អានតួអត្ថបទ
សហរដ្ឋអាមេរិក

ហេតុអ្វី​ប៉ូលិស​អាមេរិក​ចាត់ទុក​ការបាញ់សម្លាប់​​មនុស្ស​នៅ​សាំង ប៊ែណាឌីណូ​ជា​សកម្មភាព​ភេរវកម្ម?

បីថ្ងៃ​ក្រោយ​ការបាញ់រះ​សម្លាប់​មនុស្ស​នៅ​រដ្ឋកាលីហ្វនីញ៉ា ប៉ូលិស​ស៊ើបអង្កេត FBI​នៅថ្ងៃ​សុក្រ​ម្សិលមិញ បាន​ប្រកាស​ចាត់ទុក​សកម្មភាព​របស់​ប្តីប្រពន្ធ​ដើមកំណើត​ប៉ាគីស្ថាន ថា ជា​សកម្មភាព​ភេរវកម្ម។ ប្រធាន​FBI​នៅ​បាន​បញ្ជាក់ថា នៅ​មួយថ្ងៃ​មុន​បាញ់​សម្លាប់​ស្ត្រី​ឧក្រិដ្ឋជន ជាប្រពន្ធ​បាន​សរសេរ​នៅ​លើ​ទំព័រ​សង្គម​ហ្វេសប៊ុក ភ្ជាប់ខ្លួន​ទៅ​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម។ 

ឧក្រិដ្ឋជន​ធ្វើ​ភេរវកម្ម​សម្លាប់​មនុស្ស​នៅ​សាំង ប៊ែរណាឌីណូ syed farook (ប្តី) និង​ tashfeen malik (ប្រពន្ធ)
ឧក្រិដ្ឋជន​ធ្វើ​ភេរវកម្ម​សម្លាប់​មនុស្ស​នៅ​សាំង ប៊ែរណាឌីណូ syed farook (ប្តី) និង​ tashfeen malik (ប្រពន្ធ) (FBI, left, and California Department of Motor Vehicles via AP)
ផ្សាយពាណិជ្ជកម្ម

ក្នុង​ករណី​បាញ់​សម្លាប់​មនុស្ស​១៤​នាក់ កាលពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​សាន់ ប៊ែរណាឌីណូ ប៉ូលិស​មិនទាន់​ហ៊ាន​សន្និដ្ឋាន​ភ្លាម​ថា ជា​សកម្មភាព​ភេរវកម្ម ដោយសារ​តែ​ឧក្រិដ្ឋជន​ជា​ប្តីប្រពន្ធ គ្មាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​របស់​ប៉ូលិស ក្នុង​នាម​ជា​ជនសង្ស័យ ដែល​គ្រោះថ្នាក់ បង្ក​ភេរវកម្ម របស់​ប៉ូលិស។ ប៉ូលិស​បាន​ចំណាយ​ពេល​បីថ្ងៃ​ដើម្បី​ស៊ើបអង្កេត​ មុន​នឹង​អះអាង នៅថ្ងៃ​សុក្រ ចាត់ទុក​ជា​សកម្មភាព​ភេរវកម្ម។

 
នៅក្រោយ​ចូល​ទៅ​ឆែកឆេរ ក្នុង​ផ្ទះ​របស់​ជន​ដៃដល់ ប៉ូលិស​ភ្ញាក់ផ្អើល​មែនទែន ដែល​បាន​ឃើញ អាវុធ គ្រឿង​ផ្ទុះ​យ៉ាង​ច្រើន​សម្បើម ដែល​ប្តីប្រពន្ធ​ទាំងពីរ ទុកដាក់ នៅបន្ទប់​ចតឡាន។ ប្រធាន​ប៉ូលិស​សហព័ន្ធ​អាមេរិក លោក​David Bowdich ប្រចាំ​នៅ​Los Angeles ​បាន​និយាយ​ថា ប្តីប្រពន្ធ​ទាំងពីរ​បានប្រែក្លាយ​បន្ទប់​ដាក់ឡាន ទៅ​ជាឃ្លាំង​ស្តុក​អាវុធ​ដ៏​ធំមួយ។ ប្រជាជន​អាមេរិក​មាន​សិទ្ធិ​ស្របច្បាប់ ទិញ​អាវុធ សម្រាប់​ការពារ​ខ្លួន។ ប៉ុន្តែ​គឺ​ការមាន​អាវុធ​ច្រើន លើស​ធម្មតា ហើយ​និង​ការប៉ុនប៉ង​បំផ្លាញ​ទូរស័ព្ទ រួម​ទាំង​ឯកសារ កុំព្យូរទ័ររបស់​ឧក្រិដ្ឋជន ​ដែល​ធ្វើឲ្យ​​ប៉ូលិស​ហ៊ាន​សន្និដ្ឋាន​ថា ការបាញ់​សម្លាប់​មនុស្ស របស់​ប្តីប្រពន្ធ ​Syed Farook ​អាយុ ​២៨​ឆ្នាំ ​និង​Tashfeen Malik​ អាយុ​២៩​ឆ្នាំ គឺ​ជាសកម្ម​ភាព​ធ្វើ​ភេរវកម្ម គិត​ទុក​ជា​មុន។

ទីភ្នាក់ងារ​ព័ត៌មាន​អាម៉ាគ ដែល​គាំទ្រ​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី​បាន​បញ្ជាក់ នៅថ្ងៃ​សុក្រ​ម្សិលមិញ​ដែរថា ភេរវជន​ជា​ប្តីប្រពន្ធ​ជា​សមាជិក​របស់​ក្រុមខ្លួន។

ការសន្និដ្ឋាន របស់​ប៉ូលិស​ស​បញ្ជាក់​ឲ្យ​ឃើញថា នេះ​ជា​លើក​ទី​១ ដែល​ភេរវកម្ម​បង្ក​ឡើង​ដោយ​ក្រុម​មនុស្ស​ភ្ជាប់ខ្លួន​ទៅនឹង​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម កើតមាន នៅក្នុង​ទឹកដី​អាមេរិក។ អាមេរិក​ដែល​ធ្លាប់​តែ​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ភេរវកម្ម​ពី​ក្រុម​អាល់កៃដា។

ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ទើប​បាន​និយាយ​ថា គ្មានទេ ការគំរាមកំហែង​ធ្វើ​ភេរវកម្ម​ពីសំណាក់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ទឹកដីអាមេរិក។
នៅក្រោយ​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក នៅ​សេតវិមាន កាលពី​ថ្ងៃ ទី ២៤​វិច្ឆិកា កន្លងទៅ ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បាន​និយាយ​ថា អាមេរិក​មិន​កំពុង​ប្រឈម​នឹង​ការវាយ​ប្រហារ​ភេរវកម្ម ពី​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ក្នុង​ទឹកដី​អាមេរិក​នោះទេ។ ការប្រកាស​នេះ​ធ្វើឡើង​នៅក្រោយ​ទីក្រុង​ប៉ារីស​រងការវាយប្រហារ​ភេរវកម្ម របស់​ក្រុមជីហាត ដែល​បាន​សម្លាប់មនុស្ស​១៣០នាក់។

ប្រធាន​ប៉ូលិស​FBI វិញ​បាន​បន្ថែមថា គ្មាន​ទេ ភេរវកម្ម​ប្រភេទ​ភេរវកម្ម ទីក្រុង​ប៉ារីស ក្នុង​ទឹកដី​អាមេរិក។

ដោយសារតែ​ការត្រួតពិនិត្យ រឹតបន្តឹង​នៅ​ច្រក​ព្រំដែន អាមេរិក​ប្រហែល​ជា​គ្មាន​សមាជិក​របស់​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម​ចូល​ទៅ​ធ្វើ​ភេរវកម្ម​ក្នុង​ទឹកដី​អាមេរិកមែន ប៉ុន្តែ មិនមែន​មាន​ន័យ​ថា អាមេរិក​អាចជៀសផុត ពីការវាយប្រហារ​ភេរវកម្ម​របស់​ក្រុមជីហាត​នោះ​ដែរ។ ប៉ូលិស​FBI​ខ្លួនឯង កាលពីថ្ងៃ​ម្សិលមិញ បាន​ទទួល​ស្គាល់​ថា ភេរវជន​ទាំងពីរ​មិនមែន​ជា​សមាជិក​របស់​ក្រុមជីហាត​មែន ប៉ុន្តែ បាន​ស័្មគ្រចិត្ត ធ្វើ​សកម្មភាព​ភេរវកម្ម ដើម្បីបុព្វហេតុ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ជាក់ស្តែង នៅ​លើ​ទំព័រសង្គម​ហ្វេសប៊ុក របស់ខ្លួន ស្ត្រីជា​ប្រពន្ធ ដែល​បាញ់​សម្លាប់​មនុស្ស​ជាមួយ​ប្តី​របស់ខ្លួន ទើប​បាន​ប្រកាស​ភ្ជាប់ខ្លួន ទៅ​នឹង​ក្រុមជីហាត​នៃអង្គការ​រដ្ឋអ៊ីស្លាម នៅ​មួយ​ថ្ងៃមុន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​មនុស្ស​នៅ​មជ្ឈមណ្ឌល​ជនពិការ​នៅទីក្រុង​សាំង ប៊ែរណាឌីណូ ក្នុង​រដ្ឋកាលីហ្វនីញ៉ា។

តាម​ការសិក្សា​ស្រាវជ្រាវ​របស់​សកលវិទ្យាល័យ​George Washington​ទៅលើ​សកម្មភាព​ជ្រុលនិយម ចាប់តាំង​ពី​​ឆ្នាំ​២០១៤មនុស្ស ៧៩​នាក់ ក្នុង​នោះ មាន​៩​នាក់ ជា​ស្ត្រី ត្រូវ​បាន​តុលាការ​ជំនុំជម្រះ ក្នុង​បទ​គាំទ្រ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ក្នុង​ចំណោមនោះ មនុស្ស ៥៦នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ឆ្នាំ​២០១៥។

តើ​Tashfeen Malik ជា​អ្នកណា?
នៅ​ថ្ងៃ​សុក្រ ប៉ូលិស FBI​បាន​កែ​អាយុ​របស់​ស្រ្តី​ភេរវជន​ពី ២៧ ទៅ ២៩​ឆ្នាំ។ តាម​ប៉ូលិស Tashfeen Malik កើត​នៅ​ប៉ាគីស្ថាន ប៉ុន្តែ ធំដឹងក្តី​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។ ម៉ាលីក បាន​ចូល​មក​ក្នុង​ទឹកដី​អាមេរិក នៅ​ឆ្នាំ ២០១៤ តាមរយៈ​ទិដ្ឋាការ ជា​គូដណ្តឹង។ នាង​បាន​រៀបការ​ជាមួយ Syed Farook ​និង​ឆ្នាំ នោះ និង​ទើប​មាន​កូន​អាយុ ៦​ខែ​នៅ​ឆ្នាំនេះ។ តាម​ក្រុមគ្រួសារ​ខាងប្រុស ម៉ាលីក ស្ងៀមស្ងាត់ និង​ប្រកាន់​ខ្លួន​តាម​ទំនៀមទំលាប់​ជា​ស្រ្តី​អារ៉ាប់ មេផ្ទះ។ ប៉ុន្តែ អ្វី​ដែលធ្វើ​ឲ្យ​គេ​កត់សំគាល់ គឺ​នាង​ពាក់ស្បៃបាំង​មុខជាប់ជានិច្ច បដិសេធ​មិន​បើក​ឡាន និង​អង្គុយឡូកឡំ​ជាមួយ​មនុស្ស​ប្រុស​ផ្សេង​ទៀត។

តាម​អ្នកស្គាល់ Syed Farook ដែល​ជា​ប្តី បុរស​រូបនេះ គឺ​ស្លូត និង​ត្រឹមត្រូវ ហើយ​និង​មាន​ប្រាក់ខែ ជាង ៧ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ។ ប៉ុន្តែ​ Syed Farook បាន​ផ្លាស់ប្តូ ​ចាប់តាំង​ពី​ស្គាល់ និង​រៀបការ​ជាមួយ ម៉ាលីក។ អ្នកខ្លះ​នៅ​បាន​និយាយថា គឺ​ស្ត្រីជាប្រពន្ធ​ដែល​លើកទឹកចិត្ត​ឲ្យ​ប្តី​បាញ់សម្លាប់​មនុស្ស​នៅ ទីក្រុង សាន់ ប៊ែរណាឌីណូ។

តាម​អ្នកជំនាញ​ខ្លះ ក្រុម​អ៊ីស្លាម​ជ្រុលនិយម​កំពុង​ឆ្លៀត​ចូល​មក​បន្លំ ខ្លួន ចូល​មក​ក្នុង​ទឹកដី​អាមេរិក​ដោយ​ស្របច្បាប់ ដើម្បី​ទន្ទឹង​រង់ចាំ​ធ្វើ​ភេរវកម្ម ក្នុង​ទឹកដី​អាមេរិក។ នៅ​អាមេរិក ដោយសារ​តែ​ច្បាប់​ប្រឆាំង​ភេរវកម្ម​តឹងតែង គេ​អាច​ទប់ស្កាត់​គម្រោង​ធ្វើភេរវកម្ម​របស់​បណ្តាញ​អាល់កៃដា ឬ​របស់​ក្រុមជីហាត។ ប៉ុន្តែ អ្នកនាំពាក្យ​របស់​សេតវិមាន វិញ កាលពី​ថ្ងៃ​សុក្រថា បាន​ទទួល​ស្គាល់ថា គេ​មាន​ការលំបាក​ក្នុង​ការទប់ស្កាត់​សកម្មភាព​របស់​ចចក​ទោស ឬ​ក្រុម​ជ្រុលនិយម ដែល​ធ្វើ​ភេរវកម្ម គ្មាន​ការបញ្ជារ​ពី​ក្រុម​ភេរវនិយម​ណា​ទេ ប៉ុន្តែ ធ្វើ​ដោយ​ស្ម័គ្រ ដោយ​ខ្លួន​ឯង ដើម្បី​បុព្វហេតុ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម។ ដូច្នេះ បើ​ទោះ​ជា​ច្បាប់​ប្រឆាំង​ភេរវកម្ម​របស់​អាមេរិក​តឹងតែង គេ​នៅ​តែ​មិនអាច​ជឿជាក់​ និង​ច្បាស់​ថា អាមេរិក​អាច​ជៀសផុត ពី​ភេរវកម្ម​នោះទេ។ បន្ទាប់​ពី​អឺរ៉ុប ក្រុម​មាន​សមាន​ចិត្ត​គំាំទ្រ និង​ធ្វើ​ភេរវកម្ម ដើម្បី​បុព្វហេតុ​ក្រុមជីហាត អាច​ចាប់​មាន​មុខ​បន្ត នៅក្នុង​ទឹកដី​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ