អានតួអត្ថបទ
នីការ៉ាហ្កា

ភាព​ចម្រូង​ចម្រាស​ជុំវិញ​គម្រោង​សាងសង់​ព្រែកជីក​នៅ​នីការ៉ាហ្កា

អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ចលនា​តវ៉ា​ប្រឆាំង​ នឹង​គម្រោង​សាងសង់​ព្រែកជីក​ដ៏ធំ​មហាសាល​មួយ នៅ​ប្រទេស​នីការ៉ាហ្កា ​បាន​រីក​ធំ​ឡើងៗ ​រហូត​ក្លាយ​ជា​បាតុកម្ម​ហិង្សា ​និង​ឈាន​ទៅ​ដល់​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រជាជន ​និង​អាជ្ញាធរ​ប៉ូលីស។ តាម​ការ​រាយការណ៍ ​នៅ​ក្នុង​ហេតុការណ៍​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មាន​បាតុករ​ស្លាប់​ពីរនាក់​ ​ដោយសារ​គ្រាប់បែក​ផ្សែង​របស់​នគរបាល ​ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ​ព័ត៌មាន​នេះ។

ផែនទី​គម្រោង​ព្រែក​ជីក សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ​នៅ​ប្រទេស​នីការ៉ាហ្កា​
ផែនទី​គម្រោង​ព្រែក​ជីក សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ​នៅ​ប្រទេស​នីការ៉ាហ្កា​
ផ្សាយពាណិជ្ជកម្ម

មាន​ប្រជាជន ​ដែល​ភាគច្រើន​ជា​កសិករ​ក្រីក្រ ​ជាច្រើន​រយនាក់​ បាន​នាំគ្នា​មក​ធ្វើ​បាតុកម្ម នៅ​ក្នុង​ខេត្ត Rio San Juan ​ប្រទេស​នីការ៉ាហ្កា ​ចាប់​តាំង​ពី​ថ្ងៃ​អង្គារទី ២៣ ធ្នូ។ បាតុកម្ម​នេះ បាន​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​អំពើ​ហិង្សា ​នៅ​ពេល​ដែល​អាជ្ញាធរ​នីការ៉ាហ្កា​ព្យាយាម បំបែក​ក្រុម​បាតុករ។ ប្រជា​កសិករ​ទាំង​នោះ ​នាំគ្នា​មក​ធ្វើ​បាតុកម្ម ​ដើម្បី​ប្រឆាំង​នឹង​គម្រោង​សាងសង់​ព្រែកជីក​មួយ ​កាត់​តាម​ប្រទេស​នីការ៉ាហ្កា ​ពី​ខាង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ទៅ​ដល់​សមុទ្រ​ការ៉ាអ៊ីប។ ប្រជាជន​ទាំង​នោះ​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​​ជាខ្លាំង ថា​អាជ្ញាធរ​ នឹង​​រឹបអូស​ យកដីធ្លី​របស់​ពួក​កាត់ ​ទៅធ្វើ ​ព្រែកជីក​នេះ​ ។

 
តាម​ការ​រាយការណ៍​របស់​អ្នក​តំណាង​ក្រុម​បាតុករ ​ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង នៅ​ក្នុង​ហេតុការណ៍​ហិង្សា​ នៅ​ថ្ងៃ​ព្រហស្បតិ៍ មាន​បាតុករ​ស្លាប់​ពីរ​នាក់ ដោយសារ​តែ​ត្រូវ​គ្រាប់​បែក​ផ្សែង​របស់​នគរបាល។ ចំណែក​ខាង​អាជ្ញាធរ​វិញ​ បាន​រាយការណ៍​ថា បាន​ចាប់​ឃាត់​ខ្លួន​បាតុករ​៣៣នាក់ ​ហើយថា​មាន​មនុស្ស​២២នាក់​ រង​របួស ដោយ​ក្នុង​នោះ​ ១៦នាក់​ជា​មន្ត្រី​នគរបាល។ ប៉ុន្តែ​អាជ្ញាធរ​បាន​បដិសេធ​ថា មាន​បាតុករ​ស្លាប់។

ទោះ​បី​ជា​យ៉ាង​ណា ​អំពើ​ចលាចល និង​ការ​តវ៉ា​របស់​ប្រជាជន​នីការ៉ាហ្កា​ បាន​រីក​ធំ​ឡើង​កាន់​តែ​ខ្លាំង។ សូម​បញ្ជាក់​ថា ​រដ្ឋាភិបាល​នីការ៉ាហ្កា​ បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​សាងសង់​ព្រែកជីក​ដ៏​ធំ​នេះ ​ជាមួយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ HKND។ ព្រែកជីកនេះជា គម្រោង​ដ៏ធំ​មិន​ដែល​មាន​ទេ ​នៅ​ទ្វីប​អាមេរិក​ឡាទីន។ ព្រែកជីក​នេះ​ នឹង​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ ព្រែកជីក​ប៉ាណាម៉ា ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​នោះ។

តាម​ការ​គ្រោង​ទុក ព្រែកជីក​ដែល​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​នេះ ​មាន​ជំរៅ​៣០ មែត្រ ​ហើយ​ដែល​អាច​ឲ្យ​នាវា​ធនធំ​ទំងន់ ៤សែន​តោន បើក​ឆ្លងកាត់​បាន ​ហើយ​អាច​ទទួល​នាវា​ដឹក​ទំនិញ​ បាន​ច្រើន​ជាង​ព្រែកជីក​ប៉ាណាម៉ា។ គម្រោងនេះ គិតជាទឹកប្រាក់ ស្មើនឹង ៥០ពាន់​លាន​ដុល្លារ។

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់ ​ប្រជាជន ​ក៏ដូច​ជា​អង្គការ​នានា ​គឺ​ថា ​គម្រោង​នេះ​ នឹង​ប៉ះប៉ាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​ដីស្រែ​ចំការ​របស់​ប្រជាជន។ រដ្ឋ​នឹង​រឹបអូស​យកដី​របស់​ប្រជាជន ហើយ​បណ្តេញ​ប្រជាជន​ប្រមាណ​ជា​៣ម៉ឺន​នាក់ ឲ្យ​ចេញ​ពី​តំបន់​ដែល​ត្រូវ​សាងសង់​ព្រែកជីក​នេះ។ បញ្ហា​មួយ​ទៀត ​ដែល​ចោទ​ធ្ងន់​ គឺ​ថា​ព្រែកជីក​នេះ ​នឹង​ធ្វើ​កាត់​តាម​បឹង Cocibolca ​ដែល​ជា​បឹង​ទឹកសាប​ ដ៏​ធំ​បំផុត​នៅ​តំបន់​អាមេរិក​កណ្តាល។ បើសិន​ជា​គេ​ធ្វើ​ព្រែកជីក​នេះ​មែន ​នោះ​វា​នឹង​នាំ​ទឹកប្រៃ​ពី​សមុទ្រ​ ចូល​ទៅ​ក្នុង​បឹង ​ធ្វើ​ឲ្យ​ត្រី​និង ជីវចំរុះ​ផ្សេង​ទៀត​ ស្លាប់​ផុត​ពូជ​អស់​មិន​ខាន។

យ៉ាងណា​ក៏​ដោយ ​រដ្ឋាភិបាល​នីការ៉ាហ្កា​ បាន​និយាយ​ការពារ​គម្រោង​នេះ​ថា វា​ជា​ការ​អភិវឌ្ឍន៍​ ដើម្បី​ស្រោចស្រង់​ប្រទេស​ ឲ្យ​រួច​ពី​ភាព​ក្រីក្រ។ ប៉ុន្តែ​ប្រជាជន​គ្មាន​ជំនឿចិត្ត​ទេ​ថា ព្រែកជីក​នេះ​នឹង​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ​ព្រោះ​ថា​ មើល​តែ​ប៉ាណាម៉ា​ ជា​គំរូ​ទៅ​ដឹង​ហើយ គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ​ តែ​ពួក​មន្ត្រី​ពុក​រលួយ ​និង​ក្រុមហ៊ុន​ឯកជន​គ្នាគេ​តែ​ប៉ុណ្ណោះ ឯ​ប្រជាជន​វិញ​ បាត់បង់​ដីស្រែ​ចំការ ​បរិស្ថាន​ធម្មជាតិ​ត្រូវ​បាន​បំផ្លាញ។ បាតុករ​ខ្លះ​មិន​ខ្លាច​នឹង​ស្រែក​ទេ​ថា ​គម្រោង​នេះ​ ហាក់​ដូច​ជា​ចិន​ មក​ដាក់​អាណានិគម​នៅ​ប៉ារ៉ាហ្កា​អញ្ចឹង ព្រោះ​រយៈពេល​សម្បទាន​ អាច​ឈាន​ដល់​ទៅ​៩០ឆ្នាំ​ឯនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ