អានតួអត្ថបទ
អ៊ីរ៉ាក់

កងទ័ព​អ៊ីរ៉ាក់​វាយលុក​ដណ្តើម​យក​ក្រុង​ទីគ្រីត​ ពី​ក្រុម​ជីហាត​ជ្រុលនិយម​

យោងតាម​​ទីប្រឹក្សា​​ការពារ​ជាតិ​របស់​នាយករដ្ឋមន្ត្រីម៉ាលិគី នៅ​អ៊ីរ៉ាក់ នៅថ្ងៃ​សៅរ៍នេះ ​​យន្តហោះ​​យោធា​អ៊ីរ៉ាក់​បាន​​បាញ់​ប្រហារ​​​​​​តាម​ផ្លូវអាកាស​​​ ​សំដៅ​លើ​ក្រុមជីហាត​ នៅទីក្រុង​​ទីគ្រីត ដើម្បី​ដណ្តើម​យក​​ទីក្រុង​ទីគ្រីត មកវិញ។ ​នៅ​ទីក្រុង​បាកដាត​វិញ ​យន្តហោះ​ដ្រូន​អាមេរិក​​ជាច្រើន​គ្រឿង​បាន​​ហោះហើរ​​​​ត្រួតពិនិត្យ​សន្តិសុខ​ ប្រឈម​នឹង​ក្រុមជីហាត ទោះ​ជា​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ ​​ធានា​ថា ​ក្រុង​បាកដាត​មាន​សុវត្ថិភាព​សន្តិសុខ​ក្តី។

វិហារ​ធំ​នៅ​ទីក្រុង​ទីគ្រីត​ នៅអ៊ីរ៉ាក់។ ក្រុង​ទីគ្រីត​ធ្លាក់​ក្នុងដៃ​ក្រុម​ជីហាត កាលពី​ថ្ងៃ​១១មិថុនា។
វិហារ​ធំ​នៅ​ទីក្រុង​ទីគ្រីត​ នៅអ៊ីរ៉ាក់។ ក្រុង​ទីគ្រីត​ធ្លាក់​ក្នុងដៃ​ក្រុម​ជីហាត កាលពី​ថ្ងៃ​១១មិថុនា។ AFP PHOTO/MAHMUD SALEH
ផ្សាយពាណិជ្ជកម្ម

គឺ​តាំង​តែ​ពី​ថ្ងៃ​សុក្រ​មកម្ល៉េះ ដែល​យោធា​​អ៊ីរ៉ាក់​បានប្រាប់​​​ពី​ការចាប់ផ្តើម​ប្រតិបត្តិការ នៅ​ក្រុង​ទីគ្រីត​ ដើម្បី​​​កំចាត់​ក្រុម​ជីហាត​ជ្រុល​និយម និកាយ​ស៊ុននីត ​ឈ្មោះ​ថា រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់ ​ដណ្តើម​​យក​ក្រុង​ទីគ្រីត​ពីក្រុម​ជីហាត​មកវិញ។ ក្រុង​ទីគ្រីត ជា​ក្រុង​របស់អតីត​មេដឹកនាំ​សាដាំ ហ៊ូសេន។ ក្រុង​នេះ ត្រូវបាន​ក្រុម​ជីហាត​វាយ​យកបាន​កាលពី​ថ្ងៃ​១១​មិថុនា។ ​​​អ៊ីរ៉ាក់​​ប្រាប់ថា ​កំពុង​​​ទំនាក់ទំនងគ្នា​​​​ជាមួយ​អាមេរិក​ ​ទប់​​ក្រុមជីហាត​មិនអោយ​វាយ​ទៅមុខ​បាន។

នៅ​ក្រុង​បាកដាតវិញ​​ យន្តហោះ​ដ្រូន​អាមេរិកជាច្រើន​គ្រឿង​ ប្រដាប់​ដោយ​មីស៊ីល​ ​​បាន​​​ហោះ​​ហើរ​ត្រួតពិនិត្យ​សន្តិសុខ ​ទោះជា​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ម៉ាលិគី ​​​ធានា​ថា ក្រុង​បាកដាត​​ស្ថិត​ក្រោម​សុវត្ថិភាព​សន្តិសុខ​ក៏​ដោយចុះ។ ​ ​យោងតាម​អ្នកការទូត​អាមេរិក​មួយរូប ​យន្តហោះដ្រូន​អាមេរិកទាំងនេះ ​​​​​​​នឹង​ការពារ​យោធា​ និង​​អ្នកការទូត​​អាមេរិក ករណី​មាន​ហេតុការណ៍​​​ណាមួយ​កើតឡើង។ 

ច្រើន​សប្តាហ៍​​មកនេះ ​អ៊ីរ៉ាក់​បាន​ទទូច​អោយ​អាមេរិក​វាយប្រហារ​តាម​ផ្លូវអាកាស ​កំចាត់​ក្រុម​ជីហាត តែ​អាមេរិក​បានត្រឹម​តែបញ្ជូន​ទីប្រឹក្សា​យោធា​៣០០នាក់ និង​ប្រកាស​គម្រោង​៥០០លាន​ដុល្លារប៉ុណ្ណោះ ដើម្បី​​ជួយ​អ៊ីរ៉ាក់ ជួយ​​បណ្តុះបណ្តាល​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ស៊ីរី​ក្បែរ​នោះ ​​អោយ​​ក្រុមឧទ្ទាម​ទាំងនោះ ជួយ​កងទ័ព​អ៊ីរ៉ាក់​ប្រយុទ្ធ​ក្រុម​ជីហាត។ ​

ប្រឈម​នឹង​ការគំរាម​របស់​ក្រុមជីហាត ​​​ប្រមុខ​សាសនា​និកាយ​ស្ហ៊ីអ៊ីត​ដ៏​មាន​ឥទ្ធិពល​នៅ​អ៊ីរ៉ាក់ គឺ​អាយ៉ាតូឡា អាល់ ស៊ិសស្តានី ​បាន​អំពាវនាវ​អោយ​មេដឹកនាំ​នានា ​ប្រជុំគ្នា​បង្កើត​រដ្ឋាភិបាល​ថ្មី រក​ដំណោះស្រាយ​វិបត្តិ។ មេដឹកនាំ​បរទេស​ជាច្រើន​រូប​ក៏​បាន​​លើកឡើងពី​សារៈសំខាន់​នៃ​​សកម្មភាព​យោធា និង​ដំណោះស្រាយ​នយោបាយ​​រវាង​សហគមន៍​និកាយ​ស៊ុននីត ស្ហ៊ីអ៊ីត និង​ជនជាតិ​​​​កៀកឌីស្ថាន​ផងដែរ។ ទីភ្នាក់ងារ​អន្តរជាតិ​នានា​ក៏​​ឆ្លៀតក្រើន​​​រំលឹក​ ពី​ផល​វិបាក​មនុស្សធម៌​​​​ កើតចេញ​ពី​ការប្រយុទ្ធ​រវាង​កងទ័ព​និង​ក្រុម​ជីហាត​ ដែល​បាន​ជំរុញ​អោយ​​ប្រជាជន​​​១លាន២សែន​នាក់​ ភៀសខ្លួន​ពី​លំនៅដ្ឋាន។ ​

នៅ​ថ្ងៃ​សៅរ៍​នេះ ​អនុ​រដ្ឋមន្ត្រី​​ការបរទេស​រុស្ស៊ី​​ ក្នុង​ទស្សនកិច្ច​នៅក្រុង​ដាម៉ាស ប្រទេស​ស៊ីរី ​បាន​​​ប្រកាស​ថា រុស្ស៊ី​​មិន​នៅ​អោបដៃ​​មើល ​​ការ​វាយលុក​​របស់​ក្រុម​ជីហាត​នៅអ៊ីរ៉ាក់​ទេ។ ​រុស្ស៊ី​លើកឡើង​ថា ​ដូចជា​នៅ​ស៊ីរី​ដែរ ​មានតែ​ការចរចា​ថ្នាក់​ជាតិអ៊ីរ៉ាក់​​ប៉ុណ្ណោះ ដែល​អាច​រក​​​ដំណោះស្រាយ​វិបត្តិ​នៅ​អ៊ីរ៉ាក់បាន៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ