្នំា ២០១៦ មាន​កាន់​តែ​ច្រើន។ នា​ថ្ងៃ​ចន្ទ ទី១៥ មិថុនា លោក Jeb Bush អតីត​អភិបាល​រដ្ឋ Floride បាន​ប្រកាស​ឈរ​ឈ្មោះ​ប្រជែង​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ​សម្រាប់​គណបក្ស​សាធារណរដ្ឋ។

អាមេរិក៖លោក Jeb Bush បាន​ប្រកាស​ឈរ​ឈ្មោះ​ប្រជែង​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី
អាមេរិក៖លោក Jeb Bush បាន​ប្រកាស​ឈរ​ឈ្មោះ​ប្រជែង​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី REUTERS/Carlo Allegri
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​មួយ​នឹង​អាវ​ពណ៌​ទឹកប៊ិចខ្ចី និង​គ្មាន​ចង​ក្រវ៉ាត់ ក ដែល​លោក Jeb Bush បាន​ប្រកាស​ឈរ​ឈ្មោះ​ប្រជែង​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ​សម្រាប់​គណបក្ស​សាធារណរដ្ឋ។ ការ​ប្រកាស​របស់​លោក Jeb Bush ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​រដ្ឋ Floride ដែល​លោក​ធ្លាប់​ធ្វើ​ជា​អភិបាល​ពី​ឆ្នំា ១៩៩៩ ដល់​ឆ្នំា ២០០៧។ នៅ​ក្នុង​សុន្ទរកថា​នោះ លោក Jeb Bush បាន​សន្យា​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនា​ប្រកប​ដោយ​ភាព​ស្មោះត្រង់​ចេញ​ពី​ក្រអៅបេះដូង និង​ព្យាយាម​លើក​តម្កើង​កិត្យានុភាព​របស់​អាមេរិក​នៅ​លើ​ឆាក​អន្តរជាតិ ពិសេស​ផ្តល់​កន្លែង​ឲ្យ​សហរដ្ឋអាមេរិក​ជា​ថ្មី​ក្នុង​នាម​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក។

អ្វី​ជា​ការ​កត់សម្គាល់ សម្រែក​សាទរ​របស់​ក្រុមសកម្មជន​កាន់​តែ​លាន់រំពង​ថែម​ទៀត នៅ​ពេល​ដែល​លោក Jeb Bush បាន​និយាយ​ដល់​ឈ្មោះ​ម្តាយ​របស់​លោក គឺ​លោកស្រី Barbara Bush។ វត្តមាន​របស់​លោកស្រី Barbara Bush នៅ​ក្នុង​ពិធី​ប្រកាស​បេក្ខភាព​របស់​កូនប្រុស​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន ព្រោះ​កន្លង​មក លោកស្រី Barbara Bush ធ្លាប់​បាន​សម្តែង​ភាព​អល់អែក​ចំពោះ​ភាពសមហេតុផល​នៃ​បេក្ខជន​លើក​ទី៣ ចេញ​ពី​គ្រួសារ Bush សម្រាប់​តំណែង​ប្រធានាធិបតី​អាមេរិក។ មាន​អាយុ ៦២ឆ្នំា លោក Jeb Bush ជា​កូនប្រុស​របស់​លោក​អតីតប្រធានាធិបតី George Bush និង​ជា​ប្អូនប្រុស​របស់​លោក​អតីតប្រធានាធិបតី George Wbush។

ក៏​ប៉ុន្តែ និង​ដើម្បី​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​អតីតប្រធានាធិបតី​ពីរ​រូប​របស់​គ្រួសារ Bush លោក Jeb Bush បាន​ពន្យល់​បក​ស្រាយ​ថា Jeb មិនមែន George ទេ។ គូប្រជែង​ដែល​លោក Jeb Bush បាន​វាយប្រហារ​មុន​គេ​នោះ គឺ​លោកស្រី Hillary Clinton ដែល​ជា​បេក្ខនារី​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ ដោយ​លោក Jeb Bush ចាត់​ទុក​លោកស្រី Hillary Clinton ជា​អាណត្តិទី៣ របស់​លោក​អូបាម៉ា។ យ៉ាង​ណា​ក៏​ដោយ មុន​នឹង​អាច​ចូលរួម​ប្រជែង​ទល់​នឹង​លោកស្រី Hillary Clinton បាន លោក Jeb Bush ត្រូវ​តែ​ចូល​រួម​ប្រកួតប្រជែង​នៅ​ផ្ទៃក្នុង​បក្ស​ខ្លួន​ឯង​ជា​មុន​សិន ព្រោះ​មក​ដល់​ថ្ងៃ​នេះ គណបក្ស​សាធារណរដ្ឋ​មាន​បេក្ខជន​ផ្លូវការ​ចំនួន ៣នាក់​ហើយ​ដែល​ចង់​អង្គុយ​កៅអី​ប្រធានាធិបតី​អាមេរិក​នៅ​សេតវិមាន​សម្រាប់​ឆ្នំា ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ