អានតួអត្ថបទ
ភូមា

តារា​ភាពយន្ត​អាមេរិកំាង Angelina Jolie បាន​ចេញ​មុខ​ការពារ​ស្រី្ត​រងគ្រោះ​ផ្លូវភេទ​នៅ​ភូមា

នា​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ភូមា តារា​ភាពយន្ត​អាមេរិកំាង Angelina Jolie បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​សុក្រ ទី៣១ កក្កដា​ឲ្យ​រដ្ឋាភិបាល​ភូមា​ចាត់​វិធានការ​ចាប់​ជនដៃដល់​ដែល​ប្រព្រឹត្តិ​អំពើ​ហិង្សា​ផ្លូវភេរ​លើ​ស្រ្តី​ទៅ​កាត់ទោស​តាម​ច្បាប់។ ការ​អំពាវនាវ​របស់​លោកស្រី Jolie របៀប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី​បាន​ទទួល​ជួប​សន្ទនា​ផ្ទាល់​ជាមួយ​ក្រុមស្រ្តី​រងគ្រោះ​ផ្លូវភេទ​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន។ ទន្ទឹម​គ្នា​នេះ លោកស្រី Jolie ក៏​បាន​សម្តែង​ការ​តក់ស្លុត​ចំពោះ​ស្ថានភាព​រស់នៅ​ដ៏​លំបាកលំបិន​របស់​ក្រុមជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែរ។

លោកស្រី Angelina Jolie ក្នុង​ប្រទេស​ភូមា ០១ សីហា ២០១៥
លោកស្រី Angelina Jolie ក្នុង​ប្រទេស​ភូមា ០១ សីហា ២០១៥ Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សេចក្តីជូនដំណឹង​មួយ​ផ្សព្វផ្សាយ​ដោយ​ស្ថានទូត​អង់គ្លេស​ប្រចំា​ប្រទេស​ភូមា​ដែល​លោកស្រី Angelina Jolie បាន​រៀបរាប់​ពី​ទុក្ខលំបាកវេទនា​របស់​ស្រ្តី និង​ក្មេងស្រី​ភូមា​ដែល​កំពុង​រស់នៅ​ដោយ​ប្រឈម​នឹង​អំពើហិង្សា​ផ្លូវភេទ និង​ទង្វើ​រំលោភសិទ្ធិមនុស្ស​ផ្សេង​ទៀត។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​លោកស្រី Jolie បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ភូមា​ចាត់​វិធានការ​វែក​មុខ​រក​ជនដៃដល់​ប្រព្រឹត្តិ​អំពើហិង្សា​ផ្លូវភេទ​ទៅ​កាត់​ទោស​តាម​ច្បាប់។

គួរ​ជម្រាប​ជូន​ថា ក្រៅ​ពី​ជា​តារា​ភាពយន្ត​អាមេរិកំាង​ម្នាក់​ដ៏​ល្បីល្បាញ លោកស្រី Angelina Jolie ក៏​ជា​ប្រេសិតពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ដែរ ហើយ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា​របស់​លោកស្រី​ពេល​នេះ​បាន​ធ្វើ​ឡើង តាម​ការ​អញ្ជើញ​របស់​លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្សប្រឆំាង​នៅ​ភូមា និង​ក៏​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព។

នៅ​ថ្ងៃ​ទី១ នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​ថ្ងៃ​ពុធ ទី២៩ កក្កដា លោកស្រី Jolie បាន​ចូល​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ភូមា​ថេន សេន មុន​នឹង​ទៅ​ទស្សនកិច្ច​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ដែល​ជា​តំបន់​គ្របដណ្តប់​ដោយ​សង្រ្គាម​ស៊ីវិល​តំាង​ពី​ឆ្នំា ២០១១ ដោយ​បាន​បណ្តាល​ឲ្យ​មាន​ជនភៀស​ខ្លួន​ជាង ១០០ ០០០នាក់។ លោកស្រី Jolie បាន​កត់សម្គាល់​ឃើញ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ពិត​ជា​បាន​បំពេញ​ការងារ​គួរ​ឲ្យ​កោតសរសើរ តែ​កង្វះ​ខាត​នៅ​មាន​ច្រើន​សន្ធឹកសន្ធាប់ ពិសេស​តម្រូវការ​ជា​បន្ទាន់​ផ្នែក​សុខាភិបាល ការ​គំាទ្រ​ផ្លូវច្បាប់ និង​ផ្លូវចិត្តសាស្រ្ត។

ទន្ទឹម​គ្នា​នេះ លោកស្រី Joilie មិន​ភ្លេច​និយាយ​ទេ​ពី​ស្ថានភាព​លំបាក់លំបិន​របស់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែល​បាន និង​កំពុង​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លំាង។ កន្លង​ទៅ ពោល​នៅ​ពេល​លោកស្រី Jolie បាន​ទៅ​ទស្សនកិច្ច​នៅ​ជំរំ​ជនភៀសខ្លួន​ស្ថិត​តាម​បណ្តាយ​ប្រទេស​ថៃ និង​ភូមា លោកស្រី Jolie ធ្លាប់​បាន​រិះគន់​រដ្ឋាភិបាល​ថៃ​ចំ​មុខ​ពី​បទ​មិន​បាន​ជួយ​យក​អាសារ​ពួក​រ៉ូហ៊ីងយ៉ា​ឲ្យ​អស់​ពី​សមត្ថភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ