អានតួអត្ថបទ
កូរ៉េខាងជើង

ក្រសួង​ការបរទេស​អាមេរិក​ថា កូរ៉េ​​ខាងជើង​ មិនបាន​ផ្តល់​សញ្ញា ​ថា​ចង់​ចរចា​ឡើយ​

នៅ​ទីក្រុង​ប៉េកាំង ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ​លោក ​រិច ធីឡឺសុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ បាន​ទំលាយ​ឲ្យ​ដឹង​ថា ​អាមេរិក ​ មាន​បណ្តាញ​ទំនាក់ទំនង​ដោយ​ផ្ទាល់ ​ជាមួយ​នឹង​កូរ៉េ​ខាងជើង ​ដើម្បី​ឈាន​ទៅ​បើក​ផ្លូវ​ចរចា។ ប៉ុន្តែ​ក្នុង​ថ្ងៃ​ដដែល​នោះ ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក ​បាន​ថ្លែង​បញ្ជាក់​ថា ​រហូត​មក​ទល់​ពេល​នេះ ​ភាគី​កូរ៉េ​ខាង​ជើង​ មិន​ទាន់​បាន​បង្ហាញ​សញ្ញា ​វិជ្ជមាន​ ថា​ខ្លួន​ចង់​ចរចា​ឡើយ។

ពិធីដង្ហែរក្បួនយោធាបង្អួតមីស៊ីល នៅព្យុងយ៉ាង ថ្ងៃទី ១៤ មេសា ២០១៧
ពិធីដង្ហែរក្បួនយោធាបង្អួតមីស៊ីល នៅព្យុងយ៉ាង ថ្ងៃទី ១៤ មេសា ២០១៧ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

លោក ​រិច ធីឡឺសុន ​បាន​និយាយ ​ឲ្យ​ដឹង​ថា ​ អាមេរិក​មាន​បណ្តាញ​ទាក់ទង​ជាមួយ​កូរ៉េ​ខាងជើង ​ដោយ​ផ្ទាល់​ ប្រមាណ​ជា​២ ​ទៅ​ ៣​បណ្តាញ ​ បើ​ទោះ​បី​ជា​គ្មាន​ទូត​ជាមួយ​គ្នា​ក៏​ដោយ។ តាម​ប្រសាសន៍​លោក​ ធីឡឺសុន ​ បណ្តាញ​សំងាត់​អាមេរិក ​នេះ​កំពុង​តែ​ស្ទាបស្ទង់​​ទឹកចិត្ត​របស់​ភាគី​កូរ៉េ​ខាងជើង ​ចង់​ដឹង​ថា ​កូរ៉េ​ខាង​ជើង ​ចង់​ចរចា​ឬ​មិន​ចរចា។

ប៉ុន្តែ​ស្រាប់តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ លោក ​Heather Nauert ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ បាន​បញ្ជាក់​ថា ​រហូត​មក​ទល់​ពេល​នេះ ​ការ​ស្ទាបស្ទង់​ទឹកចិត្ត​កូរ៉េ​ខាង​ជើង​នោះ ​ មិន​ទាន់​បាន​ជា​លទ្ធផល​អ្វី​ទាំង​អស់ ​ព្រោះថា ​ភាគី​កូរ៉េ​ខាង​ជើង​ មិន​បាន​ផ្តល់​សញ្ញា​វិជ្ជា​មាន​ណាមួយ​ ថា​ខ្លួន​ចង់​បើក​ច្រក​ចរចា​ទេ។

អ្នក​នាំពាក្យ​រូប​នេះ ​បន្ថែម​ថា ​បណ្តាញ​អាមេរិក​ បាន​ទាក់ទង​ជាមួយ​មន្ត្រី​យោធា​កូរ៉េ​ខាងជើង ​ដើម្បី​ចង់​ដឹង​ពី​ចេតនា ​ក្នុង​ការ​ចរចា ​ គ្រប់គ្រង​កម្មវិធី​នុយ​ក្លេអ៊ែរ​ ក៏​ប៉ុន្តែ​មន្ត្រី​យោធា​កូរ៉េ​ខាង​ជើង​ មិន​បាន​ឆ្លើយ​តប​អ្វី​ទាំង​អស់។ ក្រៅពី​បណ្តាញ​ទាក់ទង​ជាមួយ​យោធា ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ ក៏​បាន​បញ្ជាក់​ថា ​អាមេរិក​នៅមាន​បណ្តាញ​ទាក់ទង ​ដោយផ្ទាល់ ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់ ​ក្នុង​បក្ស​កុម្មនីស្តិ​របស់​កូរ៉េ​ខាងជើង​ផងដែរ។

គួរកត់​សម្គាល់​ថា ​ស្ថិត​ក្នុង​បរិយាកាស​ដ៏​តានតឹង​ ដែល​អាច​មាន​សង្រ្គាម​ផ្ទុះ​ពិតមែន​នេះ ​សហគម​អន្តរ​ជាតិ ​ជា​ពិសេស​ចិន​ និង​រុស្ស៊ី ​បាន​អំពាវនាវ ​ឲ្យ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​បញ្ឈប់​ការ​និយាយ​គំរាម​កំញើញ ​ថា​កំទេច​កូរ៉េ​ខាង​ជើង​ទៀត។ ចិន​ និង​រុស្ស៊ី ​បាន​ស្នើ​ថា ​វិធី​តែមួយ​គត់ ​ដើម្បី​អូសទាញ​គីម ​ ជុងអ៊ុន ​ឲ្យ​ចូល​តុ​ចរចា ​ហើយ​ឈាន​ទៅ​ផ្អាក​ ការ​បាញ់​សាក​ល្បង​មីស៊ីល ​និង​គ្រាប់​នុយក្លេអ៊ែរ​នោះ ​ គឺ​អាមេរិក​ ត្រូវ​តែ​ឈប់​គំរាម​កូរ៉េ​ខាងជើង​ តាម​រយៈ​សមយុទ្ធ​យោធា ​ដែល​ខ្លួន​ធ្វើ​ជា​មួយ​កូរ៉េ​ខាងត្បូង ​តទៅ​ទៀត។

ប៉ុន្តែ ​សេតវិមាន​អាមេរិក​ ប្រកែក​មិន​ទទួល​យក​គំនិត​នេះ​ទេ ​ហើយ​នៅ​តែ​ចាត់​ទុក​ថា ​ការ​ប្រើ​កំលាំង​វាយលើ​កូរ៉េ​ខាងជើង ​នៅតែ​ជា​ជំរើស​មួយ ​ដែល​គេ​អាច​ប្រើ​ជានិច្ច។ តែ​យ៉ាងណា ​ មន្ត្រី​ធំៗ​ខ្លះ ​ក្នុង​រដ្ឋាភិបាល​អាមេរិក​ ក៏ដូច​ជា​ក្នុង​បក្ស​សាធារណៈរដ្ឋ​ ជឿថា ​ជំរើស​ប្រើ​កំលាំង ​គឺ​ជា​ជំរើស​ដ៏​គ្រោះថ្នាក់​បំផុត។ ​បើសម្រេច​ប្រើ​កំលាំង ​អាមេរិក​ត្រូវតែ​ទទួល​ខុសត្រូវ​ លើ​អាយុ​ជីវិត​របស់​ប្រជាជន​កូរ៉េ​ខាង​ត្បូង ​ដែល​នៅក្បែរ​ចុង​កាណុង ​របស់​កូរ៉េ​ខាង​ជើង​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ